ក្រុមជប៉ុន ចង់ផ្តួលកម្ពុជា ជាមួយលទ្ធផលដ៏ល្អបំផុត នាជំនួបយប់នេះ

ក្រុមជម្រើស​ជាតិ​ជប៉ុន បាន​កំណត់​គោល​ដៅយ៉ាង​ច្បាស់​ថា នឹង​ត្រូវ​យក​ឈ្នះ​លើ​ក្រុម​​ធំ​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​លទ្ធ​ផល​ដ៏​ល្អ​បំផុត សម្រាប់​ការ​​ជួប​គ្នា​ក្នុង​​វគ្គ​​ជម្រុះ​ជុំ​ទី​២​ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី នៅ​ពហហុកីឡដ្ឋាន​ជាតិ នា​យប់​ម៉ោង ៧:១៤ ថ្ងៃ​អង្គារ​នេះ។

ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​អាស៊ី ជប៉ុន ធ្លាប់​បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា ៣-០ ម្តង​ហើយ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១ នៅ​លើ​ទឹក​ដី​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៣ ខែកញ្ញា ប៉ុន្តែ​ លោក Vahid Halihodzic គ្រូ​បង្វឹក​ជម្រើស​ជាតិ​ជប៉ុន ហាក់​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​លទ្ធ​ផល​នៃ​ការ​​ប្រកួត​នោះ​ទេ។
1
លោក Vahid Halihodzic បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត ដែល​បាន​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃច​ន្ទ​ម្សិល​មិញ​ថា៖​«​នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ជប៉ុន ប្រចាំ​ឆ្នាំ​នេះ ហេតុ​នេះ​យើង​ត្រូវ​តែ​​បញ្ចប់​ជាមួយ​លទ្ធ​ផល​ដ៏​ល្អ​បំផុត។ ​យើង​​នឹងដាក់​​​កីឡាករ​ថ្មីៗ​មួយ​ចំនួន​ឲ្យ​ចូល​លេង ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ការ​ជឿ​ជាក់​ថា ពួក​គេ​នឹង​ធ្វើ​បាន​យ៉ាង​ល្អ»។

លោក Vahid Halihodzic បាន​បន្ត​ថា៖​«​​បើ​សិន​ជា​លេង​នៅ​លើ​ទី​លាន​មាន​ស្មៅ​ធម្មជាតិ វា​ល្អ​ប្រសើរ​ជាង​លេង​នៅ​លើ​ទី​លាន​សិប្បនិមិត្ម ប៉ុន្តែ​អ្វី​ៗ​មិន​អាច​ផ្លាស់​ប្តូរបាន​​នោះ​ទេ ហេតុ​នេះ​យើង​​ត្រូវ​ធ្វើ​ឲ្យ​ស៊ាំ​ទៅ​នឹង​ទី​លាន​សិប្បនិមិត្ម​នេះ និង​​ត្រូវ​លេង​ឲ្យ​បាន​លឿន​បំផុត។ យើង​បាន​ដឹង​ពី​ប្រព័ន្ធ​លេង​របស់​កម្ពុជា គឺ​ពួក​គេ នឹង​លេង​ការ​ពារ​ដូច​លើក​មុន​ដែរ ប៉ុន្តែ​កម្ពុជា ក៏​មាន​កីឡាករ​មាន​ល្បឿន​លឿន​សម្រាប់​វាយ​បក​យើង​នៅ​ពេល​ពេល​គេ​ទទួល​បាន​បាល់​ផង​ដែរ ហេតុ​នេះ​យើង​ក៏​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ចំណុច​នេះ​ផង​ដែរ»។
2
លោក​បាន​បញ្ជាក់​ថា៖​«​​យើង​​មាន​ពេល​ហ្វឹក​ហាត់​មិន​​ច្រើន​ទេ ព្រោះ​យើង​ទើប​តែ​បញ្ចប់​ការ​ប្រកួតជាមួយ​សិង្ហ​បុរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​បញ្ចប់​ជាមួយ​លទ្ធ​ផល​ដ៏​ល្អ​មួយ ព្រោះ​លទ្ធ​ផល​នៃ​ការ​ប្រកួត ដែល​យើង​ទទួល​បាន​កន្លង​មក មិន​ទាន់​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​យើង​នោះ​ទេ»។

​​ការ​យក​ឈ្នះ​លើ​ក្រុមសិង្ហ​បុរី ៣-០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​ឲ្យ​ក្រុម​ជប៉ុន នៅ​ពេល​នេះ​កំពុង​ឈរ​​នៅ​លេខ​រៀង​ទី​១​ប្រចាំពូល​E ដោយ​មាន​១៣​ពិន្ទុ ជាមួយ​ការ​ឈ្នះ​៤ និង​ស្មើ​ក្រុម​សិង្ហបុរី សម្រាប់​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​កន្លង​មក ខណៈ​ក្រុម​កម្ពុជា បាន​ឈរ​នៅ​បាត​តារាង​ជាមួយ​ការ​ចាញ់​ទាំង​៦​ប្រកួត​តែ​ម្តង។
3
ចំណែក​លោក Lee Tae Hoon ចំណែក លោក Lee Tae Hoon គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ថ្លែង​ថា៖​«ការជួប​ក្រុម​ជប៉ុន​លើក​នេះ វា​លំបាក​ជាង​ពេល​យើង​ទៅ​ជួប​ក្រុម​ជប៉ុនទៅ​ទៀត ព្រោះ​ជប៉ុន​គឺ​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​​ខ្ញុំ និង​កូន​ក្រុម​របស់​ខ្ញុំ​ទាំង​អស់ បានប្តេជ្ញា​ចិត្ត​ហើយ​ថា នឹង​ត្រូវ​ខំ​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​សមត្ថ​ភាព»។
4
លោក​បាន​បញ្ជាក់​ថា៖​« យើង​នឹង​លេង​បែប​ទប់ ដូច​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​ជប៉ុន​មែន ព្រោះ​កម្រិត​លេង​​របស់​ក្រុម​ជប៉ុន ​វា​ខ្ពស់ដាច់​​ឆ្ងាយពី​យើង ប៉ុន្តែ​ យើងនឹង​វាយ​បក​ឲ្យ​បាន​លឿន​ផង​ដែរ នៅ​ពេល​យើង​ទទួល​បាន​បាល់​ម្តងៗ ហើយ​​ខ្ញុំ​ជឿ​ជាក់​ថា​ កូន​ក្រុម​របស់​ខ្ញុំ និង​លេងដោយ​មិន​មាន​ការ​ភ័យ​ខ្លាច គឺ​​​ដោយ​ឆន្ទៈ​ដើម្បី​ទទួល​បាន​បទពិសោធ​​ល្អៗពី​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​នេះ ព្រោះ​​ក្រុម​ជប៉ុន មាន​កីឡាករ​ល្បីៗ​ជា​ច្រើន ដែល​មាន​ទាំង​កាយ​សម្បទា​ល្អ ទេព​កោសល្យ​នៃ​ការ​ប្រកួត និង​ល្បិច​កល​នៃ​ការ​ប្រកួត»។
5
កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នោះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ត្រូវ​បាន​ម្ចាស់​ផ្សារ​ទំនើប AEON Mall រៀបចំ​ពិធី​ស្វាគមន៍​ដ៏​កម្រ​មួយ ដើម្បី​ឲ្យ​ក្រុម​តំណាង​ឲ្យ​កម្ពុជាទាំង​នេះ បាន​ជួប​នូវ​អ្នក​គាំ​ទ្រ​របស់​ខ្លួន ហើយ​នៅ​ក្នុង​ឱកាស​នោះ តារាង​ដ៏​មាន​ប្រជា​ប្រិយ​របស់​កម្ពុជា មួយ​ចំនួន​ក៏​ទទួល​បាន​​ការ​ចោម​រោម​ថត​រូប​​ពី​អ្នក​គាំ​​ទ្រ​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​បង្ហាញ​ពី​បច្ចេក​ទេស​នៃ​ការ​ត្រិះ​បាល់៕