នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ លោក ប៉ែន វណ្ណា​រិ​ទ្ធ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​អំពាវនាវ​ដល់​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន​អគ្គនាយក​រដ្ឋបាល​ជល​ផល​ឲ្យ​ចាត់វិធានការ​លើ​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ធំ ជាបន្ទាន់​។ ដោយហេតុថា​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ឆ្នុក ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​។

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ពេលយប់​ចាប់ពី​ចំណុច​ភូមិ​ផ្សោត ឃុំ​ផាត់​សណ្តាយ និង​នៅ​ចំណុច​ភូមិសាស្ត្រ​តំបន់​ភូមិ​បាឡត ភូមិ​ពៅ​វើ​យ ភូមិ​បាក់​ដាវ និង​ភូមិ​ពាម​បាង ស្រុក​ស្ទោង មាន​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ឆ្នុក​ខុសច្បាប់​ភ្លើង​ភ្លឺ​ព្រោងព្រៀត​។ ការដែល​ជនជាតិ​យួន​អាច​ប្រើ​ឧបករណ៍​ឆ្នុ​ង​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល និង​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ បើ​មិន​ដូច្នេះ​ទេ​ជនជាតិ​យួន​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ហើយ​។

​ប្រភពពី​ប្រជា​សហគមន៍​នេសាទ បាន​ឲ្យ​ដឹងថា​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ជនជាតិ​យួន​ដក់​ឆ្នុក ប្រមាណ​១០០០​ឆ្នុក ហើយ​ក្នុង​ឆ្នុក​និ​មួយៗ​អាច​ចាប់​ត្រី​បាន​ពី​៣០០​ទៅ​៥០០​គីឡូក្រាម ឬ​ច្រើនជាង​នេះ​។ ឈ្មួញ​ដែល​ចូលមក​ប្រមូល​ទិញ​ត្រី​ក្នុង​តំបន់​ខាងលើ​ពី​ជនល្មើស ប្រើ​ឧបករណ៍​ឆ្នុក​ចាប់​អំពូល​ភ្លើង​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ហើយ​ត្រី​ទាំង​ធំ​ទាំង​តូច​ត្រូវ​បំផ្លាញ​ស្ទើរ​ផុត​ពូជ​អស់​ទៅហើយ​។ ក្នុង​មួយថ្ងៃៗ​ឈ្មួញ​អាច​ប្រមូល​ទិញ​ត្រី​ពី​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ពី​១០០​ទៅ​១៥០​តោន ហើយ​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​អ្នកទទួល​ផលប្រយោជន៍​ធំជាងគេ​ចំពោះ​បទល្មើស​នេសាទ​នៅក្នុង​តំបន់​ខាងលើ​៕

7812_3 7812_4 7812