អង្គការ​សង្គម​ស៊ីវិល នឹង​បង្ហាញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ ស្តីពី វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​ចំនួន​បួន នៃ​ប្រទេស​កម្ពុជា​

: ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGOF) រួម​ជាមួយនឹង​អង្គការ​ជីវិត​ថ្លៃថ្នូរ (LWD) បានរួម គ្នា​ផលិត​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ក្នុង​គោលបំណង​រៀបចំ​ផែនការ​លំអិត​អំពី ជម្លោះដីធ្លី​ដែល បាន​កើតឡើង​នៅក្នុង​តំបន់​គោលដៅ​របស់​អង្គការ LWD និង​កំណត់​ការអនុវត្ត យន្តការ ដោះស្រាយ​វិវាទ ដែលមាន​ស្រាប់​។

​ការសិក្សា​ក៏​ផ្តល់នូវ​ចំណេះដឹង​អំពី​ផលប៉ះពាល់​នៃ បញ្ហា​ជម្លោះដីធ្លី​ទៅលើ​ជីវភាព​រស់ នៅ​របស់​សហគមន៍​មូលដ្ឋាន ជាពិសេស​លើ​ស្ត្រី​ផងដែរ​។ សំណាក​គំរូ​ចំនួន ៣២៨ គ្រួសារ (​តំណាង គ្រួសារ​សរុប ៨៨៩៦) នៅក្នុង ១១​ឃុំ និង​២៦​ភូមិ ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី ២៣​ឃុំ និង​៨៥​ភូមិ ដែលជា​តំបន់​គោលដៅ​របស់​អង្គការ LWD ស្ថិតនៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង​។​

​ក្រោម​ការសម្របសម្រួល​ពី NGOF និង LWD លទ្ធផល​ចុងក្រោយ​នៃ​របាយការណ៍​ស្រាវជ្រាវ ស្តីពី “​ការសិក្សា​ស្ដីពី​វិវាទ​ដីធ្លី​នៅក្នុង​ខេត្ដ​ចំនួន ៤​នៃ​ប្រទេស​កម្ពុជា​“ នឹង​ត្រូវដាក់​ផ្សព្វផ្សាយ​ជា សាធារណៈ​នៅ ក្នុងឱកាស កិច្ចប្រជុំ​សមាជិក​ប្រចាំត្រីមាស នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង ៨: ០០​ព្រឹក ដល់ ១២ ក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ខាងមុខនេះ​។​

​វេទិការ​នេះ​មាន​អ្នកចូលរួម​ប្រមាណ ១០០​នាក់ ដែល​អញ្ជើញ​មកពី ក្រសួង ពាក់ព័ន្ធ ប្រធាន​មន្ទី​ថ្នាក់​ខេត្ត ដៃគូរ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សហគមន៍​រងគ្រោះ សមាជិក​បណ្តាញ អ្នកស្រាវជ្រាវ និង សាស្ត្រាចារ្យ​៕​