កម្មករ​សំណង់នៅ​ការដ្ឋាន​សាលាខេត្ត​ត្បូងឃ្មុំ​ថ្មី​ផឹកស្រា​ឈ្លោះ​កាប់​ចាក់​គ្នា​របួសធ្ងន់​៤​នាក់

ខេត្ត​ត្បូងឃ្មុំ​ ៖ កម្មករ​សំណង់​ចំនួន​៤​នាក់​ដែល​បំរើ​ការងារក្នុង​ការដ្ឋាន​សំណង់​សាលាខេត្ត​ត្បូងឃ្មុំ​ថ្មីត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ជា​បន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្បូងឃ្មុំទាំង​យប់​ថ្ងៃ​ទី​១៦​ វិច្ឆិកា ២០១៥ បន្ទាប់​ពីបង្ក​ទំនាស់​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​​គ្នា ។

លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន  អធិការរង​នគ​បាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រង​គ្រោះ​ទាំងនោះមាន ១-​ឈ្មោះ គុណ សំណាង អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្របែក ឃុំ​ត្រឡាច ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ
របួស​​បោះដៃផុត​មួយ​ដែកឆាប ២-​ឈ្មោះ ប៊ុ​ន សែន អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រឡាច ស្រុក​ស្វាយ​ជុក ខេត្តកំពង់ឆ្នាំង របួស​លើ​ដោះ​ឆ្វេង​១​ដែកឆាប ៣-​ឈ្មោះ ប៉ី ជា អាយុ​១៩​ឆ្នាំ នៅ​ភូមិស្រឡៅ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​៣​ដែកឆាប ៤-​ឈ្មោះ ណា​ក់ មិ​នា អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ របួស​៤​ដែកឆាប ។

លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា នៅ​​​មុន​កើតហេតុ ម៉ោង​ប្រហែល​៧​យប់​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ២០១៥ ​​កម្មករ​ទាំង​៤នាក់​បាន​នាំ​គ្នា​ផឹកស៊ី​នៅក្នុង​បន្ទប់​ស្នាក់​នៅ​ការដ្ឋាន​សាង​សង់​​សាលាខេត្ត ​។ ​ពេល​​កំពុង​តែ​ផឹក​ស្រវឹង​ស្រឿង​ៗ​ស្រាប់តែ​​ឈ្មោះ ណា​ក់ មិ​នា ហៅ​តួ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ទួល​គ ឃុំ​ទន្លេ​បិទ ជា​កម្មករ​សំណង់ក្រុម​ផ្សេង​គ្នាដើរមក​ដល់​កន្លែង​ផឹកស៊ី​របស់​កម្មករ​ទាំង​៤​នាក់​នោះ  ដោយ​បាន​ចាក់​ស្រា.ស​មួយ​កែវ​ពេញ ​រួច​បង្ខំឲ្យ​ឈ្មោះ​មិ​នា​ផឹក​ឲ្យ​អស់ តែ​កម្មករ​រូប​នោះ​ផឹក​មិន​អស់​​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ចាក់ស្រា​​ខឹងសម្បារ​បាន​វាយទៅ​លើ​ឈ្មោះ​មិ​នា ​​ក៏​កើត​ទៅ​ជា​អំពើ​ហិង្សា​ដេញ​វាយ​ទាត់​ធាក់​គ្នា​ទៅ​វិញ​មក និង​ចាក់​ដែកឆាប គឺ​ម្នាក់​វាយ​ជាមួយ​មនុស្ស​៤​នាក់ ។

លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន  បញ្ជាក់​ថា ហេតុ​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ការដ្ឋាន​សំណង់ ក្នុង​នោះ​មាន​កម្មករ​៤​នាក់​បាន​រង​របួសធ្ងន់ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្បូងឃ្មុំ​ទាំង​យប់ ​ហើយ​ករណី​ហិ​ង្សា​ខាងលើ​នេះ​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​កម្មករ​ណា​ម្នាក់​នោះ​ទេ ព្រោះតែ​ពួក​គេវាយគ្នា​​ទៅ​វិញ​ទៅ​មក​ហើយ​របួសធ្ងន់​ដូច​គ្នា  ៕
                                                                                                        ​