អាជ្ញាធរ​ភ្នំពេញ​គ្រោង​ធ្វើ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ

រាជធានី​ភ្នំពេញ ៖ ​ក្នុង​​ពេល​ចុះ​ពិនិត្យ និង​ព​ន្លឿ​ន​ការ​ជួសជុល​កែ​​លម្អ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ​២០១៥ នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ​​មាន​ប្រសា​ស​ន៏​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ធ្វើ​ពិធីអកអំបុក និង​សំពះ​ព្រះ​ខែ ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ។ លោក​អភិ​បាល​​ បាន​បន្ត​ថា ពិធី​នេះ​ធ្វើ​ឡើង​មិនធំ​ដុំ​ណាស់ណា​ទេ ខណៈ​ពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​នោះ ដើម្បី​កុំ​ឲ្យ​ស្ងាត់​​​ សាលា​រាជធានី​ភ្នំពេញ​មាន​រៀបចំ​​ ការ​សម្តែង​សិល្បៈ និង​ការ​ប្រគុំ​តន្ត្រី​​​​​ជូន​​​កម្សាន្ត​សប្បាយ​ ។

លោក ប៉ា សុ​ជាតិ​វង្ស ​បាន​បញ្ជាក់​ថា ទោះបី​​ជា​ព្រះរាជ​ពិធីបុណ្យ​អុំទូកត្រូវ​បាន​ផ្អាក ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​រៀបចំ​ឲ្យ​មាន​កន្លែង​សប្បាយ​ និង​ការ​តាំង​ពិព័រណ៌នា​នា ជា​ពិសេស​ការ​ត្រៀម​ផែនការការពារ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ សម្រាប់​ការ​​កម្សាន្ត​សប្បាយ ។

សម្រាប់​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ ត្រូវធ្វើ​ឡើងនៅ​ថ្ងៃ​ទី​២៥​ វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែ​ក​ត្តឹក ​ជា​ធម្មតា​ពិធី​នេះ​តាម​ទំនាម​ទម្លាប់​ ​គេ​ធ្វើ​នៅ​វេលា​ម៉ោង​១២​កណ្តាល​​អធ្រាត្រ​ ឬ​ខែពេញបូណ៌មី ដោយ​ធ្វើ​ពិធីបួងសួង​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។

គួរ​រំឭក​ថា រមណី​យដ្ឋា​ន​វត្ត​ភ្នំ​មាន​អាយុកាល​ជិត​១០០០​ឆ្នាំ​ហើយ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ ធ្វើការ​ជូ​ស​ជុល​កែ​លម្អ​ជា​បន្តបន្ទាប់​កាលពី​អំឡុង​ឆ្នាំ​២០០០ ហើយ​ក្នុង​ឆ្នាំ​២០១១-២០១២ គឺ​ជួសជុល​កែ​លម្អ​តាម​ផ្នែក​នីមួយ​ៗ ដែល​មាន​សភាព​ទ្រុឌទ្រោម​ ឬ​ខូចខាត​ខ្លាំង និង​ការ​ជួសជុល​ពេល​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ការ​ជួសជុល​មុន​ៗ​ ផង​ដែរ ៕ ​