លី សៀន​ឡុង​៖ ចង់​ដោះស្រាយ​បញ្ហា​សាសនា​ត្រូវ​ដោះស្រាយ​បញ្ហា​មនោគមន៍វិជ្ជា​

​មេដឹកនាំ សិង្ហ​បុរី​លោក លី សៀន​ឡុង ទទួលស្គាល់ថា ការគំរាមកំហែង​សន្តិសុខ​បង្កដោយ​ចលនា​ភេរវកម្ម​កើនឡើង​ខ្លាំង និង​ពិបាក​ដោះស្រាយ​បំផុត​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម​នេះ ចាំបាច់​ត្រូវ​ដោះស្រាយ បញ្ហា​មនោគមន៍វិជ្ជា​ជ្រុលនិយម ជំរុញ​ការកែប្រែ​ចិត្តគំនិត​បុគ្គ​ល​ជ្រុលនិយម  និង​បង្កើន​ការ​សាមគ្គី សហការ​រឹតបន្តឹង​សន្តិសុខ​រវាង​រដ្ឋ​និង​រដ្ឋ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អូស្ត្រាលី​ប៉ុន្មាន​ថ្ងៃមុន​ការវាយប្រហារ​នៅ​ប៉ារីស លោក លី សៀន​ឡុង បានលើកឡើង​ពី​ក្តីបារម្ភ​របស់លោក​ក្នុងនាម​ជា​មេដឹកនាំ​រដ្ឋ​មួយ​ចំពោះ​ការកើនឡើង​នៃ​ចលនា​ជ្រុលនិយម​ពិភពលោក​។ លោក​យល់ថា តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ស្ថិតក្រោម​ការគំរាមកំហែង​ខ្លាំង​ពី​ចលនា​ជ្រុលនិយម​ព្រោះ​ជន​ទាំងនោះ​ត្រូវគេ​ពង្វក់​ដោយ​មនោគមន៍វិជ្ជា​ជ្រុលនិយម និង​លាង​ដុសខាត់​ខួរក្បាល​។  

​ហើយ​ក្នុង​វេទិការ​កិច្ចប្រជុំ​ប្រទេស ២០​នៅ​តួ​ក​គី លោក​បានផ្តល់​គំនិត​យោបល់​ឲ្យ​ប្រទេស​ទាំងអស់​សាមគ្គី​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​មនោគមន៍វិជ្ជា​ជ្រុលនិយម និង​ដោះស្រាយ​បញ្ហា​សហគមន៍​ដែលជា​ប្រភព​នៃ​ចលនា​ជ្រុលនិយម​ទាំងនោះ​។​

​លោក​បាន​លើកយក​បញ្ហា​នៅ​ម៉ាឡេស៊ី ព្រោះ​ប្រទេស​នេះ​ជា​ប្រទេស​ដែលមាន​ប្រជាជន​ចាកចេញ​ទៅធ្វើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ច្រើន​ដែរ ហើយ​ក្នុងនោះ​មាន​ទាំង​មន្ត្រី​យោធា និង​បញ្ញា​វ័​ន្ត​ថែមទៀត​។ អាជ្ញាធរ​ម៉ាឡេស៊ី​ជា​បន្តបន្ទាប់​ព្យាយាម​បញ្ឈប់​រាល់​ជន​ដែល​ប៉ង​ទៅធ្វើ​សង្គ្រាម​សាសនា​នៅ​មជ្ឈិមបូព៌ា  ប៉ុន្តែ​មាន​មនុស្ស​មិនតិច​ដែរ​ដែល​លួច​ចាកចេញ​ទៅដោយ​ជោគជ័យ​។​

​ក្រៅពី​ម៉ាឡេស៊ី លោក លី សៀន​ឡុង បានលើកឡើង​ពី​បញ្ហា​ប្រឈម​របស់​ឥណ្ឌូនេស៊ី​ដែល​កំពុងមាន​ក្រុម​ជ្រុលនិយម​ស្រាប់​។ លោក បារម្ភ​ពី​ជន​ជ្រុលនិយម​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​រាប់រយ​នាក់​។ លោក​សង្កត់ធ្ងន់ថា វា​ជា​រឿង​មិន​ច្បាស់​ឡើយ ដែលថា​ក្រុម​ជ្រុលនិយម​នោះ កែប្រែ​ក្រោយ​ចាក​ចេញពី​ពន្ធនាគារ​។ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​គឺ​ឆ្នាំក្រោយ​អ្នកទោស​ឥណ្ឌូនេស៊ី​ច្រើន​រយ​នាក់​នឹង​ចាក​ចេញពី​ពន្ធ​ធនាគារ ។​

​ក្នុង​ក្រុម​ជ្រុលនិយម​ភាគច្រើន​ទាក់ទាញ​បាន​ក្មេងៗ​ចូលរួម​ជា​សមាជិក​។  ក្រុម​ក្មេងៗ​សិស្សសាលា ពេលខ្លះ​ពួកគេ​មិនមាន​មិត្ត​ដែលមាន​និន្នាការ​ជ្រុលនិយម​ទេ ប៉ុន្តែ​ពួកគេ​មិន​យល់ មិនមាន​ចំណេះដឹង​ច្បាស់​ពីសា​សនា ជឿ​តាម​ការបោក​បញ្ឆោត ការផ្សព្វផ្សាយ​មនោគមន៍​ជ្រុលនិយម​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​។ នេះ​អាច​បណ្តាល​ឲ្យ​ពួកគេ​ចង់​សាកល្បង​។ អ្នកខ្លះ​យល់ថា ការចូលរួម​សកម្មភាព​ជ្រុលនិយម​ដោយ​ធ្វើសង្គ្រាម​សាសនា​នេះ​នឹង​ជួយ​ឲ្យ​ពួកគេ​ទៅដល់​ឋានសួគ៌​ជាដើម​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក បានលើកឡើង​ពីបទ​ពិសោធន៍​សិង្ហ​បុរី​ផ្ទាល់​។ សិង្ហ​បុរី​ជា​រដ្ឋ​មួយ​ដែល​ចម្រុះ​ដោយ​ជាតិ​សាសន៍​ផ្សេងគ្នា​និង​មាន​វប្បធម៌ និង​សាសនា​ច្រើន​ផ្សេងគ្នា​ដែរ ។ បើសិនជា​គ្មាន​ចំណាត់ការ​ត្រូវ​ត្រូវ សិង្ហ​បុរី​នឹងមាន​បញ្ហា​ធ្ងន់ធ្ងរ​។​

​លោក​ថា បើ​ចង់​ដោះស្រាយ​បញ្ហា​នេះ វា​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ និង​ក្នុងប្រទេស​នីមួយៗ​។ លោក​ថា  រដ្ឋាភិបាល​លោក​តែង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​បណ្តា​មេដឹកនាំ​សហគមន៍​មកពី​គ្រប់​ក្រុម​ជនជាតិ និង​សាសនា​នានា ដើម្បី ជជែក​ផ្លាស់ប្តូរ​គំនិត​យោបល់​ពី​បញ្ហា​ប្រឈម​និង​រក​វិធានការ​ដោះស្រាយ​។  លោក​បាន​សង្កត់ធ្ងន់ថា ការបង្កើត​មណ្ឌល​កែប្រែ​ចិត្តគំនិត ផ្តល់​ប្រឹក្សា​ផ្លូវចិត្ត និង​អប់រំ​ផ្នែក​សាសនា មិនមែន​ដាក់​ឃុំឃាំង​តែ​ម្យ៉ាង​ទេ ព្រោះ​ការចាប់​មនុស្ស​ដាក់ពន្ធនាគា​រ​មិន​ជួយ​កែប្រែ​ផ្នត់គំនិត​មនុស្ស​ឡើយ​។ 

​ក្រៅពី​ការយកចិត្តទុកដាក់​លើ​សហគមន៍ និង​កែប្រែ​ផ្នត់គំនិត​មនុស្ស ការ​រឹតបន្តឹង​សន្តិសុខ​ក្នុងប្រទេស ហើយ​ឈានទៅ​សហការគ្នា​រវាង​រដ្ឋ និង​រដ្ឋ​សុទ្ធតែជា​រឿង​ចាំបាច់​បំផុត​ក្នុងការ​ទប់ស្កាត់​ចលនា​នេះដែរ​។ នេះ​ដោយសារ​ថា ភេរវកម្ម​ជា​បញ្ហា​សន្តិសុខ​ឆ្លងដែន មិនមែន​ប្រទេសមួយ​អាច​ដោះស្រាយ​បានឡើយ​។ តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​ចម្រុះ​ដោយ​ជាតិ​សាសន៍ សាសនា វប្បធម៌ ប្រពៃណី ហើយ​វា​ជា​រឿង​ងាយស្រួល​បំផុត​សម្រាប់​ក្រុម​ភេរវជន​ក្នុង​អូសទាញ​និង​រើស​សមាជិក​ថ្មី​៕  

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​