ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ មាន​ម្នាក់​ធ្លាប់​ជាប់ពន្ធនាគា​រពាក់​ព័ន្ធ​គាស់​ផ្ទះ​អ្នកភូមិ​លួច​ម៉ូតូ​

បន្ទាយមានជ័យ: ជនសង្ស័យ​២​នាក់ ក្នុងនោះ​មាន​ម្នាក់ ​ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធនាគា​រ ហើយ​ចេញមកវិញ​មិន​រៀងចាល ​មក​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ចូល​លួច​យក​ម៉ូតូ ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី វីវ៉ា ១​គ្រឿង របស់​អ្នកភូមិ​ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌស្រាវជ្រាវ​ចេញ​បង្ក្រាប​ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​ម៉ូតូ​ដែល​លួចទៅហើយ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បីយកមកអនុវត្ត​តាមផ្លូវ​ច្បាប់​។

 ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩និង៣០​នាទី ព្រឹក​ថ្ងៃទី​១៦ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​តា​ផាន់ ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខណៈដែល​ជនសង្ស័យ​ណាត់​ជួបគ្នា​បម្រុង​យកម៉ូតូ​ដែល​លួចបាន​នោះ​យកទៅលក់​នៅ​ស្រុក​មង្គលបុរី​។​

​ជនសង្ស័យ​ទាំង​២​នាក់ ទី​១.​ឈ្មោះ សុខ គឹមស៊ាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិនពិតប្រាកដ រស់នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​ទី​២.ឈ្មោះ ថាប់ បូ​រឿន ហៅ​អា​កណ្តុរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដរស់នៅ​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី​។​

​លោក​វរសេនីយ៍ត្រី ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលាយប់​ទៀបភ្លឺ ចន្លោះ​ម៉ោង​២​ទៅ​៤ ថ្ងៃទី​១៥ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណមាន​ករណី​ចោរ​គាស់​ទ្វារផ្ទះ​ខាងក្រោយ ហើយ​លួច​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គីវីវ៉ា ១​គ្រឿង ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៩ បានសម្រេច ដែលមាន​ម្ចាស់​ឈ្មោះ គួស្រស់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ កំពុង​ដេក​លង់លក់​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​ បែបនេះ​កើតឡើង​ម្ចាស់ផ្ទះ​ បានមក​ដាក់ពាក្យ​បណ្តឹង​ នៅកន្លែង​សមត្ថកិច្ច​។ ក្រោយមក​កម្លាំង​នគរបាល​កា​រិ​យា​ល័​ជំនាញ​បើក​ការស្រាវជ្រាវស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ ហើយ​ឈានដល់​កំណត់​បាន​មុខសញ្ញាជនសង្ស័យ​។ បន្ទាប់មក​កម្លាំង​នគរបាល​ ចុះទៅ​ចាប់​ឃាត់ខ្លួន​ ជនសង្ស័យទាំង​២​នាក់ បានជា​បន្តបន្ទាប់ ​នៅ​ចំណុច​ស្ពាន​តា​ផាន់ ដែល​ពួកគេ​ណាត់ជួបគ្នា​បម្រុង​យក​ម៉ូតូ​ទៅ​លក់​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ម៉ូតូ​វីវ៉ា ដែល​ជនសង្ស័យ​លួច​ទៅ ​គឺ​ពួកគេ​យក​ដោះខោអាវ​ ក្រៅ​ចេញ​អស់ ហើយ​យកមក​រក្សាទុក​នៅផ្ទះ ​ឈ្មោះ សុខ គឹម​សៀន នៅចំណុច ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ ជនសង្ស័យ​ទាំង​២នាក់ ឈ្មោះ​សុខ គឹមស៊ាន ជា​អ្នក​រួមគំនិត​ចំណែក​ឈ្មោះ ថាប់ បូ​រឿន ហៅ​អា​កណ្តុរជា​អ្នកប្រព្រឹត្ត​ផ្ទាល់ ហើយ​ជនសង្ស័យ​ឈ្មោះ ថាប់ បូ​រឿន ហៅ​អា​កណ្តុរ ជាមុខសញ្ញា​លួច​យ៉ាងសកម្ម​នៅ ​ស្រុក​មង្គលបុរី និង​នៅ​ក្រុង​សិរីសោភ័ណ ជននេះ​ក៏ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ ពាក់ព័ន្ធ​នឹង​អំពើ​លួច​នោះ​ផងដែរ ហើយ​ជននេះក៏មាន​បក្ខពួក​មួយចំនួន​ទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកទៅ​ចាត់ការតាមផ្លូវ​ច្បាប់​ដាក់ពន្ធនាគា​រ​ជា​បន្តបន្ទាប់​រួចមកហើយ​ផងដែរ​។ ជនសង្ស័យទាំង​២​នាក់ ក្រោយពី​សមត្ថកិច្ច​សាកសួរ និង​បំពេញ​សំណុំរឿងចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បាន​បញ្ចូនទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ម៉ូតូដែល​សមត្ថកិច្ច​ដកហូត​បានគ្រោង​នឹង​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ៕