រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ រំពឹងថា បុណ្យសមុទ្រចុងឆ្នាំនេះ នឹងមានភ្ញៀវទេសចរ ៥ម៉ឺននាក់ ទៅកាន់ខេត្តកំពត

កំពត៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីម្សិលមិញ បានបង្ហាញក្តីរំពឹងថា បុណ្យសមុទ្រកម្ពុជាដែលធ្វើឡើង នៅខេត្តកំពត ចុងឆ្នាំនេះនឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងហោចណាស់៥ម៉ឺននាក់ ទៅកាន់ខេត្តកំពត ហើយថា បុណ្យសមុទ្រលើកនេះ នឹងត្រូវបានរៀបចំ កាន់តែល្អ កាន់តែប្លែកជាងឆ្នាំមុន។

នៅក្នុងកិច្ចប្រជុំ អនុគណៈកម្មការសម្រាប់ រៀបចំពិធីបុណ្យសមុទ្រ នាថ្មីៗនេះ លោក ថោង ខុន បានឲ្យដឹងថា បុណ្យសមុទ្រនៅខេត្តកំពត ឆ្នាំនេះ នឹងមានការតាំងពិព័រណ៍ចម្រុះជាង១៦០ស្តង់ ជាពិសេសស្តង់ទាំងនោះមានម្ហូបអាហារ និងផលិតផលទេសចរណ៍ ដែលនឹងទាក់ទាញដល់ អ្នកចូលរួម ហើយជំរុញឱ្យបរិយាកាសបុណ្យនេះកាន់តែរីករាយ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឲ្យអ្នកចូលរួមតាំងពិព័រណ៍នានា ខិតខំផលិតម្ហូបអាហារខែ្មរឲ្យបានច្រើន ដោយលោកយល់ថា ភ្ញៀវនឹងមកលេងក្នុងពិធីបុណ្យច្រើនជាងឆ្នាំណាទាំងអស់។ លោកថា សំខាន់ឲ្យប្រជាជនក្នុងខេត្តរកវិធីផលិតទំនិញ ផលិតម្ហូបអាហារ ចំណី នំឲ្យបានច្រើនលើសលប់។ ធ្វើយ៉ាងណាឲ្យភ្ញៀវទិញបរិភោគប្រកបដោយអនាម័យ ហើយអាជ្ញាធរខេត្តក៏ត្រូវបង្កើតឲ្យផលិតផល ទេសចរណ៍ សម្រាប់ឲ្យភ្ញៀវចុះទៅលេងកម្សាន្ត ឲ្យបានច្រើនកន្លែងទៀត ដូចជាឲ្យភ្ញៀវទៅលេងចំការម្រេច រោងចក្រស៊ីម៉ងត៍ ចំការផ្លែឈើ និងរមណីយដ្ឋាន មាត់សមុទ្រជាច្រើនទៀត។

លោក ថោង ខុន ក៏បានណែនាំបន្ថែមដល់ម្ចាស់ហាង សណ្ឋាគារ ផ្ទះសំណាក់កំណត់ថ្លៃ ដាក់តម្លៃឲ្យត្រឹមត្រូវកុំកោរភ្ញៀវខ្លាំងពេក ពីព្រោះ បុណ្យកម្សាន្ត អាជ្ញាធរចង់ឱ្យអ្នកចូលរួម មានទឹកចិត្តសប្បាយនៅពេលកំពុងមកលេង និងមិនមានភាពសៅហ្មងពេលត្រឡប់ទៅវិញ។ លោកថា «កុំឲ្យប្រតិបត្តិករ ដោយមានបទពិសោធន៍ និងមេរៀនលើការងារបុណ្យសមុទ្រ និងបុណ្យទន្លេ កន្លងមក រាល់ការងារតាមមុខសញ្ញា របស់អនុគណៈកម្មការ នីមួយៗអាចអនុវត្តពេលបុណ្យពេលនេះជាការងាយស្រួលល្អ» ។លោករដ្ឋមន្ត្រី បានណែនាំឲ្យប្រតិបត្តិករ ក្នុងខេត្តកំពត និងអាជ្ញាធរខេត្ត យកចិត្តទុកដាក់ភ្ញៀវក្នុងស្រុកឲ្យបានល្អ និងការការពាររក្សាសន្តិសុខ សុវត្ថិភាពឲ្យរឹកមាំក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

លោក ខូយ ឃុនហួរ អភិបាលខេត្តកំពត បានលើកឡើងថា បុណ្យសមុទ្រលើកនេះ មិនត្រូវឲ្យមានសកម្មភាពដដែលៗដូចខេត្តមុនៗ។ លោកបានប្តេជ្ញាខិតខំរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពចំពោះអ្នកចូលរួម។ លោកអភិបាលខេត្តចង់ឲ្យមានប្រទីប បណ្តែតភ្លើង នៅតាមព្រែកមួយចំនួន និងរៀបចំភ្លើងបំភ្លឺលម្អ នៅតាមអតីតស្ពានចាស់បុរាណ ជំនាន់បារាំងសម្រាប់ទស្សនា។ រាល់ល្ងាច ពេលព្រះអាទិត្យអស្តង្គគត គឺមានសមាគមនេសាទ តែងតែមកនេសាទប្រពៃណី តាមព្រែក ដែលអាចជួយកំដរ ភ្នែកភ្ញៀវទេសចរផងដែរ។

ចំពោះកម្មវិធីសម្តែងសិល្បៈវិញ នឹងមានក្រុមសិល្បៈក្រសួង សម្តែងសិល្បៈរឿងបន្ទាយមាសដែលមានប្រវត្តិរឿង យូរលង់ណាស់មកហើយ។ ចំណែកសិល្បៈខេត្ត នឹងសម្តែងសិល្បៈផលិតអំបិល និងមានក្រុមយីកេរ ខេត្តមកកម្សាន្តផងដែរ។ ព្រមទាំងមានរបាំ បង្ហាញម៉ូតសម្លៀកបំពាក់បៃតង និងរបាំងជានិមិត្តរូប នៃខេត្តកំពត ដូចជាម្រេច អំបិល ទុរេន ស៊ីម៉ងត៍។ល។ ក្នុងនោះក្រុមសិល្បៈថែ និងសិល្បៈវៀតណាម បានចូលរួមផងដែរ។ តែអ្វីៗត្រូវបានលោក រដ្ឋមន្ត្រី ណែនាំដាច់ខាត ត្រូវអនុវត្តឡើងតាមលក្ខណៈប្រពៃណីជាតិខ្មែរទាំងអស់ មិនអាចយកវប្បធម៌បរទេស មកចូលឡូកឡំបានទេ។

សូមបញ្ជាក់ថា បុណ្យសមុទ្រលើក៤នេះ នឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១១ដល់១៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោមប្រធានបទ ឆ្នេរសមុទ្រស្អាត សេដ្ឋកិច្ចរុងរឿង៕

រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ រំពឹងថា បុណ្យសមុទ្រចុងឆ្នាំនេះ នឹងមានភ្ញៀវទេសចរ ៥ម៉ឺននាក់ ទៅកាន់ខេត្តកំពត

រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ រំពឹងថា បុណ្យសមុទ្រចុងឆ្នាំនេះ នឹងមានភ្ញៀវទេសចរ ៥ម៉ឺននាក់ ទៅកាន់ខេត្តកំពត