បង្ក្រាបឈើប្រណីត​ធ្នង់​​​២៣កំណាត់ ហេតុអ្វីបញ្ជូន​ដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សល់តែ០៩កំណាត់?

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​មួយ​ក្រុម​អះអាង​ថា ពួក​គេ​ជា​អ្នក​ការពារ​ព្រៃឈើ និង​បរិស្ថាន​នោះ បាន​ធ្វើ​សកម្មភាព​ដេញ​រថយន្ត​ដឹកឈើ​ដូច​ខ្យល់ព្យុះ រហូត​ធ្វើ​ឱ្យ​រថយន្ត​មួយ​គ្រឿង​នោះ ជាប់ផុង ហើយ​ក្រឡាប់​ធ្លាយ​ឈើ​ប្រណីត​សុទ្ធតែ​ប្រភេទ​ធ្នង់ ដែល​ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០២​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​ខេត្ត​ពោធិ៍
សាត់ ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ដែល​បើករថយន្ត​ដេញ​រថយន្ត​ដឹកឈើ ផ្អើល​ពេញ​អាណាចក្រ​ឃុំ​ឈើ​តុំ​ទាំង​កណ្ដាល​អ​ធ្រា​ត​នោះ មាន​គ្នា​៣​នាក់ ជិះ​រថយន្ត​ម៉ាក​កាម​រី​គូទ​ហើម ពាក់​ស្លាក​លេខ​ខាង​មុខ តែ​ខាងក្រោយ​គេ​ដោះ​ចេញ​មិនដឹង​ថា មាន​ន័យ​យ៉ាងម៉េច​នោះ​ទេ? ហើយ​ស្ថាប័ន​ជំនាញ ក៏​មិន​ដែល​ធ្វើការ​រឿង​នេះ​ដែរ ព្រោះ​ឮ​ថា មាន​អ្នក​ច្បាប់​នៅ​ពីក្រោយ​ខ្នង​ផង ។

ក្រុម​ខាងលើ គឺ​តែងតែ​ដើរ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង ពិសេស​នៅ​ស្រុក​ភ្នំក្រវាញ ស្រុក​វាល​វែង និង​ស្រុក​ក្រគរ ហើយ​បើ​ចង់​ដឹង​ច្បាស់​សួរ​តែ​អ្នក​រត់​តាក់ស៊ី (​វាល​វែង​ពោធិ៍សាត់​)​ទៅ ដឹង​ហើយ ។

ជាក់ស្ដែង​កាលពី​យប់​នោះ ក្រុម​ខាងលើ​បាន​បើករថយន្ត​ដេញ​រថយន្ត​ម៉ាក​នី​ស្សាន់​ដឹកឈើ​មួយ​គ្រឿង ពណ៌​.​ស គ្មាន​ស្លាក​លេខ​ចេញពី​ស្រុក​ភ្នំក្រវាញ រហូត​ដល់​ខាង​មុខ​ខ្លោងទ្វារ​វិទ្យាល័យ​ឈើ​តុំ ស្រុក​ក្រគរ រថយន្ត​ដឹកឈើ​នោះ ក៏​ផ្ទុះ​កង់​ក្រោយ​រេ​ចង្កូត​ជាប់​ផុង ក្បែរ​ចិញ្ចើម​ផ្លូវ​តែ​ម្ដង ។ ខណៈនោះ អ្នក​បើករថយន្ត​ដែល​ពុំ​មាន​អ្នក​ណា​ស្គាល់ឈ្មោះ​បាន​គេចខ្លួន​បាត់​ស្រមោល ។

ក្រុម​សមត្ថកិច្ច​ខាងលើ បាន​ទូរស័ព្ទ​ហៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឈើ​តុំ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ ដើម្បី​សហការ​គ្នា​ធ្វើ​តាម​នីតិវិធី​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ដដែល សមត្ថកិច្ច​បាន​ជួល​រថយន្ត​មួយ​គ្រឿង ទៅ​ទាញ​រថយន្ត​ដែល​ជាប់ផុង​នោះ  ហើយ​ក៏​លើក​ឈើ​ទាំង​នោះ​ ដាក់​លើ​រថយន្ត​មួយ​គ្រឿង​ទៀត ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ។

ឈើ​ទាំងនោះ សុទ្ធតែ​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ដែល​មានមុខ​៣០ មុខ​៤០​ប្រវែង​២​ម៉ែត្រ​ចំនួន​២៣​កំណាត់ ប្រមាណ​បួន​ទៅ​ប្រាំ​ម៉ែត្រគូប ប៉ុន្តែ​ពេល​ដែល​យក​ទៅ​ដល់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្រាប់តែ​ឃើញ​សល់​តែ​៩​កំណាត់​ប៉ុណ្ណោះ ។ បាត់​អស់​ជាង​ពាក់​កណ្ដាល មិនដឹង​ធ្លាក់​ទៅ​ណាខ្លះ? ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ នេះ។