លោក សម រង្ស៊ី បកស្រាយបណ្តឹង ជាមួយលោក ហោ ណាំហុង ឈានដល់ដីកាចាប់ខ្លួននិង ដកអភ័យឯកសិទ្ធិ

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសដោយខ្លួនឯងនោះ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើការបកស្រាយចំពោះពាក្យបណ្តឹងរវាងលោក និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេស ដែលនាំមានការដកអភ័យឯកសិទ្ធិនិងចេញដីចាប់ខ្លួន។

លោក សម រង្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក មិនដែលបានធ្វើការបកស្រាយអំពីពាក្យបណ្តឹងរបស់ លោក និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងទេ នេះជាលើកទីដំបូងហើយ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក សម រង្ស៊ី បានសរសេរថា កាលពីថ្ងៃ ២៧ មេសា ២០១១ តុលាការកំពូលរបស់ប្រទេសបារាំង (Cour de Cassation) បានកាត់ក្តី ឲ្យលោកឈ្នះលោក ហោ ណាំហុង ជាចុងក្រោយ និងជាស្ថាពរ លើបណ្តឹង បទបរិហារកេរ្តិ៍ របស់គាត់។

លោក សម រង្ស៊ី សរសេរបញ្ជាក់ទៀតថា “តែនៅឆ្នាំ ២០១៣ នៅចំពោះមុខតុលាការ កម្ពុជាសព្វថ្ងៃ ដែលមិនឯករាជ្យ លោក ហោ ណាំហុង បែរជាឈ្នះក្តីទៅវិញ ក្នុងរឿងតែមួយនេះ ដែលខ្ញុំចោទគាត់ថាបានចូលដៃជាមួយពួកខ្មែរក្រហម នៅក្នុងគុកបឹងត្របែក នៅចុងទសវត្សរ៍ ឆ្នាំ ១៩៧០ ។ ការកាត់ក្តី លើកទីពីរ លើរឿងដដែលនេះ រវាងភាគីដដែលនេះ គឺខុសគោលការណ៍ច្បាប់ហៅថា Non bis in idem”។

សូមជំរាបថា កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តុលាការក្រុងភ្នំពេញបាន ចេញដីកាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅតាមសាលក្រម និងសាលដីការបស់តុលាការ ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ ឲ្យមានការរើសអើង» ទៅលើលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។

កាលនោះលោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងការនិយាយ នៅឯមជ្ឈមណ្ឌល ប្រល័យ ពូជសាសន៍ជើងឯក ដែលចោទប្រកាន់ រដ្ឋមន្រ្តីក្រសួងការបរទេសថា ជាប្រធានជំរុំបឹងត្របែក នៅក្នុងសម័យ ខ្មែររក្រហម៕

លោក សម រង្ស៊ី បកស្រាយបណ្តឹង ជាមួយលោក ហោ ណាំហុង ឈានដល់ដីកាចាប់ខ្លួននិង ដកអភ័យឯកសិទ្ធិ