​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣ (​លម្អិត​)

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣ (​លម្អិត​)

​ការលូតលាស់​របស់​កូន​
​ឥឡូវនេះ តើ​មាន​អ្វី​កើតឡើង នៅក្នុង​ស្បូន​របស់​អ្នក​ទៅ​? គឺ​ច្រើន​ណាស់​។ ការលូតលាស់​របស់​កូន គឺ​គ្រាន់តែ​ជា​កូន​បាល់​ដ៏​តូច​មួយ​ប៉ុណ្ណោះ ដែល​មាន​កោសិកា​រាប់រយ​ក្នុងនោះ និង​កំពុងតែធ្វើការ​បំបែក​ខ្លួន​យ៉ាង​ខ្លាំងក្លា​។ នៅពេល​កោសិកា​កូន​បាល (​ប្លាស​ស្តូ​សាយ​) មាន​លក្ខណៈ​ស៊ាំ​នឹង​ស្បូន​របស់​អ្នក​ហើយ ផ្នែក​ផ្សេងៗ​របស់​វា ដែល​នឹង​កើត​ទៅ​ជា​សុក ចាប់ផ្តើម​ផលិត​ជា​អ័រម៉ូន hCG (Human Chorionic Gonadotropin) ដើម្បី​ប្រាប់​ទៅ​ក្រពេញ​អូ​វ៉ែ ឲ្យ​បញ្ឈប់​ការបញ្ចេញ​មេ​ជីវិត​ញី និង​បង្កើន​ការផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន (Estrogen) និង​ប្រូ​ហ្សេ​សស្តេ​រ៉ូន (Progesterone) (​ដើម្បី​ឲ្យ​ស្បូន អាច​ទ្រទ្រង់​ការ​មាន​ផ្ទៃពោះ​បាន ព្រមទាំង​ភ្ញោ​ច​ឲ្យ​សុក​លូតលាស់​)​។ នៅ​ចុង​សប្តាហ៍​នេះ HCG គឺជា​អ័រម៉ូន ដែល​ធ្វើឲ្យ​អ្នក​មាន​ផ្ទៃពោះ ធ្វើតេស្ត​ឃើញ​វិជ្ជមាន (​បើសិនជា​ការ​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន ហើយ​អ្នក​នៅ​តែ​បាត់​រដូវ​ពីរ ឬ​បី​ថ្ងៃ​ទៀត ចូរ​ព្យាយាម​ធ្វើ​ម្តង​ទៀត​ទៅ​)​។

​ជាមួយគ្នានេះដែរ ទឹក​ភ្លោះ នឹង​ចាប់ផ្តើម​ស្រោប​ជុំវិញ​កោសិកា​កូន​បាល់ ក្នុង​ប្រហោង​របស់​វា ដែល​នឹង​ក្លាយទៅជា ស្រោម​ទឹកភ្លោះ​នៅ​ថ្ងៃក្រោយ​។ ទឹកភ្លោះ​នេះ នឹង​ជួយ​ធ្វើ​ជា​ទម្រ ឬ​ខ្នើយ​ដល់​កូន​របស់​អ្នក ក្នុង​រយៈពេល​នៃ​ការ​ពរ​ពោះ ច្រើន​សប្តាហ៍ និង​ខែ​ទុកជាមុន​។ ឥឡូវនេះ កោសិកា​ប្លាស​ស្តូ​សាយដ៏​តូច​របស់​អ្នក កំពុង​តែ​ទទួលបាន​អុកស៊ីសែន និង​សារធាតុចិញ្ចឹម (​និង​បញ្ចេញ​កាក​សំណល់​) តាម​ប្រព័ន្ធ​ចរន្តឈាម​ដំបូង ដែល​បង្កើតឡើង​ដោយ​បំពង់​តូចៗ ដែល​មិន​អាច​មើលឃើញ (​មើល​តាម​មីក្រូ​ទស្សន៍​) និង​ត​ភ្ជាប់​កូន ដែល​កំពុង​តែ​លូតលាស់​ចូលទៅក្នុង​សរសៃឈាម​របស់​ជញ្ជាំង​ស្បូន​។ សុក នឹង​មិន​អាច​កើតមាន​គ្រប់គ្រាន់​ទេ រហូត​ដល់​ចុងបញ្ចប់​នៃ​សប្តាហ៍​ចុង​ក្រោយ​ឯណោះ​។

​ចំណាំ ៖ នៅក្នុង​ស្បូន ទារក​ម្នាក់ៗ មាន​ការលូតលាស់​ខុសគ្នា​តិចតួច ដូច្នេះ ហើយ​ព័ត៌មាន​ដែល​យើងខ្ញុំ​ជម្រាប​ជូន​នេះ គ្រាន់តែ​ជា​គំនិត​ទូទៅ​មួយ​ប៉ុណ្ណោះ ដែល​ទាក់ទង​នឹង​ការលូតលាស់​របស់​ទារ​ក​។

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​ការជួបជុំ​គ្នា​ដ៏​សំខាន់​មួយ ត្រូវបាន​ធ្វើឡើង​ក្នុង​ខ្លួន​របស់​អ្នក នោះ​គឺ​មេ​ជីវិត​ឈ្មោល​មួយ ត្រូវ​ប្រើ​កម្លាំង​របស់​ខ្លួន ដើម្បី​បំបែក​ភ្នាស​ខាងក្រៅ របស់​មេ​ជីវិត​ញី ដើម្បី​បង្ក​កំណើត​។ រយៈពេល​ជាច្រើន​ថ្ងៃ ក្រោយ​ពី​បង្ក​កំណើត​រួច ពង​កូន​អំប្រ៊ីយ៉ុង ត្រូវ​កាច់​សម្បុក​នៅ​ភ្នាស​ខាងក្នុង​របស់​ស្បូន និង​ចាប់ផ្តើម​លូតលាស់​។ ពេលនោះ ទារក​កំពុងតែ​បង្កើត​រូបរាង​ហើយ​។ អ្នក​ប្រហែលជា​មិនដឹងថា ខ្លួន​កំពុងតែ​មាន​ផ្ទៃពោះ​ផង ប៉ុន្តែ អ្នក​អាច​សម្គាល់​ឃើញ ស្នាម​អុចៗ​តិចតួច​នៅ​ចុង​សប្តាហ៍​នេះ​។ គេ​បាន​ហៅ​ស្នាម​អុចៗ​នេះ​ថា ស្នាម​អុច​កាច់​សម្បុក (Implantation Spotting) កើតឡើង​ដោយសារតែ ពង​កូន​កាច់​សម្បុក​នៅក្នុង​ភ្នាស សម្បូរ​ឈាម​ត្រឈៃ​ត្រឈឹង​របស់​ស្បូន (​ដំណើរការ​នៃ​ចាប់ផ្តើម​នេះ គឺ​នៅ​ថ្ងៃទី ៦ ក្រោយពី​មាន​ការបង្ក​កំណើត​រួច​) ប៉ុន្តែ ក៏​មិន​មាន​នរណា​ម្នាក់ ដឹង​រឿង​នេះ​ឲ្យ​ប្រាកដ​ដែរ​។ ភាគច្រើន ស្នាម​អុចៗ​នេះ មាន​លក្ខណៈ​តិចតួច​បំផុត ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​មាន​អាការៈ​បែបនេះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។