បង្កើន​យុទ្ធនាការ​ប្រឆាំង​ក្រុម​រដ្ឋ​អិុស្លា​ម​អា​មេ​រិ​ក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មួ​យមក​មជ្ឈិម​បូព៌ា

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា នាវា​ផ្ទុក​យន្តហោះ USS HARRY S. TRUMAN ចាប់ផ្តើម​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​មជ្ឈិម​បូព៌ា​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដាក់​ពង្រាយ​ចុង​ក្រោយ​ដែល​សំដៅ​ជួយ​ទ្រទ្រង់​ដល់​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​ក្នុង​តំបន់ ។

ការ​ដាក់​ពង្រាយ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ធ្វើការ​វាយប្រហារ​ភេរវកម្ម​នានា​ដោយ​មានការ​សម្របសម្រួល​គ្នា​នៅ​ក្រុងប៉ារីស ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២៩​នាក់ និង​របួស​ជាង​៣៥០​នាក់ ។

ទោះបី​យ៉ាងណា យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​កថា ការ​ដាក់​ពង្រាយ​នេះ​ត្រូវ​បាន​គ្រោង​តាំងពី​មុន​ការ​វាយប្រហារ​នេះ​ទៅ​ទៀត ។ សេចក្តី​ប្រកាស​គូសបញ្ជាក់​ថា ការ​ដាក់​ពង្រាយ​បច្ចុប្បន្ន​ជា​ផ្នែក​មួយ​នៃ​ការ​ប្តូរ​វេន​គ្នា​របស់​កងកម្លាំង​នៅ​ជួរ​មុខ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​បណ្តា​ប្រតិបត្តិការ​ការពារ​សន្តិសុខ​របស់​កង​ម៉ា​រី​ន​ក្នុង​បណ្តា​តំបន់​ប្រតិបត្តិការ​របស់​កង​នាវាចរណ៍​ទី​៥ និង​ទី​៦ របស់​អា​មេ​រិ​ក ។

យោង​តាម​កាសែត​អា​មេ​រិ​ក THE HILL ថា នាវា TRUMAN ត្រូវ​ទៅ​រួម​ដៃ​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​បារាំង CHARLES DE GAULLE ដែល​គ្រោង​ចេញដំណើរ​នា​ថ្ងៃ​ទី​១៨ វិច្ឆិកា មក​កាន់​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ជួយ​ទ្រទ្រង់​ដល់​យុទ្ធនាការ​ប្រឆាំង​ក្រុម​រដ្ឋ​អិុស្លា​ម​នៅ​អីុរ៉ា​ក់ និង​នៅ​ស៊ី​រី ។

ពេល​បញ្ជូន​នាវា TRUMAN ទៅ​នាវា​ផ្ទុក​យន្តហោះ USS THEODORE ROOSEVELT បាន​ចាក​ចេញពី​ឈូង​សមុទ្រ​ពែ​រ្ស៍​កាលពី​ខែ​មុន ដោយ​នាវា​នេះ​បញ្ចេញ​យន្តហោះ​ទៅ​វាយប្រហារ​១.៨១២​លើក ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​ក្រុម​រដ្ឋ​អិុ​ស្លា​ម ៕