អគ្គលេខាធិការ អ​.​ស​.​ប នឹង​ទៅ​កូរ៉េ​ខាងជើង​ក្នុង​ស​ប្តា​ហ៍​នេះ

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន នឹង​មក​កាន់​កូរ៉េ​ខាងជើង​នា​ស​ប្តា​ហ៍​នេះ ដែល​នោះ​នឹង​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រមុខ អ​.​ស​.​ប មួយ​រូប​ក្នុង​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ ។

ទស្សនកិច្ច​នេះ​បើ​កើត​មាន លោក​បាន គី​មូ​ន ពិតជា​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ដែល​នឹង​ជា​ការ​ជួប​គ្នា​ដំបូង​បំផុត​របស់​លោក ជាមួយ​មេដឹកនាំ​អន្តរជាតិ​មួយ​រូប​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ជិត​៤​ឆ្នាំ​មក ។

ដោយ​ដកស្រង់​ប្រភព​មួយ​របស់ អ​.​ស​.​ប YONHAP បន្ត​ថា ពុំ​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់​ដែល​លោក​បាន គី​មូ​ន មក​កាន់​ក្រុង​ព្យុ​ង​យ៉ាង​ក្នុង​ស​ប្តា​ហ៍​នេះ​នៅឡើយ ។ ការិយាល័យ​អ្នកនាំពាក្យ អ​.​ស​.​ប នៅ​ក្រុង​ញូ​វ​យ៉​ក​បដិសេធ​មិន​និយាយ​ពី​ព័ត៌មាន​នេះ​ឡើយ ។ ចំណែក​ក្រសួងការបរទេស និង​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ក៏​និយាយ​ថា ពុំ​ទាន់​ដឹង​ពី​រឿង​នេះ​ដែរ ។

យោង​តាម YONHAP ថា លោក​បាន គី​មូ​ន ស្ទើរតែ​ប្រាកដ​ជួប​ពិភាក្សា​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ដែល​នោះ​នឹង​ជា​កាយវិការ​បើកចំហ​ដ៏​ចម្បង​មួយ ។

ចាប់តាំងពី​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​លោក​គី​ម ជុង​អ៊ុ​ន ដែល​ទទួលមរណភាព​កាលពី​ឆ្នាំ​២០១១ លោក​គី​ម ជុង​អុ​ី​ល ពុំ​ទាន់​ដែល​ទទួល​ជួប​ជាមួយ​ប្រមុខរដ្ឋ​បរទេស​មួយ​រូប​ណា​នៅឡើយ ។ លោក​ក៏​មិន​ធ្វើ​ដំណើរ​ទៅ​បរទេស​ដែរ ។

លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​ជួប​ជាមួយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​ជា​ច្រើន​រូប​នៅ​ក្រុង​ព្យុ​ង​យ៉ាង រួច​ឥស្សរជន​បរទេស​ដែល​គួរ​កត់សម្គាល់​មួយ​រូប ដែល​លោក​ជួប​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រហែលជា​អតីត​តារា​បាល់បោះ​អា​មេ​រិ​ក លោក DENNIS RODMAN ។

លោក​បាន គី​មូ​ន មុន​នេះ​គ្រោង​មក​កាន់​កូរ៉េ​ខាងជើង​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ក៏​ប៉ុន្តែ​ក្រុង​ព្យុ​ង​យ៉ាង​បាន​ដក​ការ​អញ្ជើញលោក​វិញ​នៅ​នាទី​ចុង​ក្រោយ បន្ទាប់​ពី​អគ្គ​លេខា​អធិការ អ​.​ស​.​ប រិះគន់​ការ​សាកល្បង​មី​ស៊ី​ល​កូរ៉េ​ខាងជើង ៕