ព្រះ​វិស្ណុ​តំណាង​ឱ្យ​ខេត្ត​តាកែវ​នឹង​ឈរ​បង្អួត​នៅ​រង្វង់​មូល​អូចំបក់​

ខេត្ត​តាកែវ​ ៖ ដើម្បី​កែលម្អ​សោភ័ណ​ភាព​ខេត្ត​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​នោះ​ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ឡាយ វណ្ណៈ អភិ​បាល​ខេត្ត​តាកែវ​បាន​ឱ្យ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​សិក្សា​កែ​លម្អ​ធ្វើ​ជា​រង្វង់​មូល​ និង​ពង្រីក​ផ្លូវ​នៅ​ផ្លូវ​បំបែក​អូ​ចំបក់​ ដែល​ជា​ច្រក​ផ្លូវ​ចូល​មក​ទី​រួម​ខេត្ត​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដែលធ្វើ​ដំណើរ​មក​លេង​ ឬ​ឆ្លង​កាត់​ខេត្ត​។

ជួប​ជាមួយ​កោះសន្តិ​ភាព​ លោក​ណុប នី ប្រធាន​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​តាកែវ​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​ការ​ជួស​ជុល​ និង​ស្ថាបនា​រង្វង់​មូល​ផ្លូវ​បំបែក​អូចំបក់​ជិត​រួច​រាល់​ហើយ​ គឺ​បាន​ប្រមាណ​៩០%ហើយ ​។

ចំពោះ​ការ​ស្ថាប​នា​រង្វង់​មូល​ និង​​ការ​ពង្រឹង​ផ្លូវ​អូចំបក់​នេះ​យើង​ចាប់​ផ្តើម​កសាង​កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៦​ខែ​ហើយ​ ។

លោក​ណុប នី ប្រធាន​មន្ទីរ​សាធារណ​ការ​ខេត្ត​បាន​បន្ត​ទៀត​ថា ចំពោះ​ទំហំ​រង្វង់​មូល​អូចំបក់​នេះមាន​ប្រវែង​៤៣​ម៉ែត្រ​ ហើយ​ផ្លូវ​ដែល​បាន​ពង្រីក​ចាក់​កៅ​ស៊ូ​មាន​ទទឹង​១១ម៉ែត្រ​កន្លះ​ នៅ​ពី​ខាង​ជើង​រង្វង់​មូល​មាន​ស្ពាន​១ និង​ខាង​កើត​រង្វង់​មូល​មាន​ស្ពាន​មួយ​ត្រូវ​បាន​ពង្រីក​រហូត​ទទឹង​២៧​ម៉ែត្រ​។

ចំពោះការ​ពង្រីក​ផ្លូវ​ និង​ធ្វើ​ស្ពាន​នេះ​ លុយ​គម្រោង​ឆ្នាំ​២០១៥របស់​រដ្ឋា​ភិ​បាល​ជា​គម្រោង​របស់​មន្ទីរ​ និង​ក្រសួង​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​សោភ័ណ​ភាព​ខេត្តតាកែវ​លេច​ធ្លោ​នោះ​លោក​ឡាយ វណ្ណៈ អភិ​បាល​ខេត្ត​តាកែវ​​​បាន​ផ្តើម​ដាក់​រូប​សំណាក​ព្រះ​វិស្ណុ​ឈរ​មាន​កម្ពស់​៤​ម៉ែត្រ​កន្លះ​ ដោយ​ធ្វើ​ពី​ផ្ទាំង​ថ្ម ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ជា​អ្នក​ធ្វើ​ចំពោះ​​បង្កាន់​ដៃ​ស្ពាន​ពី​ខាង​កើត​រង្វង់​មូល​រចនា​ម៉ូដដោយ​ដាក​រូប​នាគទាំង​សង​ខាង​មាន​ក្បាល​៤ ក្បាល​២បែរ​ចេញ​ ២​ទៀត​បែ​រមុខ​ចូល​មក​ខេត្ត​។

ចំពោះ​រូប​សំណាក​ព្រះ​វិស្ណុ​ និង​រូប​នាគ​បង្កាន់​ដៃ​ស្ពាន​នេះ​ជា​គម្រោង​ថវិកា​របស់​សាលា​ខេត្ត​សម្រាប់​ឆ្នាំ​២០១៦៕