ជំងឺ​ផ្ដាសាយ​បក្សី​​​ផ្ទុះ​ឡើង​វិញ​នៅ​ខេត្ត​បាត់ដំបង​និង​ខេត្ត​សៀមរាប

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សុវ៉ាន ឲ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​បក្សី H5N1 កំពុង​ផ្ទុះ​ឡើង​វិញ នៅ​លើ​សត្វ​ទា នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប។

លោក​វេជ្ជបណ្ឌិត​អះអាង​ថា អ្នក​ជំនាញ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​មនុស្ស​៥​នាក់ ដែល​គេ​សង្ស័យ​ថា អាច​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នោះ ជា​លទ្ធផល​បញ្ជាក់​ថា អ្នក​ទាំងនោះ​មិន​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ឡើយ។

ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ អ្នក​ជំនាញ​ផ្នែក​សុខភាព ស្នើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ក្នុង​ការ​ទទួលទាន​អាហារ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​អាច​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី។

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ ស្ដីពី​ការ​បង្ការ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដែល​បណ្ដាល​មក​ពី​មេរោគ​ វីរុស (Virus) ដូចជា​គ្រុន​ផ្ដាសាយ ជំងឺ​រលាក​បំពង់​ក ដោយ​មេរោគ​ស្ត្រិបតូកូក (Streptococcus) និង​ជំងឺ​រលាក​ក្រពះ​ពោះវៀន ដោយ​វីរុស។

ស្ថាប័ន​ទាំង​ពីរ ណែនាំ​ឲ្យ​អនុវត្ត​វិធានការ​បង្ការ​សាមញ្ញ​មួយ​ចំនួន ដូចជា ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សាធារណៈ បើ​មាន​រោគ​សញ្ញា​ពិបាក​ដក​ដង្ហើម គ្រុន​ក្ដៅ ក្អក ឈឺ​ក និង​ឈឺ​សាច់​ដុំ ផ្អាក​ធ្វើ​ដំណើរ​ពេល​មាន​ផ្ដាសាយ ខ្ទប់​មាត់​នឹង​ក្រណាត់ ឬ​គន្លាក់​ដៃ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​មិន​ត្រូវ​ប្រើ​បាត​ដៃ​ទេ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ឲ្យ​បាន​ញឹកញាប់ ចៀសវាង​ការ​ប៉ះ​ភ្នែក មាត់ និង​ច្រមុះ និង​ប៉ះ​អ្នក​ជំងឺ កុំ​ទទួល​ទាន​សត្វ​ឈឺ​ងាប់ និង​ចម្អិន​សាច់ និង​ស៊ុត​ឲ្យ​បាន​ឆ្អិន​ល្អ​ពេល​ធ្វើ​ម្ហូប។

លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​បន្ថែម ករណី​មាន​ជំងឺ​អ្វី​ចម្លែក ឬ​ចង់​បាន​ព័ត៌មាន៖ ០១២ ៤៨៨ ៩៨១ និង ០៨៩ ៦៦៩ ៥៦៧។

រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។