ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស លោក​ហូ​ឡង់ ចង់​កម្ទេច​ក្រុម​រដ្ឋ​អិុស្លា​ម ខណៈ​ស្គាល់​អត្តសញ្ញាណ​ជន​អត្តឃាត​5​នាក់

ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​នៅ​ក្រុងប៉ារីស ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ សន្យា​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា កម្ទេច​អង្គការ​ជី​ហា​ដ ក្រុម​រដ្ឋ​អិុស្លា​ម ហើយ​កង​យន្តហោះ​បារាំង​កាលពី​យប់​ថ្ងៃ​ទី​១៦ មក ១៧ វិច្ឆិកា បាន​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​លើ​មូលដ្ឋាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង​រ៉ា​កា ភាគ​ខាងជើង​ស៊ី​រី ដោយ​កម្ទេច​មជ្ឈមណ្ឌល​បញ្ជាការដ្ឋាន​មួយ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មួយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួង​ការពារ​ប្រទេស​បារាំង​គូសបញ្ជាក់​ថា កងទ័ព​បារាំង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើក​ទី​២ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង​រ៉ា​កា ។ ការ​វាយប្រហារ​តាម​អាកាស​ថ្មី​នេះ​ធ្វើ​ឡើង​នា​វេលា​ម៉ោង​១​និង​៣០​នាទី​ម៉ោង​នៅ​បារាំង ដោយ​មានការ​ចូលរួម​របស់​យន្តហោះ​ប្រដេញ​១០​គ្រឿង ធុន RAFALE  និង​ធុន MIRAGE 2000 ។ យន្តហោះ​ទាំងនេះ​ចេញ​វាយប្រហារ​ពី​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម និង​ហ្ស​ក​ដា​នី ហើយ​ទម្លាក់​គ្រាប់បែក​១៦​គ្រាប់ ។

ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២៩​នាក់ មានការ​ជឿនលឿន​ដោយ​ជន​អត្តឃាត​៥​នាក់​កំណត់​ដឹង​អត្តសញ្ញាណ រួច​មនុស្ស​២​នាក់​ចាប់​ឃុំឃាំង​នៅ​បែ​ល​ហ្ស៊ិ​ក ក៏​ប៉ុន្តែ​ជនសង្ស័យ​សំខាន់​ម្នាក់​នៅ​តែ​គេចខ្លួន ហើយ​កំពុង​តាម​ប្រមាញ់​យ៉ាង​សកម្ម ។

ក្នុង​ចំណោម​ជន​អត្តឃាត​៣​នាក់​ដែល​ស្លាប់​នៅ​ស្តា​ត​បារាំង ម្នាក់​ឈ្មោះ BILAL HADFI ជនជាតិ​បារាំង អាយុ​២០​ឆ្នាំ រស់នៅ​បែ​ល​ហ្ស៊ិ​ក ។ លិខិតឆ្លងដែន​ស៊ី​រី​មួយ​មាន​ឈ្មោះ AHMAD AL MOHAMMAD អាយុ​២៥​ឆ្នាំ កើត​នៅ​ស៊ី​រី​ត្រូវ​បាន​រក​ឃើញ​ជិត​សាកសព​ជន​អត្តឃាត​ម្នាក់​ទៀត ។

ចំពោះ​ក្រុម​វាយប្រហារ​នៅ​មហោស្រព BATACLAN ក្នុង​ចំណោម​ជន​អត្តឃាត​៣​នាក់ ស្លាប់មាន SAMY AMIMOUR  អាយុ​២៨​ឆ្នាំ មាន​ដើម​កំណើត​នា​ជាយ​ក្រុងប៉ារីស ហើយ​សាច់ញាតិ​គេ​៣​នាក់​ចាប់​ឃុំខ្លួន​សួរ​ចម្លើយ ។ សមាជិក​ក្រុម​នេះ​ម្នាក់​ទៀត​ជា​ជនជាតិ​បារាំង​ដែរ អាយុ​២៩​ឆ្នាំ ឈ្មោះ OMAR ISMAIL MOSTEFAI ហើយ​សាច់ញាតិ​គេ​៦​នាក់​ក៏​ត្រូវ​ឃុំខ្លួន ។

ចំណែក​ជន​ឈ្មោះ BRAHIM ABDESLAM  អាយុ​៣១​ឆ្នាំ ជនជាតិ​បារាំង រស់នៅ​បែ​ល​ហ្ស៊ិ​ក​ជា​អ្នក​ធ្វើ​ផ្ទុះ​ក្នុង​ភោជនីយដ្ឋាន​មួយ​នា​មហាវិថី VOLTAIRE  បណ្តាល​ឱ្យ​មនុស្ស​របួស​ច្រើន​នាក់​តែ​គ្មាន​អ្នក​ស្លាប់ ។ ប្អូនប្រុស​ជន​នេះ​ឈ្មោះ SALAH កំពុង​គេចខ្លួន ហើយ​ពេល​នេះ​កំពុង​តាម​ប្រមាញ់​យ៉ាង​សកម្ម​។

លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អះអាង​ថា ការ​វាយប្រហារ​ភេ​វ​កម្ម​នៅ​ក្រុងប៉ារីស​រៀបចំ និង​ចាត់ចែង​នៅ​បែ​ល​ហ្ស៊ិ​ក ហើយ​ធ្វើការ​សម្រេច និង​រៀបចំ​ផែនការ​នៅ​ស៊ី​រី ។

ប្រធានាធិបតី​បារាំង ដែល​ចង់​រួមដៃគ្នា​ប្រឆាំង​ក្រុម​រដ្ឋ​អិុ​ស្លា​មរ​វាង​កងទ័ព​បារាំង ជា​មួ​ួ​យ​កងទ័ព​រុ​ស្ស៊ី និង​កងទ័ព​អា​មេ​រិ​ក នោះ​ត្រូវ​ទទួល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី នា​ថ្ងៃ​ទី​១៧ វិច្ឆិកា ៕