កាហ្វេ ៣ពែង ក្នុងមួយថ្ងៃ អាចជួយព្យាបាល ជំងឺថ្លើម

មែលប៊ន ៖ ការសិក្សា របស់ក្រុមអ្នកស្រាវជ្រាវ ជនជាតិអូស្រ្តាលី បានបង្ហាញថា អ្នកដែលទទួល ទានកាហ្វេច្រើន ជាង ២ពែងក្នុងមួយថ្ងៃ អាចជៀសផុតពីគ្រោះថ្នាក់នៃជំងឺថ្លើម។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ការសិក្សា ដែលត្រូវបានធ្វើឡើង នៅមហាវិទ្យាល័យ ម៉ូណាស៍ ក្នុងទីក្រុងមែលប៊ន ប្រទេស អូស្រ្តាលី បានធ្វើ ការវិភាគលើអ្នកជំងឺថ្លើមចំនួន ១.១០០នាក់ នៅមណ្ឌលសុខភាព ហើយបានរកឃើញថា កាហ្វេពិតជាអាចកាត់ បន្ថយគ្រោះថ្នាក់នៃជំងឺថ្លើមមែន ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ការទទួលទានកាហ្វេ ២ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយភាព ទ្រុធទ្រោម នៃជំងឺរលាកថ្លើមប្រភេទ C ដល់ទៅ ១៣ភាគរយ ។ ដោយឡែក យោងទៅមតាមការសិក្សាស្រាវជ្រាវ នេះដែរ ក៏បានបង្ហាញឲ្យឃើញទៀតថា ប្រសិនបើអ្នកទទួលទានកាហ្វេ៤ពែងក្នុងថ្ងៃ អាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងថ្លើមដល់ទៅ ៤០ភាគរយផងដែរ ។

គួរបញ្ជាក់ដែរថា យោងតាមស្ថិតិបច្ចុប្បន្ន របស់អូស្រ្តាលីបានបង្ហាញថា ជនជាតិអូស្រ្តាលីជាង ៦ លាននាក់ ត្រូវ បានរងគ្រោះដោយជំងឺថ្លើម ដោយអ្នកខ្លះមានជំងឺខ្លាញ់រុំថ្លើម ជំងឺរលាកថ្លើមប្រភេទ B និង C ៕

កាហ្វេ ៣ពែង ក្នុងមួយថ្ងៃ អាចជួយព្យាបាល ជំងឺថ្លើម