ភាគី​កម្ពុជា​និង​អ​.​ស​.​ប សន្យា​បន្ត​ផ្តល់​ថវិកា​សម្រាប់​សាលាក្តី​ខ្មែរក្រហម

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​លោក Stephen Mathias ជំនួយការ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (អ​.​ស​.​ប​) ទទួល​បន្ទុក​កិច្ចការ​ច្បាប់ ​នៅ​ថ្ងៃ​ទី​១៧ ​វិច្ឆិកា​ នេះ ភាគី​ទាំង​ពីរ​សុទ្ធតែ​បាន​សន្យា​ថា នឹង​បន្ត​ផ្តល់​ថវិកា​សម្រាប់​ដំណើរ​ការ​នៃ​សាលាក្តី​ខ្មែរក្រហម (អ​.​វ​.​ត​.​ក ) ។

​លោក ឯក ថា អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កិច្ចប្រជុំ​ខាងលើ​នេះ ផ្តោត​ជា​សំខាន់​លើ​ចំណុច​ចំនួន​៥​ទាក់ទង​នៃ​សាលាក្តី​ខ្មែរក្រហម ។

​លោក សុខ អាន ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បន្ត​គាំទ្រ​ចំពោះ​គណៈកម្មការ​រៃ​អង្គាស​ថវិកា​សម្រាប់ (អ​.​វ​.​ត​.​ក) របស់​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​យ៉ាងណា​រៃ​អង្គាស​ថវិកា​សម្រាប់​ដំណើរការ​របស់ (អ​.​វ​.​ត​.​ក) ប្រកបដោយ​ជោគជ័យ ។ ទន្ទឹម​នឹង​​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ផ្តល់​ថវិកាបដិភាគ​សម្រាប់ អ​.​វ​.​ត​.​ក នេះ​ផង​ដែរ ហើយ​សម្រាប់​៦​ខែ​ដើមឆ្នាំ​២០១៦​ ខាង​មុខ​នេះ រាជរដ្ឋាភិបាល​នឹង​ផ្តល់​ថវិកាបដិភាគ​ ប្រមាណ​៤​លាន​ដុល្លារ សម្រាប់​សាលាក្តី​មួយ​នេះ ។

​លោក សុខ អាន ក៏​បាន​អះអាង​ថា ទាំង​ភាគី​កម្ពុជា ទាំង​ភាគី អ​.​ស​.​ប មានការ​សហការ​គ្នា​ល្អ​ណាស់​នៅ អ​.​វ​.​ត​.​ក គ្រា​ដែល​ការ​ផ្សព្វផ្សាយ​អំពី អ​.​វ​.​ត​.​ក នៅ​ខាងក្រៅ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ ។ លោក​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​ ក៏​មាន​មនុស្ស​ជាង​៣០​ម៉ឺន​នាក់​ បាន​ចូលរួម​ស្តាប់​អង្គ​សវនាការ​របស់ អ​.​វ​.​ត​.​ក ខណៈ​​​ដើម​បណ្តឹង​​ដែល​ជា​ជន​រង​គ្រោះ​មាន​ចំនួន​ប្រមាណ​៤.០០០​នាក់ ។

ទាក់ទង​ការ​រក្សា​ទុក​ឯកសារ​របស់ អ​.​វ​.​ត​.​ក លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​​ឲ្យ​ដឹង​ដែរ​ថា យើង​មាន​មជ្ឈមណ្ឌល​មួយ​ដែល​ជា​ជំនួយ​របស់​ជប៉ុន​សាងសង់​ឡើង​សម្រាប់​ការ​តម្កល់ ​និង​រក្សា​ទុក​ឯកសារ​របស់ (អ​.​វ​.​ត​.​ក) ទាំងអស់ ហើយ​កិច្ចការ​ទាំងអស់​នោះ​ គឺជា​ជោគជ័យ​ដ៏​ធំ​សម្រាប់ អ​.​វ​.​ត​.​ក ៕