តុលាការ​ខ្មែរក្រហម សម្រេច​ផ្អាក​សវនាការ​ដោយ​គ្មាន​ថ្ងៃ​កំណត់ ដោយសារតែ​នួន​ជា និង​មេធាវី ដើរ​ចេញពី​សវនាការ​

ភ្នំពេញ: ​ក្រោយពី​ការឈប់​សម្រាក​សវនាកា​រ នៅពេល​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា​នេះ គឺ​នៅ​ម៉ោង ២ រសៀល អង្គ​សវនាការ​តុលាការ​កំពូល បានចាប់ផ្តើម​ជាថ្មី​។ ក៏ប៉ុន្តែ​នៅពេល​ផ្តើម​សវនាការ លោក​ចៅក្រម គង់ ស្រ៊ី​ម ប្រធាន​អង្គជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម បានប្រកាស​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​លើ​ការសម្រេចចិត្ត​របស់លោក​នួន​ជា បោះបង់ចោល​នូវ​សិទ្ធិ​ចូលរួម​សវនាការ ព្រមទាំង​ការមិន​ចូលរួម​សវនាការ​របស់​ក្រុម​មេធាវី​ការពារ​លោក​នួន​ជា​។​

​លោក​ចៅក្រម គង់​ស្រ៊ី​ម បានប្រកាស លើក​ពេល​សវនាការ​លើ​បណ្តឹងសាទុក្ខ ក្នុង​សំណុំរឿង​០០២ វគ្គ​១ ដោយ​គ្មាន​កំណត់​ថ្ងៃ​។ ក្នុងនោះ អង្គជំនុំជម្រះ ក៏​នឹង​ពិចារណា​ដាក់ពិន័យ​លើ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​នួន​ជា ផងដែរ​។

តាមគម្រោងសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២ វគ្គ១ នឹងត្រូវ​ដំណើរ​ការ​រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧វិច្ឆិកា រហូដល់ថ្ងៃទី១៩វិច្ឆិកា​។ សំណុំរឿង​០០២ វគ្គ១ មានជនជាប់ចោទ នួនជា និងខៀវសំផន ដែលត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​សាលាដំបូង បានប្រកាសសាលក្រម ផ្តន្ទាទោស​ដាក់ពន្ធនាគារមួយជីវិត កាល​ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤៕​