​ចោរប្លន់​ប្រដាប់​អាវុធ​​១ក្រុម​ ​​ភ្ជង់ប្លន់​យុវជន​ម្នាក់​យកម៉ូតូ​មួយ​គ្រឿង

​រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ត្រូវ​​ក្រុម​ចោរ​ប្លន់ប្រដាប់​អាវុធ​មាន​គ្នា​៦នាក់ ប្រដាប់​ដោយ​កាំភ្លើង​២ដើម ភ្ជង់​ប្លន់​​យក​ម៉ូតូ​​មួយ​គ្រឿង រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព កាល​ពី​វេលា​ម៉ោង​៥និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា ​នៅ​​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ​ស្ថិតនៅ​ភូមិ​អន្លង់​ក្ងាន ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

​ជន​រង​គ្រោះ​ឈ្មោះ ណាត់ សុភ័ស្ត ​អាយុ​៣៣​ឆ្នាំ ជា​កម្ម​ករ​រោង​ចក្រ​ ស្នាក់នៅ​ភូមិ​​​អន្លង់ចាស់ សង្កាត់ព្រៃស ខណ្ឌ​ដង្កោ ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើតហេតុ​​ ​គាត់​​ធ្វើ​ដំណើរ​​​ចេញ​ពីផ្ទះ​​ដោយ​ជិះ​ម៉ូតូ​​ម៉ាក​ហុង​​ដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CI-0692 ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​​ភ្នំពេញ-ហាណូយ​ ក្នុង​គោល​បំណង​ទៅ​ធ្វើ​ការ​ក្នុង​រោង​​ចក្រ​នៅ​​ខណ្ឌ​ព្រែកព្នៅ ​លុះ​មក​ដល់​​​​មុខ​ចំណុច​ហ្គ្រេន​ភ្នំពេញ ស្រាប់​តែ​លេច​មុខ​​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៦នាក់ ជិះ​ម៉ូតូ​៣គ្រឿង​ ប្រដាប់​ដោយ​​​កាំ​ភ្លើង​ខ្លី​២ដើម មក​អែប​​​រួច​ធ្វើ​សកម្ម​ភាព​ដោយ​ដក​កាំភ្លើង​​ខ្លី​ភ្ជង់​គំរាម​បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​​​ពីគាត់​តែ​ម្តង ។

​​យុវជន​រង​គ្រោះ​​បាន​បន្ត​​ថា ​ក្រុម​ជន​ល្មើស​​ដែល​មាន​គ្នា​៦នាក់ ជិះ​ម៉ូតូ​៣គ្រឿង​ ១-​ម៉ាក​វ៉េវ​អាល់ហ្វា ពណ៌​ក្រហម ​២-​ម៉ាកPulsa និង៣-ម៉ាក​ហុង​ដា​​ ធុន​​សេ​១២៥ ​ទាំង​​៣​គ្រឿង​មិន​​ចាំស្លាក​លេខ​ ​ខណៈ​​​​ពេល​​ធ្វើ​សកម្មភាព​​ក្រុម​ចោរ​ប្លន់​ប្រដាប់អាវុធ​ទាំង​នោះ​ហាក់​ដូច​​ជា​មានការ​ភិត​ភ័យ​ខ្លាំង ។​

ក្រោយ​កើតហេតុ ​យុវជន​​​រង​គ្រោះ​បានមកដាក់​ពាក្យ​បណ្តឹង​​នៅ​ប៉ុស្តិ៍នគរ​បាល​​ឃ្មួញ ៕