លោក ផៃ ស៊ីផាន៖ អ្នកអាច រត់គេចខ្លួនបាន ប៉ុន្តែអ្នកមិនអាច នៅក្រៅសំណាញ់ច្បាប់នោះទេ

ភ្នំពេញ៖ បន្ទាប់ពីលោក សម រង្ស៊ី បានលើកពេលចូលមកប្រទេសកម្ពុជា ដើម្បីគេចចេញពីការតាមចាប់ របស់កម្លាំងសមត្ថកិច្ចកម្ពុជានោះ, នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា លោក សម រង្ស៊ី អាចរត់គេចខ្លួនបាន ប៉ុន្តែអ្នកមិនអាច នៅក្រៅសំណាញ់ច្បាប់នោះទេ, វាគ្រាន់តែពេលវេលាតែប៉ុណ្ណោះ នៃការកំណត់ទទួលទោសទណ្ឌ។

អ្នកនាំពាក្យរូបនោះបានលើកឡើងថា «អ្នកអាចរត់គេចខ្លួនបាន ប៉ុន្តែអ្នកមិនអាច នៅក្រៅសំណាញ់ច្បាប់នោះទេ តាមរយៈដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ សបញ្ជាក់ឲ្យឃើញពីភាពជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ទោះបីបុគ្គលនោះ ជាជនណាក៏ដោយ។ អ្នកអាចរត់គេចខ្លួនបាន ក៏ប៉ុន្តែអ្នកមិនអាចនៅក្រៅសំណាញ់ច្បាប់នោះទេ»។

ការប្រគល់ភាពជាតំណាង របស់ប្រជាពលរដ្ឋ និងអភ័យឯកសិទ្ធិ ឬជាឥស្សរជននៃគណបក្សប្រឆាំង មិនបានសេចក្តីថា ជាជននៅលើច្បាប់នោះទេ។ ការប្រឆាំងនិងនិទណ្ឌភាព គឺមិនបានរើសអើងជាមួយនិន្នាការនយោបាយ ឋានៈ និងតួនាទីនយោបាយនោះឡើយ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ករណីរវាង សម រង្ស៊ី និងលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺជារឿងឯកជនសុទ្ធសាធ ដែលមិនពាក់ព័ន្ធនឹងករណីនយោបាយ ឬរាជរដ្ឋាភិបាលនោះឡើយ។

សូមជំរាបថា លោក សម រង្ស៊ី បានសរសេរនៅលើ Facebook ផ្លូវការរបស់លោកមានន័យដូច្នេះថា «បន្ទាប់ពីបានពិគ្រោះយោបល់ ជាមួយសហការី នៅកម្ពុជា និងអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ មួយចំនួន ដែលបានស្នើឲ្យខ្ញុំលៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ចៀសវាងពេលយប់ ហើយបានស្នើឲ្យខ្ញុំទុកពេលបន្តិចឲ្យ មជ្ឈដ្ឋានការទូត និងមិត្តបរទេសមួយចំនួន មានពេលធ្វើអន្តរាគមន៍រកដំណោះ ស្រាយដោយសន្តិវិធី ចំពោះការកើនឡើង នៃអំពើហឹង្សាថ្មីៗនេះនៅប្រទេសកម្ពុជា ខ្ញុំមិនទាន់មកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញនៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។»៕

លោក ផៃ ស៊ីផាន៖ អ្នកអាច រត់គេចខ្លួនបាន ប៉ុន្តែអ្នកមិនអាច នៅក្រៅសំណាញ់ច្បាប់នោះទេ