សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង​រិះគន់​ការ​សង់​ស្តូប​អនុស្សាវរីយ៍​កម្ពុជា-វៀតណាម

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថា​កសាង​ស្តូប​រំឭក​វិញ្ញាណក្ខន្ឋ​យុទ្ធជន​ពលី​វៀតណាម-កម្ពុជា ដែល​មិន​បាន​ឆ្លង​យោបល់​ពី​ក្រុម​ប្រឹក្សា​ខេត្ត។ កា​រិះគន់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គម្រោង​កសាង​ស្តូប​យុទ្ធជន​ពលី​វៀតណាម-កម្ពុជា នៅ​លើ​សួនច្បារ​មាត់​ទន្លេ​បច្ចុប្បន្ន​នេះ គឺ​សម្រេច​បាន​ប្រហែល​ជាង ២០​ភាគរយ។

ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ចាប់​ផ្ដើម​កសាង​ស្តូប​រំឭក​វិញ្ញាណក្ខន្ឋ​យុទ្ធជន​ពលី​វៀតណាម-កម្ពុជា នៅ​លើ​សួនច្បារ​មាត់​ទន្លេ​ក្រុង​ស្ទឹងត្រែង សម្រេច​បាន​ប្រហែល ២៥​ភាគរយ ទោះ​បី​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្តី។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ពុយ ចាន់ថាឡា ថ្លែង​បញ្ជាក់​ថា អភិបាល​ខេត្ត​បាន​សម្រេច​កសាង​ស្តូប​យុទ្ធជន​ពលី​វៀតណាម-កម្ពុជា នៅ​លើ​សួនច្បារ​មាត់​ទន្លេ គឺ​ត្រឹម​តែ​ជូន​ដំណឹង​មក​ក្រុម​ប្រឹក្សា​ខេត្ត ដែល​មិន​បាន​ឆ្លង​យោបល់​ពី​ក្រុម​ប្រឹក្សា​ខេត្ត​នោះ​ទេ ផ្ទុយ​ពី​គោលការណ៍​អភិវឌ្ឍន៍​ដោយ​ផ្អែក​លើ​ច្បាប់​គ្រប់គ្រង​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល។

លោក​ចាត់​ទុក​ថា រាល់​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​អភិបាល​ខេត្ត​មិន​បាន​ឆ្លង​យោបល់​សម្រេច​ពី​ក្រុម​ប្រឹក្សា​ខេត្ត ហាក់​បី​ដូចជា​ការ​រំលោភ​អំណាច។ លោក​យល់​ថា រាល់​ការ​អភិវឌ្ឍ​ធ្វើ​យ៉ាង​ណា​គួរ​តែ​សិក្សា​ឲ្យ​លម្អិត ដែល​ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ ទើប​ការ​អភិវឌ្ឍ​នោះ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់៖ «វា​ខុស​ទាំង​ស្រុង អ្វីៗ​មិន​មែន​ជា​ការ​ជូន​ដំណឹង​ទេ គឺ​មាន​ការ​ឆ្លង​យោបល់​សម្រេច​ពី​ក្រុម​ប្រឹក្សា​ខេត្ត ទើប​គណៈ​អភិបាល​យក​ទៅ​ប្រតិបត្តិ​បាន។ នេះ​គាត់​ធ្វើ​ការ​រំលោភ​អំណាច​មក​អង្គ​បញ្ញត្តិ ដែល​ក្រុម​ប្រឹក្សា​ខេត្ត​ជា​ស្ថាប័ន​កំពូល​របស់​ខេត្ត»

ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា-វៀតណាម ៦២០
ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា-វៀតណាម នៅ​សួនច្បារ​ឆៀង​ខាង​លិច​សាលា​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Men Sothyr

កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល បាន​សរសេរ​លិខិត​ទៅ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​ស្នើសុំ​អនុញ្ញាត​រៀបចំ​សង់​វិមាន​អនុស្សាវរីយ៍​ថ្មី និង​រុះរើ​ស្តូប​ចាស់​ចេញ​ពី​ទីតាំង​ចាស់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។ កន្លង​មក លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​គ្រោង​ផ្លាស់ប្ដូរ​ទីតាំង​វិមាន​អនុស្សាវរីយ៍​រំឭក​វិញ្ញាណក្ខន្ធ​ដល់​យុទ្ធជន​ពលី​កម្ពុជា-វៀតណាម នៅ​កន្លែង​ថ្មី ឋិត​នៅ​លើ​សួនច្បារ​មាត់​ទន្លេ​ក្រុង​ស្ទឹងត្រែង ក្បែរ​រូប​សំណាក​ត្រី​ប៉ាសេអ៊ី និង​ស្តូប​កម្ពុជា ត្រូវ​កសាង​ថ្មី​ឋិត​នៅ​រង្វង់​មូល​ថ្មី។

យ៉ាង​ណា​ក៏ដោយ គម្រោង​របស់​អាជ្ញាធរ​ខេត្ត​នេះ​រង​ការ​រិះគន់​ពី​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម ដោយ​ចាត់​ទុក​ថា ការ​កសាង​និមិត្តរូប​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​វៀតណាម-កម្ពុជា គឺ​ជា​រឿង​ធំ ដែល​រដ្ឋាភិបាល​មិន​អាច​អត្តនោម័តិ​សម្រេច​តែ​ឯង​បាន​នោះ​ទេ ហើយ​រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ជា​ច្បាប់ និង​ឆ្លង​ពី​រដ្ឋសភា។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី យល់​ថា ការ​កសាង​ស្តូប​នេះ​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា។ លោក​បារម្ភ​ថា ចលនា​សាធារណរដ្ឋ​សង្គម​និយម​ឥណ្ឌូ​ចិន ដែល​បច្ចុប្បន្ន​ហាក់​ពុំ​មាន​អ្នក​លើក​ឡើង​ក្តី ប៉ុន្តែ​ហាក់​ដូចជា​រីក​ឡើង​ក្រោម​រូបភាព​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​កន្ទុយ​នាគ។ លោក​ថា ជាក់ស្ដែង​នៅ​ប្រទេស​ឡាវ ក៏​គេ​សាងសង់​រូប​ហូជីមិញ​យ៉ាង​ធំ​ចង្អុល​ទៅ​ទិស​ខាង​លិច ដើម្បី​រំឭក​នូវ​ភាព​ជោគជ័យ​នៃ​ចលនា​សាធារណរដ្ឋ​សង្គម​និយម​ឥណ្ឌូ​ចិន ដែរ៖ «ប៉ះពាល់​ដល់​អធិបតេយ្យភាព​រៀបចំ​សំណាក​ស្តូប​ជន​បរទេស ទាល់​តែ​យើង​រៀបចំ​ជា​ច្បាប់​ទៅ។ ក្នុង​នាម​ជា​រដ្ឋាភិបាល គ្រាន់​តែ​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ខេត្ត ឬ​ក៏​សម្រេច​ចិត្ត​ត្រឹម​នាយក​រដ្ឋមន្ត្រី​ទេ ត្រូវ​មាន​សភា។ យើង​មិន​មែន​ចាត់​ទុក​ប្រទេស​ដទៃ​ជា​សត្រូវ​ទេ តែ​បើ​ប្រទេស​ដទៃ​ទន្ទ្រាន​ហើយ​ចឹង ហើយ​យើង​នៅ​តែ​រំឭក​ពី​មិត្តភាព ហើយ​មិត្តភាព​មួយ​ដៃ​ម្ខាង​ចាប់​ដៃ​យក​ជើង​មក​ជាន់​ឈ្លី ទន្ទ្រាន​ខ្មែរ ហើយ​ខ្ញុំ​គិត​ថា មិន​គួរ​ឲ្យ​មាន​ការ​សាងសង់​ច្រើន​ទេ»

លិខិត​សំណើ​របស់​អភិបាល​ខេត្ត​ស្ទឹងត្រែង ទៅ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥ បញ្ជាក់​ថា ថវិកា​សម្រាប់​គម្រោង​សាងសង់​ស្តូប​អនុស្សាវរីយ៍​ទាំង​ពីរ ឧបត្ថម្ភ ៩០​ភាគរយ​ពី​ភាគី​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម និង ១០​ភាគរយ​ទៀត ជា​ការ​ចូលរួម​ចំណែក​ថវិកា​របស់​ខេត្ត និង​បាន​ឯកភាព​គ្នា​រវាង​ភាគី​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ បន្ថែម​ពី​លើ​នេះ​ទៀត មន្ត្រី​សាលា​ខេត្ត​បង្ហើប​ថា គម្រោង​សាងសង់​ស្តូប​អនុស្សាវរីយ៍​នេះ ត្រូវ​ចំណាយ​ថវិកា​សាងសង់​ជាង ១០​ម៉ឺន​ដុល្លារ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បើ​គ្រាន់​តែ​ការ​សាងសង់​ស្តូប​នោះ​ជា​ការ​សម្ដែង​ពី​សម្ព័ន្ធមិត្ត​ប្រទេស​ជិត​ខាង វា​ពុំ​មាន​អ្វី​ទាស់​ខុស​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។