សែល​កាត​​ដាក់​ដំណើរការ​​​បច្ចេកវិទ្យា​​​​ 4G LTE ​​ល្បឿន​លឿន​នៅ​កម្ពុជា


សែល​កាត​​ដាក់​ដំណើរការ​​​បច្ចេកវិទ្យា​​​​ 4G LTE ​​ល្បឿន​លឿន​នៅ​កម្ពុជា

ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​សែលកាត​​​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​​បច្ចេកវិទ្យា 4G LTE ​របស់​ខ្លួន​ក្នុង​សន្និសីទ​​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​នៅ​ការិយាល័យ​កណ្ដាល​ក្រុមហ៊ុន​ ស្ថិត​នៅ​បណ្ដោយ​មហាវិថី​ព្រះ​សីហនុ។

 

​លោក​ អៀន វ៉ាតសុន​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ សែលកាត​ ​បាន​ថ្លែង​​​ឲ្យ​ដឹង​ថា ​ដោយ​មើល​ឃើញ​ទីផ្សារ​កម្ពុជា​ ​ទូរសព្ទ​ចល័ត​មាន​ចំនួន​ច្រើន​ និង​តម្លៃ​សមរម្យ​ ព្រម​ទាំង​​​ដើម្បី​ឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ទាញ​យក​វីដេអូ និង​សេវាកម្ម​នានា​ក្នុង​​ល្បឿន​លឿន​ទើប​ក្រុមហ៊ុន​បន្ត​ពង្រីក​បច្ចេកវិទ្យា​នេះ​ឡើង។​​​​​​​​​

 

សែល​កាត​​ដាក់​ដំណើរការ​​​បច្ចេកវិទ្យា​​​​ 4G LTE ​​ល្បឿន​លឿន​នៅ​កម្ពុជា

 

លោក​ អៀន វ៉ាតសុន​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ សែលកាត ​ក្នុង​ពិធី​សម្ពោធ​
ជា​ផ្លូវការ​ប្រព័ន្ធ​សែលកាត​ 4G LTE

 

​​ទន្ទឹម​គ្នា​នោះ ​លោក​​​ លឹម សុខសុផៃ ​នាយក​ផ្នែក​អភិវឌ្ឍ​ផលិតផល​នៃ​ក្រុមហ៊ុន​សែលកាត​​ ​​បាន​ធ្វើ​បទ​បង្ហាញ​ពី​ប្រព័ន្ធ​ថ្មី​ ដោយ​ការ​​ Download ​និង​ Upload ​​វីដេអូ​​ឲ្យ​ភ្ញៀវ​ចូលរួម​បាន​ឃើញ​ពី​បទពិសោធន៍​ពិត​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ 4G LTE។ ​​​​លោក​បន្ត​ថា ​​​​បច្ចេកវិទ្យា​ជំនាន់​ទី​ ៤ ​​នេះ​​ផ្ដល់​ភាព​ងាយស្រួល​​​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​មើល​វីដេអូ​អនឡាញ (Stream) ​​​ទំហំ​ធំ​​ជា​លក្ខណៈ HD, Ultra HD ​ការ​ទាញ​យក​រូបភាព​ និង​បញ្ចូល​រូបភាព​ទំហំ​ធំ​បាន​កាន់​តែ​រលូន។​ បើ​ប្រៀបធៀប​នឹង​ប្រព័ន្ធ​ 3G ​បច្ចេកវិទ្យា 4G LTE ​លឿន​ជាង​យ៉ាង​ហោច​ ១០ ​ដង ​ឬ​​អាច​ទាញ​យក​ហ្គេម​ទំហំ 20MB ​ចំណាយ​ពេល​ត្រឹម ២៥ វិនាទី ​ខុស​ពី​ប្រព័ន្ធ​ 3G ​ដែល​ប្រើ​ពេល​ ៣ ​នាទី​ឯណោះ។

 

សែល​កាត​​ដាក់​ដំណើរការ​​​បច្ចេកវិទ្យា​​​​ 4G LTE ​​ល្បឿន​លឿន​នៅ​កម្ពុជា

 

លោក​​​ លឹម សុខសុផៃ ​នាយក​ផ្នែក​អភិវឌ្ឍ​ផលិតផល​នៃ​ក្រុមហ៊ុន​សែលកាត​ធ្វើ​បទ​បង្ហាញ​ពី​ប្រព័ន្ធ 4G ​ថ្មី

 

​​​​លោក​ សុផៃ​​ឲ្យ​ដឹង​ទៀត​ថា ​​​នៅ​ដំណាក់កាល​ដំបូង​ ក្រុមហ៊ុន​សែលកាត​ ​ចាប់​ដំណើរការ​ប្រព័ន្ធ​ 4G LTE ​នេះ​នៅ​រាជធានី​ភ្នំពេញ​សិន ​​ហើយ​នៅ​ដំណាច់​ឆ្នាំ​នឹង​ពង្រីក​​ដល់​ ៦ ​ខេត្ត​ផ្សេង​ទៀត​រួម​មាន​ កំពង់ចាម ​សៀមរាប ​ព្រះសីហនុ ​ស្វាយរៀង ​បន្ទាយមានជ័យ​ និង​បាត់ដំបង។ ​​​នៅ​ឆ្នាំ​ក្រោយ​ ក្រុមហ៊ុន​មាន​គម្រោង​នឹង​ពង្រីក​ឲ្យ​បាន​ដល់​ ២៤ ​រាជធានី-ខេត្ត។

 

​ដើម្បី​ប្រើ​ប្រព័ន្ធ​ 4G ​នេះ​បាន​ត្រូវ​មាន​បី​ចំណុច៖ ​ទី ១ ​គឺ​ត្រូវ​មាន​ទូរសព្ទ​ដែល​អាច​ដំណើរការ​ 4G LTE ​ពិសេស​គឺ​ LTE 1800 ​ទី​ពីរ​គឺ​ត្រូវ​មាន​​ស៊ីមកាត​ 4G ​និង​ទី​បី​គួរ​​ប្រើ​កញ្ចប់​សេវា​អ៊ីនធឺណិត​ណាមួយ​របស់​សែលកាត​ (ដូចជា​ iNET គម្រោង​អស្ចារ្យ ​និង​XG ​ជា​ដើម)។ ​នេះ​​បើ​តាម​សម្តី​របស់​​នាយក​អភិវឌ្ឍ​ផលិតផល​ខាង​លើ។

 

​​អតិថិជន​សែលកាត​​ ដែល​កំពុង​ប្រើ​ប្រព័ន្ធ​ 3G ​អាច​យក​ស៊ីមកាត​របស់​ខ្លួន​​​ទៅ​ប្ដូរ​យក​ស៊ីម​សែលកាត 4G LTE ​​នៅ​ការិយាល័យ​កណ្ដាល ​និង​គ្រប់​សាខា​របស់​​ក្រុមហ៊ុន​សែលកាត​បាន​ដោយ​ឥត​គិត​ថ្លៃ។ ​​សម្រាប់​អតិថិជន​ថ្មី​ក៏​អាច​រក​ជាវ​ស៊ីម​ថ្មី​​នៅ​​ស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ក្នុង​ពេល​ឥលូវ​បាន​​ ហើយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នឹង​មាន​លក់​នៅ​គ្រប់​សាខា​ចែកចាយ៕

 

សែល​កាត​​ដាក់​ដំណើរការ​​​បច្ចេកវិទ្យា​​​​ 4G LTE ​​ល្បឿន​លឿន​នៅ​កម្ពុជា

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា

នាំមកជូនដោយ

សែល​កាត​​ដាក់​ដំណើរការ​​​បច្ចេកវិទ្យា​​​​ 4G LTE ​​ល្បឿន​លឿន​នៅ​កម្ពុជា