បែកធ្លាយ​រឿងអាស្រូវ​ក្នុង​រដ្ឋសភា​កម្ពុជា​ គឺ​មាន​ទណ្ឌិត​ជា​សមាជិក​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ ដែល​មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ជា​ប្រធាន​ បាន​បែកធ្លាយ​នូវ​រឿងអាស្រូវ​ដ៏​ធំ​មួយ​ដែល​មិន​នឹក​ស្មាន​ដល់​ ទាំង​ក្នុង​មជ្ឈដ្ឋាន​ជាតិ​ ទាំង​ក្នុង​មជ្ឈដ្ឋាន​អន្តរជាតិ​ គឺ​មាន​ទណ្ឌិត​ម្នាក់​ឈ្មោះ​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជ្រក​ក្រោម​រូបភាព​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ជា​សមាជិក​សភា​ ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ ជា​អាទិ៍​ ៖​ ១-​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦​ និង​មាត្រា​ទាំងឡាយ​ នៃ​ជំពូក​ទី​១៥​ថ្មី​ ដល់​ជំពូក​ទី​១៦​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​អនុម័ត​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៤​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១០១៤/០២២​ ចុះ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៤)​ ២-​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​អនុម័ត​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៣១៥/០០២​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៥)​ ៣-​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​(​អនុម័ត​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៣១៥/០០៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៥​ )…​។​ល​។​

​លើស​ពី​នេះ​ ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​នោះ​ ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ថា​ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ តាម​សេចក្តីសម្រេច​លេខ​១៥៣/០០១/២០១៥​ កប​ធ​.​ច​ ចុះ​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥​ និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​នោះ​ ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ថា​ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ តាម​សេចក្តីសម្រេច​លេខ​១៥៤/០០២/២០១៥​ កប​ធ​.​ច​ ចុះ​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥​ ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​ទៀត​ផង​ ។​

​ព័ត៌មាន​បែកធ្លាយ​រឿងអាស្រូវ​ក្នុង​រដ្ឋសភា​កម្ពុជា​ ដែល​មាន​ទណ្ឌិត​ជា​សមាជិក​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ​ បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​ពេញ​ពិភពលោក​នេះ​ បាន​កើតឡើង​បន្ទាប់​ពី​លោកស្រី​ព្រះរាជអាជ្ញា​រង​ ស៊ឺ​ វណ្ណ​នី​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ចាប់ខ្លួន​ទណ្ឌិត​ឈ្មោះ​ សម​ រ​ង្ស៊ី​ យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​ ដោយ​សំអាង​លើ​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ នាំ​ឲ្យ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៣២(​ច​)​ ចុះ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១១​ និង​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៨៩(​ច​)​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១១​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចូល​ជា​ស្ថាពរ​ ដែល​សម្រេច​ផ្តន្ទាទោស​ទណ្ឌិត​ឈ្មោះ​ សម​ រ​ង្ស៊ី​ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ។​

​ម្យ៉ាងទៀត​ ករណី​បែកធ្លាយ​រឿងអាស្រូវ​ក្នុង​រដ្ឋសភា​កម្ពុជា​ដែល​មាន​ទណ្ឌិត​ជា​សមាជិក​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​នេះ​ ត្រូវ​បាន​រដ្ឋសភា​ទទួលស្គាល់​ថា​ គឺជា​ទណ្ឌិត​ម្នាក់​ឈ្មោះ​ សម​ រ​ង្ស៊ី​ ទើប​រដ្ឋសភា​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ "​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តកំពង់ចាម​នីតិកាល​ទី​៥"​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​អស់សំណើច​មួយទៀត​ គឺ​ សូ​ម្បី​តែ​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជាដើម​បណ្តឹង​(​ជា​អ្នក​ប្តឹង​លោក​ សម​ រ​ង្ស៊ី​)​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ម្នាក់​ផង​ ក៏​បណ្តែត​បណ្តា​យ​ឲ្យ​ទណ្ឌិត​ឈ្មោះ​ សម​ រ​ង្ស៊ី​ (​សឹង​បាន​ចាប់ដៃ​ស្វាគមន៍​គ្នា​ទៀត​ ?)​ មានឱកាស​បាន​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ​នៅ​ក្នុង​រដ្ឋសភា​ជាមួយ​គ្នា​យ៉ាង​ហ៊ឺហា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ខណៈ​រឿង​ក្តី​របស់​ខ្លួន​ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​ព្រហ្មទណ្ឌ​ចូល​ជា​ស្ថាពរ​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ ទើប​នឹកនា​ប្រញាប់ប្រញាល់​ដាក់​ពាក្យសុំ​អនុវត្តន៍​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍​ តាម​រយៈ​លោក​មេធាវី​ ការ​ សា​វុ​ត្ថ​ ទៅ​វិញ​ (Sic!)​ ។​

​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ឯកឧត្តម​ អ៊ឹម​ សួស្តី​ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ សម្រេច​ទទួលស្គាល់​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ដោយ​សេចក្តីសម្រេច​លេខ​២៨៨/១៤​ គ​.​ជ​.​ប​-​សសរ​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ និង​ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ ប្រកាស​ទទួលស្គាល់​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ជំនួស​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ ដែល​បាន​សុំ​លាលែង​ ដោយ​សេចក្តី​ប្រកាស​លេខ​១៧៤​រស​ ចុះ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ ទើប​មានឱកាស​បាន​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋសភា​នា​ពេល​កន្លង​មក​ ជាង​មួយ​ឆ្នាំ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​ការ​បែកធ្លាយ​រឿងអាស្រូវ​ដ៏​ធំ​នៅ​ក្នុង​រដ្ឋសភា​កម្ពុជា​ ដែល​មាន​ទណ្ឌិត​ឈ្មោះ​ សម​ រ​ង្ស៊ី​ ក្លាយជា​អ្នកតំណាង​រាស្ត្រ​(​សមាជិក​រដ្ឋសភា​)​ ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ​ជាមួយ​ដើមបណ្តឹង​ដែល​ប្តឹង​ប្រឆាំង​នឹង​ខ្លួន​យ៉ាង​ហ៊ឺហា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ទើប​ដើមបណ្តឹង​ឈូឆរ​ដាក់​ពាក្យសុំ​អនុវត្តន៍​សាលដីកា​ស្ថាពរ​របស់​តុលាការ​ និង​រដ្ឋសភា​ដកសិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ ពី​ទណ្ឌិត​ឈ្មោះ​ សម​ រ​ង្ស៊ី​ ទាំង​តក់ក្រហល់​ ក្រោយ​ការ​ផ្ទុះ​កំហឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ ។​

​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ តើ​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ប្រធានរដ្ឋសភា​ ដែល​បាន​សម្រេច​ទទួលស្គាល់​ទណ្ឌិត​ឈ្មោះ​ សម​ រ​ង្ស៊ី​ ឲ្យ​ក្លាយជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​នោះ​ នឹង​ត្រូវ​មានទោស​ទណ្ឌ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ និង​ម្យ៉ាងទៀត​ ច្បាប់​ទាំងឡាយ​ដែល​បាន​ចូលរួម​ប្រជុំ​ និង​អនុម័ត​ដោយ​រដ្ឋសភា​ មាន​ទណ្ឌិត​ជា​សមាជិក​នោះ​ ត្រូវ​មាន​សុពលភាព​យក​មក​អនុវត្តន៍​ជា​ហូរ​ហែល​បន្ត​ទៅ​ទៀត​ឬ​ដូច​ម្តេច​ ?​ ៕​

បែកធ្លាយ​រឿងអាស្រូវ​ក្នុង​រដ្ឋសភា​កម្ពុជា​ គឺ​មាន​ទណ្ឌិត​ជា​សមាជិក​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ បែកធ្លាយ​រឿងអាស្រូវ​ក្នុង​រដ្ឋសភា​កម្ពុជា​ គឺ​មាន​ទណ្ឌិត​ជា​សមាជិក​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ បែកធ្លាយ​រឿងអាស្រូវ​ក្នុង​រដ្ឋសភា​កម្ពុជា​ គឺ​មាន​ទណ្ឌិត​ជា​សមាជិក​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗបែកធ្លាយ​រឿងអាស្រូវ​ក្នុង​រដ្ឋសភា​កម្ពុជា​ គឺ​មាន​ទណ្ឌិត​ជា​សមាជិក​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ