​ការ​រួមភេទ​ដ៏​ល្អ​បំផុត ដើម្បី​ឆាប់​មាន​ផ្ទៃពោះ​

​ការ​រួមភេទ​ដ៏​ល្អ​បំផុត ដើម្បី​ឆាប់​មាន​ផ្ទៃពោះ​

១, តើ​មាន​ក្បាច់​រួមភេទ​ណា​ល្អ ហើយ​អាច​ឲ្យមាន​ផ្ទៃពោះ​បានទេ​?
​មិន​មាន​អំណះអំណាង​ណាមួយ ដែល​បញ្ជាក់ថា ក្បាច់​រួមភេទ​ពិសេសៗ​ណាមួយ ពិតជា​អាច​ជួយ​ឲ្យ​អ្នក មាន​ផ្ទៃពោះ​បាន​នោះ​ទេ​។ អ្នក​ប្រហែលជា​ធ្លាប់​លឺថា ឲ្យតែ​ក្បាច់​ណា ដែល​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល ធ្វើដំណើរ​កាន់តែ​ជិត​មាត់ស្បូន​ខ្លាំង​ជាង​គេ​បំផុត ដូចជា ក្បាច់​ម៉ែ​ចែក​ឲ្យ (​បុរស​នៅ​ពី​លើ​មនុស្ស​ស្រី​) ច្រើន​តែ​មាន​លក្ខណៈ​ល្អ​ជាង​ក្បាច់​ផ្សេងៗ​។ ប៉ុន្តែ វា​ដូចជា​មិន​មាន​ការសិក្សា​អ្វី ដែល​អះអាង​អំពី​រឿង​នេះ​នៅឡើយ​ទេ​។

​ម្យ៉ាងវិញទៀត ការ​កំណត់​ពេលវេលា​បាន​យ៉ាង​ត្រឹមត្រូវ គឺជា​កត្តា​ដ៏​សំខាន់​។ ដូច្នេះ ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បាន ចូរ​រួមភេទ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ មុន​ពេល​អ្នក​រំពឹងថា​នឹង​ផ្ទុះ​អូវុល និង​ចាំ​ធ្វើ​ម្តង​ទៀត ក្នុង​ថ្ងៃ​ផ្ទុះ​អូវុល​តែម្តង​។

២, តើ​ការឈាន​ដល់​ចំណុច​កំពូល ក្នុងពេល​រួមភេទ ជួយ​ឲ្យ​ខ្ញុំ​មាន​ឱកាស មាន​ផ្ទៃពោះ​ដែរឬទេ​?
​មនុស្ស​មួយចំនួន​ជឿថា ស្ត្រី​ម្នាក់​ដែល​ឈាន​ដល់​ចំនុច​កំពូល ក្នុងពេល​រួមភេទ​ក្រោយពេល​ដៃគូ បាញ់​ទឹកកាម​ចូល​ក្នុង​ទ្វារមាស​រួច អាច​ជួយ​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បាន ប៉ុន្តែ​វា​គ្មាន​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា ជា​ទស្សនៈ​ត្រឹមត្រូវ​ឡើយ​។

​ការឈាន​ដល់​ចំនុចកំពូល ក្នុងពេល​រួមភេទ មិនមែន​ជា​សមា​ធាតុ​ដ៏​សំខាន់ ក្នុងការ​ធ្វើឲ្យ​មាន​ផ្ទៃពោះ​ទេ ប៉ុន្តែ វា​ជា​ហេតុការណ៍​មួយ​ធ្វើឲ្យ​ស្បូន​កន្ត្រាក់ សម្រាប់​ជា​ជំនួយ​ដល់​មេ​ជីវិត​ឈ្មោល ធ្វើដំណើរ​ទៅ​ក្នុង​បំពង់​ដៃ​ស្បូន​។ (​ជាការ​កន្ត្រាក់​ស្បូន​ដែល​គ្មាន​ការឈឺចាប់ ដោយ​ឯងៗ ទោះបីជា​គ្មាន​ការ​រួមភេទ​ក៏ដោយ ជាពិសេស​ក្នុង​ពេល​ផ្ទុះ​អូវុល​តែម្តង​)​។

៣, តើ​ខ្ញុំ​គួរតែ​ដេក ទម្រេត​ធម្មតា​ដែរ​ទេ​?
​គ្មាន​អំណះអំណាង​ណាមួយ​ដែល​ថា ការ​ដេក​ទម្រេត​ខ្លួន​ធម្មតា មាន​លក្ខណៈ​ខុស​គ្នា​នោះ​ទេ ប៉ុន្តែ វា​ក៏​មិន​អាច​ធ្វើឲ្យ​មាន​ការឈឺចាប់​ដែរ​។ ការ​នៅ​បន្ត​ដេក​លើ​ផ្ទៃ​រាបស្មើ ១៥ នាទី ក្រោយ​ពី​រួមភេទ​រួច អាច​អនុញ្ញាតិ​ឲ្យ​មេ​ជីវិត​ឈ្មោល ដក់​សល់​ក្នុង​ទ្វារមាស​ច្រើន​ទៀត​។ ពិតណាស់ រាល់​ការបាញ់​ទឹកកាម​ម្តងៗ មាន​មេ​ជីវិត​ចេញ​រាប់​លាន​ក្បាល​ឯណោះ ដូច្នេះ គួរតែ​មាន​មេ​ជីវិត​ឈ្មោល​ច្រើន​ដែរ ដែល​សល់​ក្នុង​ទ្វារមាស ទោះបីជា​អ្នក​ក្រោក​ឡើង​ភ្លាម ក្រោយ​ពី​រួមភេទ​ហើយ​ក៏​ដោយ​។

​ចំណាំ ៖ បើសិន​ជា​អ្នក កំពុង​តែ​ព្យាយាម​ចង់​មាន​ផ្ទៃពោះ ក្នុង​រយៈពេល ១ ឆ្នាំ ឬ​យូរ​ជាង​នេះ ហើយ​មិន​ជោគជ័យ (​ឬ បី​ទៅ ប្រាំមួយ​ខែ​ក្រោយ​ពី​អ្នក​អាយុ​ខ្ទង់ ៣៥​ឆ្នាំ​) ឬ​បើសិនជា​អ្នក​កំពុង​តែ​មក​រដូវ​មិន​ទៀងទាត់ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ខាង​សុខភាព​បន្ត​ពូជ​ទៅ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។