ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​មិនឃុំ​ខ្លួន​អ្នករកស៊ី​ឈើ​ម្នាក់រឿងឆបោក​ប្រាក់​ជាង​២០​ម៉ឺនដុល្លារ

​​រា​ជ​ធានី​ភ្នំពេញ ៖ ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ សម្រេច​​មិន​ឃុំ​​ខ្លួន​អ្នក​រកស៊ី​​ទិញ-លក់​ឈើ ដែល​ជាប់​ពាក់​ព័ន្ធ​​ថា បាន​ឆបោក​ប្រាក់​គេ​​ជាង​២០​ម៉ឺនដុល្លារ​ដាក់​ពន្ធនាគា​រនោះ​ទេ គ្រាន់តែ​តម្រូវ​ឱ្យ​តម្កល់​ប្រាក់​ប្រមាណ​២ម៉ឺន​ដុល្លារ​ ដើម្បី​​ធានា​ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ ។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ​កាលពី​ល្ងាច​​ថ្ងៃទី​១៤ វិច្ឆិកា ​សំណុំ​​រឿង​នេះ​ត្រូវ​បាន​ចៅ​ក្រម​សម្រេច​ដាក់​ឱ្យ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​តាម​ផ្លូវ​តុលាការ ពី​បទ​ឆ​បោក​ប្រាក់​ជាង​២០ម៉ឺនដុល្លារ​អាមេរិក​​ដែរ ។​

​អ្នក​ជំនួញ​ឈើ​រូប​នេះ ឈ្មោះ ជិន ភឹម ភេទប្រុស អាយុ​៣៧​ឆ្នាំ មាន​អាសយ​ដ្ឋាន ស្នាក់នៅ​​ផ្ទះ​លេខ​២B ​ផ្លូវ​លេខ​១០៧ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហាផ្ទៃ​ ឃាត់​ខ្លួន​កាលពី​​ថ្ងៃទី​១៣ វិច្ឆិកា ។ សំណុំ​រឿង​ឆបោក​ប្រាក់​ជាង​២០ម៉ឺន​ដុល្លារ តំណាង​អយ្យការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ រួច​បាន​ចាត់​​បញ្ជូន​ទៅ​​ខាង​ចៅក្រម ៕