រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​នាំ​អំណោយ​រាជរដ្ឋាភិបាល​ចែកជូន​ជនក្រីក្រ​នៅ​ខេត្តរតនគិរី​

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​ប្រជាពលរដ្ឋ​ក្រីក្រ ជាង​៣០០​គ្រួសារ នៅ​ក្រុង​បាន​លុង សំដែង​ការរីករាយ ត្រេកអរ ក្រៃលែង ខណៈ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​បាន​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​ពួកគាត់​។​

    ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ជនក្រីក្រ​ចំនួន ៣០៤​គ្រួសារ នៅ​៤​សង្កាត់ ក្នុង​ក្រុង​បាន​លុង បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​បរិវេណ​មន្ទី​វប្បធម៌ ខេត្តរតនគិរី ក្រោម​អធិបតីភាព លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ។​

    បន្ទាប់ពី​លោក ហ៊​ត ស៊ុន​ហោ ប្រធាន​មន្ទីរ​សង្គមកិច្ច ជំ​រាម​ជូន​របាយការណ៍ ចំនួន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តរតនគិរី រួចមក ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន បាន​មានប្រសាសន៍​សំណេះសំណាល​រំលឹក​ឡើង នូវ​រឿង​អតីតកាល​នា​ឆ្នាំ​១៩៧៩ មកទល់ពេលនេះ ដោយ​ថា កាលនោះ ប្រទេសជាតិ​យើង​ក្រីក្រ​ណាស់ មិនថាឡើយ​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ ដែល​ទទួលរង​នៅ​ភាព​ក្រលំបាក​នេះ​។ អំណោយ​ដែល​ចែកជូន​នា​ថ្ងៃនេះ ក្នុង​មួយ​គ្រួសារ រួមមាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ភួយ​១ មុង​១ និង ថវិកា​២​ម៉ឺន​រៀល​។​

    នាឱកាស​នោះ​ផងដែរ​លោក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ ចាប់តាំងពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត ជាពិសេស​មន្ទីរ​សង្គម​កិច្ច បន្ត​ការយកចិត្តទុកដាក់ ចំពោះ​ជនទីទាល់ក្រ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​ធម្មជាតិ ជាពិសេស​និ​វឌ្ឍន៍​ជន ធ្វើយ៉ាងណា​អោយ​ពួកគាត់​ទទួលបាន​ប្រាក់បៀវត្សរ៍ ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ក្រសួង​បានកំណត់ សូម្បី​តែមួយ​សេន មិនត្រូវ​ឲ្យ​បាត់បង់​របស់​ពួកគាត់​ឡើយ​។​

    ក្រោយពី​បានទទួល​អំណោយ ប្រជាពលរដ្ឋ សំដែង​នូវ​សេចក្ដីត្រេកអរ ជា​ពន់ពេក ដោយ​អ្នកខ្លះ​និយាយថា បើទោះជា​ពួកគាត់​មាន​ភាពក្រីក្រ យ៉ាងណាក៏ដោយ ក៏​ពួកគាត់​មានចិត្ត​សប្បាយ​រីក ដោយ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគាត់ មិន​ទុក​ពួកគាត់​ចោល​អោយស្លាប់​ដោយសារ​គ្មាន​បាយ​ហូប​នោះទេ​៕

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​នាំ​អំណោយ​រាជរដ្ឋាភិបាល​ចែកជូន​ជនក្រីក្រ​នៅ​ខេត្តរតនគិរី​
រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​នាំ​អំណោយ​រាជរដ្ឋាភិបាល​ចែកជូន​ជនក្រីក្រ​នៅ​ខេត្តរតនគិរី​
រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​នាំ​អំណោយ​រាជរដ្ឋាភិបាល​ចែកជូន​ជនក្រីក្រ​នៅ​ខេត្តរតនគិរី​