ការ​វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស​មិន​ប៉ះពាល់​ដល់​ការ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​2024

លោក Thomas Bach​ប្រធាន​គណៈកម្មាធិការ​កីឡា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ហៅ​កាត់ IOC​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ថា ការ​វាយប្រហារ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ខ្ទង់រយ​នាក់​នៅ​ទី​ក្រុងប៉ារីស​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ឱកាស​ប្រជែង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ​២០២៤​របស់​បារាំង​នា​ពេល​ខាង​មុខ​នោះ​ទេ ។

ការ​វាយប្រហារ​ទៅ​លើ​ភោជនីយដ្ឋាន បា កន្លែង​ប្រគំ​តន្ត្រី និង​ពហុ​កីឡដ្ឋាន​កាលពី​រាត្រី​ថ្ងៃ​សុក្រ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១២៩​នាក់ បាន​បង្កើន​នូវ​ក្តី​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ដល់​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​មួយ​ចំនួន​នៅ​ប្រទេស​បារាំង ក្នុង​នោះ​រួម​មាន ព្រឹត្តិការណ៍​បាល់ទាត់​ជ្រើសរើស​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០១៦ និង​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour de France ជាដើម ។

ទោះជា​យ៉ាងនេះ​ក្តី លោក​Bach​ជឿជាក់​ថា អំពើ​ហិង្សា​ក្នុង​ទី​ក្រុងប៉ារីស​ដែល​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​ក្រុង​បេក្ខភាព​៤​ផ្សេង​ទៀត នឹង​មិន​មាន​ទម្ងន់​លើ​ការ​សម្រេចចិត្ត​របស់ IOC​ឡើយ ។ តាម​រយៈ​កាសែត​កីឡា​របស់​បារាំង​ឈ្មោះ​L’Equipe បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ​បញ្ជាក់​ថា យើង​កំពុង​ជជែក​គ្នា​អំពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ដែល​នឹង​ត្រូវ​រៀបចំ​៩​ឆ្នាំ​ខាង​មុខ ហើយ​ភេរវកម្ម​គឺជា​បញ្ហា​សាកល ។ វា​មិនមែន​ជា​បញ្ហា​សម្រាប់​តែ​ប្រទេស​មួយ​ឬ​ក៏​ទីក្រុង​មួ​​យ​នោះ​ទេ ។ លោក​បន្ត​ថា​៖«​សមាជិក​គណៈ​កម្មាធិការ​IOC​ទាំងអស់​មានបទពិសោធន៍​គ្រប់គ្រាន់ ។ ពួក​គេ​ដឹង​ថា ភេរវកម្ម​មិនមែន​ជា​បញ្ហា​សម្រាប់​តែ​បារាំង​ឬ​ទី​ក្រុងប៉ារីស​នោះ​ទេ ពោល​វា​ជា​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​សាកល ។ យើង​ទាំងអស់​គ្នា​ពិតជា​មិន​ព្រម​ចុះចាញ់​ពួក​ភេរវ​ករ​ឡើយ ។ យើង​ត្រូវ​តែ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ជា​ពិសេស​ជុំវិញ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក »​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ធ្លាប់​បាន​ភ្លក្ស​រួច​មក​ហើយ​នូវ​ការ​វាយប្រហារ​របស់​ពួក​ភេរវ​ករ ។ កាល​ឆ្នាំ​១៩៧២ សមាជិក​ក្រុមកីឡា​អូ​ឡាំ​ពិ​ក​អីុ​ស្រា​អែ​ល​១១​រូប​បូក​រួម​នឹងប៉ូលិស​អា​ល្លឺ​ម៉​ង់​ម្នាក់​ផង​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ភេរវ​ករ​ប៉ា​ឡេ​ស្ទី​ន​នៅ​ទីក្រុង​មុ​យ​និក ប្រទេស​អា​ល្លឺ​ម៉​ង់ ។ លុះដល់​ឆ្នាំ​១៩៩៦ អំឡុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​និង​ម្នាក់​ផ្សេង​ទៀត​ស្លាប់​ដោយ​គាំងបេះដូង​ខណៈ​ជាង​១០០​នាក់​រង​របួស​បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​ខ្សៀ ៕