យុវ​ជន​ម្នាក់​ពិការ​ដៃ​ទាំង​២ដោយ​សារ​ខ្សែ​ភ្លើង​ឆក់​ដេក​ឈឺ​អស់​លទ្ធ​ភាព​ព្យាបាល​​ ដង្ហោ​យ​សុំ​ជំនួយ

ខេត្ត​ព្រៃ​វែង​ ៖ យុវ​ជន​ម្នាក់​កំពុង​តែ​ដក​ថ្ងូរ​នៅ​លើ​គ្រែ​ធ្វើ​អំពី​ប្ញស្សី​​​បាន​បញ្ចេញ​កាយ​វាចា​ពោរ​ពេញ​ទៅ​ដោយ​ក្តីឈឺ​ចាប់​ថា រូប​គេ​​ឈ្មោះ​ធីម ប៉ោ​លី អាយុ​២៤​ឆ្នាំ នៅ​លីវ មាន​មុខ​របរ​ជា​កម្មករ​ រស់​នៅ​ជាមួយ​ឪពុក​ ម្តាយ​ក្នុង​ភូមិ​អន្លង់​ស ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្តាល​។

យុវ​ជន​រូប​នោះ​បន្ត​ថា រូប​គេ​ធ្លាក់​ខ្លួន​ពិការ​ដៃ​ទាំង​២​ដោយ​សារ​ខ្សែ​ភ្លើង​ឆក់​កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ២០១៥ នៅ​ពេល​បំពេញ​ការ​ងារ​ជា​កម្មករ​ស៊ី​ឈ្នួល​ផ្សារ​សំយាប​ផ្ទះ​ឱ្យ​គេ​នៅ​ឯ​ខេត្ត​កំពង់ចាម ដោយ​សារ​ការ​ធ្វេស​ប្រហែស​ ខណៈ​ពេល​កំពង់​រៀប​ផ្សារ​រូប​គេ​បាន​លើក​ជញ្ជូន​សម្ភារ​មាន​ដែក សង្ក​សី​យក​ទៅ​លើ​ដំបូល​ផ្ទះ​ នៅ​ពេល​លើក​នោះរូប​គេ​មិនបាន​មើល​ខ្សែ​កាបស្រាត​(ខ្សែ​ភ្លើង) ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​លើក​ដែក​ទៅ​ប៉ះ​វាក៏​ស្រូប​ឆក់​ផ្ទុះ​ឡើង​បណ្តាល​ឱ្យ​រូប​គេ​ខ្ទេច​ដៃទាំង​សង​ខាង​មួយ​កំណាត់​ ហើយ​ថែម​ទាំង​រលាក​មក​ដល់​គូទ​ទៀត​ធ្វើ​ឱ្យ​​រូប​គេ​ធ្លាក់​ពី​លើ​ដំបូល​ផ្ទះ​មក​ដី​ដេក​ដួល​សន្លប់​ស្តូក​ស្តឹង​។

ក្រោយ​កើត​ហេតុ​ ក្រុម​គ្រួសារ​បាន​ដឹក​រូប​គេ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ចាម​ ។ ដោយ​ឃើញ​ស្នា​ម​របួស​ធ្ងន់​ធ្ងរ​ទៅៗ ក្រុម​គ្រួពេទ្យ​បាន​បញ្ជូន​រូប​គេ​ទៅ​មន្ទីរ​ពេទ្យ​នៅ​ឯ​ប្រទេស​វៀត​ណាម​ដើម្បី​ជួយ​សង្គ្រោះ​បន្ត​។

យុវជន​រង​គ្រោះ​បន្ត​ថា ក្រុម​គ្រួសារ​ និង​ក្រុម​គ្រូ​ពេទ្យ​វៀត​ណាម​បាន​សម្រេច​កាត់​​ដៃ​របស់​ប្អូន​ទាំង២ចោល​ ដោយ​សារ​ដំបៅ​ចេះ​តែ​ស៊ី​ចូល​មក​ក្នុង​។ ម្តាយ​របស់​ធីម ប៉ោលី បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា ហេតុ​អ្វី​បាន​ជា​គាត់​មាន​ទុក្ខ​ជាន់​លើ​ទុក្ខ​មិន​ចេះ​ចប់​ ទុក្ខ​ទី​១ ប្តី​របស់​គាត់​វះ​២​លើក​ លើក​ទី​១ វះ​កាត់​​ប្រមាត់​ អស់លុយមួយ​សា លើក​ទី​២ វះ​កាត់​ពោះវៀនដុះ​ខ្នែង​អស់​លុយ​មួយ​សា​ទៀត​ ។

ស្ត្រី​ជា​ម្តាយ​យុវ​ជន​រង​គ្រោះ​បាន​បន្ត​ថា ផុត​ពី​ឪពុក​ពុំ​ទាន់ ជា​ដំបៅ​ស្រួល​បួល​ផង​ ដល់​មក​កូន​ខ្សែ​ភ្លើង​ឆក់​ តែ​មុន​ខ្សែ​ភ្លើង​ឆក់​កូន​របស់​គាត់ (យុវជន​រង​គ្រោះ)ធ្លាប់​វះ​កាត់​ពោះ​វៀន​ដុះ​ខ្នែង​១លើក​ហើយ​។

ឥឡូវ​ជា​ពោះ​វៀន​ដុះ​ខ្នែង​មក​ដល់​ខ្សែ​ភ្លើង​ឆក់​ទៀត​។ កាល​ពីប្តី​របស់​គាត់​(ឪពុក​ជន​រង​គ្រោះ)មាន​ជំងឺ​ គាត់​លក់​គោ​ លក់​ក្របី​ ឥឡូវ​មក​ដល់​កូន​គាត់​លក់​ដី​ស្រែ​អស់​ខាន​ធ្វើ​ស្រែ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជំពាក់​គេ​៥០០០​ដុល្លារ​ទៀត​។

ស្ត្រី​ដដែល​បន្ត​ទៀត​ថា គាត់​បាន​យក​កូន​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ឯប្រទេស​វៀត​ណាម​៤លើក​ហើយ​ ១​លើកៗអស់​ប្រាក់​ពី​៥​០០ទៅ​៦០០ដុល្លារ។ ពេទ្យ​គេ​ឱ្យ​ទៅ១​លើក​ទៀត​ តែ​គាត់​អស់​លទ្ធ​ភាព​គ្មាន​ប្រាក់​ ហើយ​ជំពាក់​គេៗបន្រុង​រិប​អូស​ផ្ទះ​ ណា​កូន​ឈឺចុក​ចាប់​ស្នាម​របួស​ដៃ​ទាំង​២ គូទ​នៅ​រលាក​ គាត់​សូម​លើក​ដៃសំពះ​អំពាវ​នាវ​សុំ​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ឱ្យ​គាត់​បាន​រស់​បន្តទៀត​នៅ​មើល​ថែ​កូន​ពិការ​ផង គាត់​គ្មាន​អ្វី​ទីពឹង​ទៀត​ទេ​៕