មន្ត្រី​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ ៣​នាក់​ក្រុម​អ្នករត់​តាក់ស៊ី​ព្រួត​វាយ​រងរបួស​

ភ្នំពេញ: ក្រុមមន្ត្រី​សណ្ដាប់ធ្នាប់​របស់​សាលាខណ្ឌ​សែន​សុខ​ចំនួន​៣​នាក់ បាន​រងរបួស​ហើម​មុខចំនួន​៣​នាក់ ដោយសារ​ក្រុម​អ្នករត់​តាក់ស៊ី​ព្រួត​វាយ ខណៈពេល​កំពុង​ធ្វើ​រៀបចំសណ្ដាប់ធ្នាប់​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខក្រោយពី​ចាប់​រថយន្ត​ចំនួន​៩​គ្រឿង កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០៥ ខណៈ ពេលកំពុង​បំពេញការងារ​។

​លោក ស៊ិន សៀន បាន​និយាយថា ដោយសារ​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី ជា​ផ្លូវ​ដ៏សំខាន់​សម្រាប់​ភ្ញៀវ​ជាតិ និង​ប្រតិភូ​ថ្នាក់ដឹកនាំ​ចេញចូល​ឆ្លងកាត់​រាល់ថ្ងៃ ហើយបទបញ្ជា​របស់​សាលាខណ្ឌ​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង ដេញ​រថយន្តតាក់ស៊ី​កុំ​ឲ្យ​មក​ឈប់​សំចត​តាមផ្លូវ ហៅ​ម៉ូយ មាន​ភាព​រញ៉េរញ៉ៃ​គ្មានសណ្ដាប់ធ្នាប់ លោក​បាន​ណែនាំ​ពួកគេ​ច្រើនសារ​មកហើយ តែ​មិន​ស្តាប់​ក៏​ចាប់យកមក​រក្សាទុក​នៅ​សាលាខណ្ឌ បាន​ចំនួន​៩​គ្រឿង​បន្តបន្ទាប់​គ្នា​កាលពី​ថ្ងៃទី​១៦និង​ថ្ងៃទី​១៧​នេះ ដើម្បី​ធ្វើការ​អប់រំ​។​

​នៅក្នុងពេល​កំពុង​ប្រតិបត្តិការ ក៏ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ អា​ប្រជ្រុយ អាយុ​ប្រហែលជាង​៣០​ឆ្នាំ​រួម​និង​បក្ខពួក​មួយចំនួនទៀត មក​ព្រួត​វាយ​មន្ត្រី​សណ្ដាប់ធ្នាប់របស់លោក បណ្តាល​ឲ្យ​រងរបួស​បែក​មុខ​ម្នាក់ និង​ហើម​មុខ​២​នាក់ តែជនបង្ករ​បាន​រត់គេច​ខ្លួន​បាត់​។​

​មន្ត្រី​សន្តិសុខ សណ្ដាប់ធ្នាប់​សាលាខណ្ឌ​សែន​សុខ ដែល​រងរបួស​ទាំង​៣​នាក់​នោះ ១.ឈ្មោះ​គឿន សែម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​បួស​ធ្ងន់​ជាងគេ​បែក​មុខ​ហើម ព្រុល ។២.​ឈ្មោះ ឡេង សុខលី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ និង​៣. ឈ្មោះ ខៀវ ម៉ុង ភេទ​ប្រុសអាយុ ៣៩ ឆ្មាំ​។​

​ចំណែក​រថយន្ត​តាក់ស៊ី បង្កបញ្ហា ទាំង​៩​គ្រឿង​ដែល​ចាប់បាន​នោះ សុទ្ធតែ​ប្រភេទ​តូ​រី​សដែលមាន​ភិនភាគ​សំគាល់​ពណ៌​និង​ស្លាក​លេខ​ដូចជា ១.​ពណ៌​ស ភ្នំពេញ​2AA 5440។​២​ពណ៌​ខៀវ ភ្នំពេញ 2M 180​។ ៣ ពណ៌​ខៀវ ភ្នំពេញ 2AE 8628​។ ៤​ពណ៌ សភ្នំពេញ 2X6510​។ ៥ ពណ៌ ខៀវ ភ្នំពេញ 2O 0191 ។​៦​ពណ៌​ស ភ្នំពេញ 2G 6215​។​៧ពណ៌​ស កំពង់ស្ពឺ 2A 3100 ។​៨​។​ពណ៌​ខៀវ ភ្នំពេញ​2M 9546 ។​និង​៩​ពណ៌​ស ភ្នំពេញ2Q 3405 ។​

​ការងារ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី ជា​តួនាទី​របស់​ប៉ូលិស ចរាចរណ៍​ខណ្ឌសែន​សុខ​ប៉ុន្តែ ក្រុមមន្ត្រី​ប៉ូលិសចរាច​រណ៍​ខណ្ឌ​បំពាន​បម្រាម​របស់​​លោក​អធិការ ឲ្យ​ទៅ​បង្ក្រាប​រថយន្ត​តាក់ស៊ី​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី បែរជា​ទៅ​ប្រមូលលុយ​ក្បាល​ឡាន​យកលុយ​ចាក់​សាំង​ដោយ​មិន​ឲ្យ​រំលង​មួយ គ្រឿង​ឡើយ​។

​ក្រោយមក​មានការ​រិះគន់​ច្រើន​ពី​អ្នកកាសែត គេ​បាន​តម្រូវ​ឲ្យ​ក្រុម​អ្នករត់​តាក់ស៊ី ដែលធ្លាប់​រកស៊ី​កាក់កប​ជាមួយគ្នា ឲ្យ​បង់លុយ​ដាក់​ខែ​វិញ ជា​ថ្នូរ​នៃ​ការធ្វើ​មិនដឹង​មិនឃើញ​ភាព​រញ៉េរញ៉ៃ​របស់​ក្រុម​អ្នករត់ តាកស៊ី​ទាំងនោះ​។​

​បាតុភាព​នេះ មាន​មន្ត្រីប៉ូលិស​ចរាចរណ៍​មួយចំនួន ត្រូវបាន​សាលាខណ្ឌ​សែន​សុខធ្លាប់​ហៅ​មក​ព្រមាន​ឲ្យ​បញ្ឈប់​ការដើរ​កាង​ឡាន​តាក់ស៊ី​យកលុយ​រាល់ថ្ងៃ នោះ​ម្ដងហើយ កាលពី​ជំនាន់​លោក ឃួ​ង ស្រេង ធ្វើជា​អភិបាលខណ្ឌ ឥឡូវ​ចៅហ្វាយខណ្ឌថ្មី​លោក លី សា​វេត ស្លូត​ពួកគេ​បាន​លួច​បន្តសកម្មភាព​នេះ​ឡើងវិញដោយ​ឡាន​តាក់ស៊ី​ខ្លះ​យកលុយ​ដាក់​ខែ​ផង ឡាន​តាក់ស៊ី​ខ្លះ​យកលុយប្រចាំថ្ងៃ​ផង​ក្នុង​មួយ​ឡាន​បង់​៥០០០​រៀល​ទៅ​១​ម៉ឺន​រៀល​ដោយ​លួចលាក់​។​

​ដោយសារ​មន្ត្រីប៉ូលិស​ខិលខូច​បែបនេះហើយ ទើប​ស្ថានភាព​ឡាន​តាក់ស៊ី​ទាំងនោះបង្ក​នូវ​ភាពអនាធិបតេយ្យ ពេញ​ដងផ្លូវ​សហព័ន្ធរុស្ស៊ី រាល់ថ្ងៃ ដោយ​មិនខ្លាចញញើត​សមត្ថកិច្ច​សោះ ដែល​ក្រោយ​ពេលដែល​សាលាខណ្ឌ​ចាប់​ឡានតាក់ស៊ី​ទាំងនោះ ទើប​បែកធ្លាយ​រឿង​មាន​មន្ត្រីប៉ូលិស​ចរាចរណ៍​ខណ្ឌ​សែន​សុខខ្លះ​លួច​មក​យកលុយ​ដាក់​ខែ​ជាមួយ​អ្នករត់​ឡាន​តាក់ស៊ី​ជាច្រើន​គ្រឿង ដែល​តាមការ​ត្អូញត្អែរ ពី​អ្នករត់​ឡាន​តាក់ស៊ី​ទាំងនោះ​ប្រាប់ ដោយ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះថាគេ​បាន​បង់​ឲ្យ​ប៉ូលិស​ម្នាក់​៥០​ដុល្លារ ខ្លះ​១០០​ដុល្លារ រហូត​១៥០​ដុល្លារ​ក៏មានតាម​ដែល​គេ​បាន​ស្គាល់​នឹងត្រូវ​តម្លៃ​គ្នា ជា​ថ្នូរ​មិន​ចាប់​និង​ផ្តល់​សញ្ញា​ឲ្យ​ដឹងនៅពេល​មានការ​បញ្ជា​ពី​មេ​ឲ្យ មក​ចាប់​ត្រូវ​គេច​បាន​មុន ឬ​មិនត្រូវ​មក​ទីនោះ​៕​

មន្ត្រី​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ ៣​នាក់​ក្រុម​អ្នករត់​តាក់ស៊ី​ព្រួត​វាយ​រងរបួស​