អា​មេ​រិ​ក​អនុញ្ញាត​ឱ្យ​លក់​គ្រាប់បែក​ទម្លាក់​ដល់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​ទឹកប្រាក់​1,3​ពាន់​លាន​ដុល្លារ

ក្រសួងការបរទេស​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​អនុញ្ញាត​ឱ្យ​លក់​គ្រាប់បែក​ទម្លាក់​ធម្មតា និង​គ្រាប់បែក​បញ្ជា​ដល់​កងទ័ពអាកាស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​មាន​ទឹកប្រាក់​ជិត​១,៣​ពាន់​លាន​ដុល្លារ​។

សភា​ត្រូវ​ផ្តល់​ភ្លើង​ខៀវ​ចំពោះ​ការ​លក់​នេះ​ដែល​កើត​មាន​ពេល​ដែល​កង​យន្តហោះ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​លើ​ពួក​ឧទ្ទាម​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន ។

ទោះបី​មានការ​រិះគន់​នានា​លើ​ការ​វាយប្រហារ​ទាំងនេះ​ដែល​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ជា​ច្រើន​នាក់​ក្តី ក៏​សហរដ្ឋ​អា​មេ​រិ​ក​គាំទ្រ​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​ក៏​ចូលរួម​ផង​ដែរ ក្នុង​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​ជា​កន្លែង​បោះទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ពេល​សួរ​ពី​ការ​លក់​នេះ​ដល់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​បណ្តា​ក្រុម​សិទ្ធិ​មនុស្ស​ចោទ​ថា ទម្លាក់​មិន​ស្របច្បាប់ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា ពុំ​អាច​មាន​ដំណោះស្រាយ​យោធា​ចំពោះ​ជម្លោះ​នៅ​យេ​ម៉ែ​ន​ឡើយ ។ អ្នកនាំពាក្យ​រូប​នេះ លោក MARK TONER បន្ត​ថា យើង​អំពាវនាវ​ដល់​ពួក​ហ៊ូ​ធី​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​លើ​ពលរដ្ឋ និង​ដែនដី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​យើង​គាំទ្រ​ដំណើរការ​សន្តិភាព​របស់ អ​.​ស​.​ប គឺ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ ។

ចំណែក​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​យោធា​អា​មេ​រិ​ក DSCA វិញ គូសបញ្ជាក់​ថា កម្លាំង​អាវុធ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ខ្សោយ​មក​ពី​ប្រទេស​នេះ​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ជា​ច្រើន​ដោយ​ក្នុង​ប្រតិបត្តិការ​ទាំងនេះ​ចូលរួម​ដោយ​កងទ័ពអាកាស ។

ការ​បញ្ជា​ទិញ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រួម​មាន​គ្រាប់បែក​ទម្ងន់​ពី​២០០​ទៅ​៩០០​គីឡូក្រាម ១២.០០០​គ្រាប់ គ្រាប់បែក BUNKER BUSTERS ដែល​អាច​កម្ទេច​គោលដៅ​រឹង​មាំ ឬ​ក្រោម​ដី​ទាំងឡាយ​ចំនួន​១.៥០០​គ្រាប់ ព្រមទាំង​គ្រាប់បែក​បញ្ជា​ធុន PAVEWAY II និង PAVEWAY III ៦.៣០០​គ្រាប់ ។

លើស​ពី​គ្រាប់បែក​ទាំងនេះ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ត្រូវ​ទទួល​បណ្តា​ឧបករណ៍​ដែល​អាច​បញ្ជា​គ្រាប់បែក​តាម​ផ្កាយ​រណប ។

DSCA គូសបញ្ជាក់​ថា ការ​លក់​នេះ​នឹង​បង្កើន​សមត្ថភាព​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នានា​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ។ DSCA បន្ត​ថា ការ​លក់​នេះ ក៏​នឹង​ជា​ការ​លើកទឹកចិត្ត​ដល់​ស្ថេ​រ​ភាព​ក្នុង​តំបន់​ផង​ដែរ ។

កាលពី​ដំណាច់​ខែតុលា រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​បាន​អនុម័ត​ដែរ លើ​ការ​លក់​នាវាចម្បាំង​ជំនាន់​ថ្មី​៤​គ្រឿង​ដល់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មាន​ទឹកប្រាក់​១១​ពាន់​លាន​ដុល្លារ ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចង់​ធ្វើ​ទំនើបភាវូបនីយកម្ម​ដល់​កង​នាវាចម្បាំង​របស់​ខ្លួន ពេល​ភាព​តានតឹង​ក្នុង​តំបន់​មានការ​កើនឡើង ខណៈ​បណ្តា​នាវាចម្បាំង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ត្រូវ​ប្រឈម​មុខជា​ពិសេស​បណ្តា​នាវាចម្បាំង​អុ​ី​រ៉​ង់​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍នា​ភាគ​ខាងកើត​ប្រទេស ។

ម្យ៉ាងទៀត អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បច្ចុប្បន្ន​ជា​ប្រមុខ​ក្រុមចម្រុះ​យោធា​អា​រ៉ាប់ ដែល​វាយប្រហារ​តាម​អាកាស​ចាប់តាំងពី​ខែមីនា​មក លើ​បណ្តា​ទីតាំង​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត​ហ៊ូ​ធី នៅ​យេ​ម៉ែ​ន ។

យោង​តាម អ​.​ស​.​ប ថា ជម្លោះ​នៅ​ទីនោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៥.០០០​នាក់ ហើយ​ភាគច្រើន​ជា​ជន​ស៊ី​វិល​ចាប់តាំងពី​មាន​អន្តរាគមន៍​នេះ​ជួយ​ដល់​រដ្ឋាភិបាល​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ មក ៕