ផា​ន់ សា​រុន ណាត់ជួប​វៀត ប៊ុ​ន​ឌឿ​ន សាក​វិជ្ជា​គុន​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២១ វិច្ឆិកា ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​២​រូប គឺ​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា នឹង​ឡើង​សង្វៀន​ស៊ី​ធី​អិន​សាក​វិជ្ជា​គុន​ជាមួយ​កីឡា​ករវៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារ​ជាតិ ។ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​ពិតជា​កក្រើក​សង្វៀន​មិន​ខាន ដោយសារ​ភាគី​ម្ខាង​ៗ​សុទ្ធតែ​ចង់​ឈ្នះ​រៀងខ្លួន​នៅ​ក្នុង​ជំនួប​ជា​លើក​ដំបូង​នេះ ដើម្បី​បង្កើន​ក្រេ​ឌី​តរបស់​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​ជើង​ខ្លាំង ។

ផា​ន់ សា​រុន និង​វៀត ប៊ុ​ន​ឌឿ​ន សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​មាន​ក្បាច់គុន​ល្អ​និង​បទ​ពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កន្លង​មក​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ទេ ។ ផា​ន់ សា​រុន មិន​ត្រឹមតែ​មាន​ផ្លែ​កែង និង​ជង្គង់​ល្អ​ថែម​ទាំង​មាន​ប្រៀប​ខាង​កម្ពស់​ទៀត​ផង គ្រាន់តែ​ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​រាង​យឺតយ៉ាវ​បន្តិច ។ កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ជាង​៥០​ដង​និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​មិន​តិច​ជាង​២០​ដង​ឡើយ ។ ថ្វី​ដ្បិត វៀត ប៊ុ​ន​ឌឿ​ន មាន​ប្រវត្តិ​ប្រកួត​មិន​ច្រើន​ដូច​ផា​ន់ សា​រុន មែន ប៉ុន្តែ​អ្វី​ដែល​តែងតែ​ធ្វើ​ឱ្យ​គូប្រកួត​កោតខ្លាច​បំផុត​នោះ​គឺ​នៅ​ត្រង់​ថា វៀត ប៊ុ​ន​ឌឿ​ន ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​សឿង​បំផុត កម្លាំង​ខ្លាំង មិនតែប៉ុណ្ណោះ​គេ​មិន​ដែល​ដកថយ​ពេល​ទទួល​ការ​វាយលុក​ពី​គូប្រកួត​នោះ​ទេ ។ កីឡាករ​រូប​នេះ មិនសូវ​ពូកែ​ប្រើ​ស្នៀត​កែង​និង​ជង្គង់​នោះ​ទេ ប៉ុន្តែ​ស្នៀត​ជើង និង​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​ពេល​វាយ​និង​ទាត់​ចេញ​ម្ដង​ៗ​ពិតជា​មិនធម្មតា​ឡើយ ។ តាម​ការ​សង្កេត គូ​នេះ​មាន​ផ្លែ​ល្អ​ម្យ៉ាង​ម្នាក់​ដែល​អាច​ស៊ីសង​គ្នា​បាន ទើប​មិន​ហ៊ាន​ទាយ​ទុក​មុន​ថា​អ្នក​ណា​គ្រាន់បើ​ជាង​អ្នក​ណា​សម្រាប់​ការ​ប្រកួត​លើក​នេះ ។

ក្រៅពី​គូ​ជក់ចិត្ត​នេះ​ទៅ​នៅ​លើ​សង្វៀនដដែល​កីឡាករ​ទេស ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​សោម ច​ន្ថា មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ កីឡាករ​ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ​ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ​ជា វណ្ណៈ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ស៊ឹ​ម សុខ​ឡាយ មក​ពី​ក្លិប​អមត​គុន​ខ្មែរ ៕