រុស្ស៊ី​អះ​អាង​យន្ត​ហោះ​ខ្លួន​ធ្លាក់​ដោយ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ INTERFAX បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ភ្នាក​ងារ​ស៊ើប​ការណ៍​រុស្ស៊ី FSB បាន​គូស​បញ្ជាក់​ពី​ការ​ធ្លាក់​យន្ត​ហោះ​រុស្ស៊ី​នៅ​តំបន់​ស៊ី​ណៃ​អ៊ី​អេហ្ស៊ីប​ថា មក​ពីការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​។

FSB បញ្ជាក់​ថា ស្នាម​នានា​នៃ​ការ​ផ្ទុះ​ត្រូវ​បាន​​រក​ឃើញ​នៅ​តាម​បំណែកទាំង​ឡាយ​របស់​យន្ត​ហោះ​ AIRBUS A321 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ METROJET ដែល​ធ្លាក់​នៅ​អេហ្ស៊ីប។

លោក​អាឡិច​សាន់​ឌ័រ​ ប៊ត​នី​កូវ ប្រមុខ FSB នា​ឱកាស​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ​ ពូទីន​ និយាយថា គេ​អាច​និយាយ​ថា នោះ​ជា​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​។

ប្រធានា​ធិបតី​រុស្ស៊ី​បាន​បញ្ជា​ដល់​ភ្នាក់​ងារ​សន្តិ​សុខ​ឱ្យ​តាម​ស្វែង​រក​ពួក​អ្នក​វាយ​ប្រហារ​ភរវកម្ម​នេះ ហើយ​ប្រកាស​ពី​ការ​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ស៊ីរី​។

ក្រុម​មួយ​​​ជា​សាខា​រដ្ឋ​អ៊ិស្លាន​នៅ​អេហ្ស៊ីប​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់​ ៕