កងទ័ព​អាមេរិក-​កម្ពុជា​ប្ដេជ្ញា​រក្សា​សន្តិសុខ​និង​ទប់ស្កាត់​ភេរវកម្ម​នៅ​លំហ​សមុទ្រ

កងទ័ព​ជើងទឹក​នៃ​នាវា​ពិឃាដ​សហរដ្ឋអាមេរិក និង​កងទ័ព​ជើងទឹក​កម្ពុជា ប្តេជ្ញា​ពង្រឹង​កិច្ច​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ និង​ទប់ស្កាត់​ភេរវកម្ម​នៅ​លើ​លំហ​សមុទ្រ ទាំង​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា និង​នៅ​លើ​សមុទ្រ​អន្តរជាតិ​ឲ្យ​បាន​ប្រសើរ។

​ការ​ប្ដេជ្ញា​រវាង​កងទ័ព​ជើង​ទឹក​ទាំង​ពីរ​ប្រទេស ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​លើក​ទី​៦ ស្ដី​អំពី​ការ​ហ្វឹកហ្វឺន និង​ការ​សហប្រតិបត្តិការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក ឬ​ហៅ​ថា ការ៉ាត់ (Carat) នា​មូលដ្ឋាន​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

នៅ​ក្នុង​ពិធី​នោះ លោក​ឧត្ដមនាវីទោ ឆាលី វីល្លៀម (Charlie Williams) មេបញ្ជាការ​នៃ​ក្រុម​ការងារ​ពិសេស​លេខ ៧៣ នាវា​ចម្បាំង​ឈ្មោះ យូ.អេស.អេស ហ្វត វ័ស (USS Fort Worth) ឬ​ហៅ អិល.ស៊ី.អេស ស៊្រី (Lcs3) មាន​ប្រសាសន៍​ថា ការ​ធ្វើ​លំហាត់​សមយុទ្ធ​ការ៉ាត់​រវាង​កង​ទ័ពជើង​ទឹក​កម្ពុជា និង​អាមេរិក ឆ្នាំ​២០១៥ នេះ គឺ​បាន​ធ្វើ​ឡើង​ចំនួន ៦​ឆ្នាំ​ជាប់ៗ។

​លោក​បន្ត​ថា តាម​រយៈ​ការ​ធ្វើ​លំហាត់​សមយុទ្ធ​នេះ ធ្វើ​ឲ្យ​កងទ័ពជើងទឹក​ទាំង​ពីរ​ប្រទេស បាន​ជួយ​ឲ្យ​មាន​ភាព​ជឿនលឿន​នូវ​បទពិសោធន៍​ការងារ​សង្គ្រោះ និង​ឆែកឆេរ​នៅ​លើ​លំហ​សមុទ្រ។ លោក​ឧត្ដមនាវីទោ ឆាលី វីល្លៀម បន្ត​ថា នាវា​កងទ័ពជើងទឹក​អាមេរិក ដែល​ចូល​រួម​ក្នុង​សមយុទ្ធ​ការ៉ាត់ កម្ពុជា​ឆ្នាំ​២០១៥ នេះ មាន​មាន​រយៈពេល ៥​ថ្ងៃ នៅ​លើ​ផ្ទៃ​សមុទ្រ​កម្ពុជា នា​មូលដ្ឋាន​សមុទ្រ​រាម។

លោក​បន្ត​ថា លំហាត់​សមយុទ្ធ​នេះ​មាន​កងទ័ព​ជំនាញ​ពី​ក្រុម​នានា​ពិឃាដ ឈ្មោះ ឌីសស្ត្រយយ័រ៍ ស្ខ្វតដ្រុន (Destroyer Squadron) ឬ​ហៅ​ថា ឌីស្រន់ (Desron) ចូល​រួម​ហ្វឹកហាត់។ មធ្យោបាយ​ហ្វឹកហាត់​ទាំង​នោះ មាន​ប្រើ​ឧទ្ធម្ភាគចក្រ​ទូក​ល្បាត​តូចៗ ព្រម​ទាំង​នាវា​ល្បាត​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​ដោយ​ធ្វើ​ការ​រុករក​សង្គ្រោះ​ពេល​មាន​គ្រោះ និង​មាន​ហាត់​បាញ់​កាំភ្លើង​គ្រាប់​ពិត​នៅ​លើ​នាវា ក្នុង​លំហ​សមុទ្រ​ថែម​ទៀត។

​នា​ឱកាស​នោះ​ដែរ លោក​ឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម មាន​ប្រសាសន៍​ថា ការ​បើក​លំហាត់​សមុទ្រ​ការ៉ាត់​កម្ពុជា លើក​ទី​៦ នេះ គឺ​ធ្វើ​ឡើង​ស្រព​ពេល​ពិភពលោក​ទាំង​មូល​កំពុង​រង​នូវ​ការ​គំរាម​កំហែង​នៃ​អំពើ​ភេរវកម្ម សង្គ្រាម​ប្រកាន់​ពូជ​សាសន៍ សាសនា​នៅ​អឺរ៉ុប និង​នៅ​មជ្ឈិម​បូព៌ា​ជាដើម។

​ទន្ទឹម​គ្នា​នេះ ងាក​ទៅលើ​លំហ​សមុទ្រ​វិញ​ទាំង​ក្នុង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ និង​លំហ​សមុទ្រ​អន្តរជាតិ ក៏​កំពុង​ប្រឈម​ការ​គំរាមកំហែង និង​ហានិភ័យ​មួយ​ចំនួន​មាន​ដូចជា ការ​ចាប់​ជំរិត ប្លន់​ប្រដាប់​អាវុធ ចោរ​សមុទ្រ និង​គ្រោះថ្នាក់​នាវា​ដោយ​គ្រោះ​ធម្មជាតិ​ជាដើម។

លោក​បន្ត​ថា តាម​រយៈ​សមយុទ្ធ​ការ៉ាត់ រវាង​កងទ័ព​ជើងទឹក​កម្ពុជា និង​អាមេរិក ពេល​នេះ អាច​ពង្រឹង​សមត្ថភាព​ដល់​កងទ័ព​កម្ពុជា ឲ្យ​មាន​ជំនាញ​ត្រួត​ពិនិត្យ ឆែកឆេរ រុករក​ជួយ​សង្គ្រោះ ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ឬ​ជំនួយ​មនុស្ស​ធម៌​នានា ដើម្បី​ធានា​សន្តិសុខ​នៅ​លើ​ផ្ទៃ​សមុទ្រ​ឲ្យ​មាន​ស្ថិរភាព ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ទាំង​មូល៖ «ហ្វឹកហ្វឺន​ការ៉ាត់​រួម​គ្នា​រវាង​កងទ័ព​ជើងទឹក​កម្ពុជា និង​អាមេរិក ពេល​នេះ គឺ​បាន​បង្កើន​នូវ​សមត្ថភាព និង​ការ​យល់​ដឹង​ចំពោះ​សកម្មភាព​ការពារ​នៅ​លើ​ផ្ទៃ​សមុទ្រ។ សមយុទ្ធ​នេះ ក៏​ជា​ការ​ចែក​រំលែក​បទពិសោធន៍​នៅ​លើ​លំហ​សមុទ្រ​ឲ្យ​កងទ័ព​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក​ដែរ»

​លោក អ៊ុក សីហា សង្កត់​ធ្ងន់​ថា តាម​រយៈ​ការ​ធ្វើ​លំហាត់​សមុទ្រ​ការ៉ាត់​ជា​បន្តបន្ទាប់​មក​នេះ បាន​ជួយ​ពង្រឹង​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​សហរដ្ឋអាមេរិក ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ថែម​ទៀត។

លំហាត់​សមយុទ្ធ​ការ៉ាត់ រវាង​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក និង​កងទ័ពជើងទឹក​កម្ពុជា សម្រាប់​ឆ្នាំ​២០១៥ នា​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។