សមត្ថកិច្ច​ស្រុក​ក្រូចឆ្មារ​ស៊ើបអង្កេត​ករណី​បាញ់​ថ្នាំពុល​លើ​សិស្ស​ជនជាតិ​ចាម

អាជ្ញាធរ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​បាញ់​ថ្នាំ​ពុល​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ជនជាតិ​ចាម ២៤​នាក់​ពុល កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ភូមិ​ទី២ ឃុំ​ទ្រា ដើម្បី​ចាប់​ខ្លួន​ជន​ដៃដល់ ប៉ុន្តែ​គេ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​បាន​នៅ​ឡើយ​ទេ។

អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ លោក សាំ ហេង ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ដំបូង​ថា ជនល្មើស​អាច​ជា​ជនជាតិ​ចាម ដូច​គ្នា ពីព្រោះ​កន្លង​មក​នៅ​តំបន់​កើត​ហេតុ គឺ​ធ្លាប់​មាន​ការ​កាច់កុង​គ្នា​ពី​សំណាក់​អ្នក​គ្រប់គ្រង​កូន​សិស្ស​ស្រ្តី​ទាំង​នោះ​ជាមួយ​អ្នក​ភូមិ។

លោក សាំ ហេង បន្ត​ថា មាន​លិខិត​អនាមិក​បោះ​គំរាម​អ្នក​គ្រប់គ្រង​សាលា​នៅ​តំបន់​កើត​ហេតុ​ជា​ញឹកញាប់​កន្លង​មក៖ «មិន​មែន​របៀប​ផឹក​ចូល​ក្នុង​មាត់ របៀប​នៅ​ក្នុង​លំហ។ ខ្ញុំ​សន្និដ្ឋាន​ថា វា​ប្រហែល​បាញ់​ថ្នាំ​ចូល​តាម​រនាប ព្រោះ​ផ្ទះ​ហ្នុង​កម្ពស់​ពី​ដី គឺ​មាន​តែ​ពីរ​ម៉ែត្រ​ទេ។ អ៊ីចឹង​វា​អាច​ឈរ​ដាក់​ស៊ីរ៉ាំង​បាញ់​តែម្ដង»

អធិការ​ស្រុក​ដដែល​បញ្ជាក់​ថា អាការៈ​របស់​ជនរងគ្រោះ​គឺ ក្អួត ចង្អោរ វិល​មុខ​ជាដើម ប៉ុន្តែ​មក​ទល់​ពេល​នេះ ពួកគេ​បាន​ធូរស្រាល​បន្តិច​ហើយ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។