អេស៊ីលីដា ចុះ MOU ជាមួយ​ក្រុមហ៊ុន Microsoft សម្រាប់​ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ IT ដើម្បី​បង្កើន​ផលិតភាព​ការងារ​

ភ្នំពេញ: ធនាគារ​អេស៊ីលីដា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន Microsoft (Microsoft Enterprise Agreement) កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ទទួលបាន​នូវ​ការ​សន្សំសំចៃ​ការចំណាយ និង​ទទួលបាន​មកវិញ​នូវ​ការងារ ដែលមាន​ប្រសិទ្ធ​ភាព​​​ជាង​មុន ជួយ​បង្កើន​ផលិតភាព​ការងារ ប្រព័ន្ធ​កម្មវិធី​ទាន់​សម័យកាល ទប់ស្កាត់​ភាព​ងាយ​រងគ្រោះ​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា ព្រមទាំង​បង្កើន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជារួម​។

ដោយ​ធនាគារ​អេស៊ីលីដា មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស តម្រូវការ​ក្នុង​ការជួយ​ដល់​បុគ្គលិក ដែល​មិន​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ភាសា​កំណើត ឬ​ភាសា​ទី​ពីរ ក៏មាន​ការកើនឡើង​ជា​លំដាប់​ដែរ ដូច្នេះ​ចាំបាច់​ត្រូវមាន​កម្មវិធី Software ដែល​ប្រែ​សម្រួល​ជា​ភាសា​ក្នុងស្រុក ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​។

​ជាមួយគ្នានេះ​ផងដែរ ការពង្រីក​ខ្លួន​យ៉ាង​លឿន​នៃប្រតិបត្តិ​ការ​រប​ស់ធ​នាគារ​អេស៊ីលីដា បាន​នាំ​ឲ្យ​មានការ​ប្រើប្រាស់​នូវ​កម្ម​វិធី Software ខុសៗ​គ្នាច្រើន ដែល​បាន​បង្ក​ជា​ភាពមិន​ស៊ីសង្វាក់​គ្នា មិន​ដំណើរការ​ជាមួយគ្នា​ជា​ប្រក​តី ហើយ​រារាំង​ដល់​ផលិតភាព​ការងារ​ថែមទៀត​ផង​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ធនាគារ​អេស៊ីលីដា បាន​ងាក​ទៅរក​ការប្រើប្រាស់​កម្មវិធី Microsoft Office ដែល​ខ្លួន​បាន​ហៅថា ឧបករណ៍​បេសកកម្ម​សំខាន់ សម្រាប់​ឲ្យ​បុគ្គលិក​ប្រើប្រាស់ ដើម្បី​បង្កើន​ផលិតភាព​ការងារ​។ ការសម្រួល​កម្មវិធី​ជា​ភាសា​ក្នុងស្រុក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​ការប្រើប្រាស់ ហើយ​កម្មវិធី Microsoft Office ក្នុងនាម​ជា​ផលិតផល​ចំណាស់​មួយ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​។​
 
ទោះជា​និយោជិត​ក្នុងស្រុក មាន​សមត្ថភាព​ប្រើប្រាស់​យ៉ាងណាក៏ដោយ ដោយ​ផ្អែកលើ​សន្ទុះ​នៃ​ការលូតលាស់​របស់​ធនា​គារ អេស៊ីលីដា ការដែល​ត្រូវ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ​គ្រប់ពេល គឺ​ត្រូវ​ចំណាយ​ខ្ពស់​។

តាមរយៈ​ការសហការ​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Softline (Cambodia) Co., Ltd ធនាគារ​អេស៊ីលីដា បាន​ពិចារណា​នូវ​ជម្រើស​មួយចំនួន ក្នុងការ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ​របស់ខ្លួន​ស្របតាម​ចំនួន ដែល​ខ្លួន​ត្រូវការ​។ រវាង​អាជ្ញាប័ណ្ណ​ឥត​ដែន​កំណត់ និង​ការ​ជាវ​អាជ្ញាប័ណ្ណ​ទៅតាម​ដំណាក់កាល ធនាគារ​បានសម្រេច​ជ្រើស​រើសយក​ការ​ជាវ​អាជ្ញាប័ណ្ណ​សហគ្រាស ដែលមាន​សក្តានុពល​ផ្ដល់នូវ​គុណ​តម្លៃ​កាន់តែច្រើន​ក្នុង​រយៈពេល​វែង​។

​ការ​ជាវ​អាជ្ញាប័ណ្ណ​សហគ្រាស នឹង​អនុញ្ញាត​ឲ្យ​និយោជិត​ជាង ១១០០០ នាក់​របស់​ធនាគារ​អា​ច​ប្រើប្រាស់​កម្មវិធី​ដែល​ស៊ីសង្វាក់ អាច​ព​ន្លឿ​ន​ដល់​ការផ្ទេរ​ព័ត៌មាន និង​ឯកសារ​នៅក្នុង​ធនាគារ​ទាំងមូល ។ ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ​IT ងាយៗ ជាមួយនឹង​គម្រោង​ចំណាយ​ដែល​អាច​ព្យាករណ៍​បាន លើ​ការ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ គឺអាច​ផ្ដល់​លទ្ធភាព​ដល់​ធនាគារ​អេស៊ីលីដា អាច​វិនិយោគ​ធនធាន​ជាច្រើន​ផ្សេងទៀត ទៅលើ​សកម្មភាព​សំខាន់ៗ​ក្នុងការ​បង្កើត​ប្រាក់ចំណូល​។

លោក Mach Terry អនុប្រធាន​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក IT នៃ​ធនាគារ​អេស៊ីលីដា បាន​ថ្លែងថា​៖ “​ភាព​អាច​ព្យាករណ៍​បាន​នៃ​ការចំណាយ​លើ​ការ​ជាវ​អាជ្ញាប័ណ្ណ​បែប​កិច្ចព្រមព្រៀង​សហគ្រាស​ប្រចាំឆ្នាំ គឺ​ប្រសើរ​ជាង​ការទូទាត់​ជាមុន ដូច្នេះ ជួយផ្ដល់​លទ្ធភាព​ឲ្យ​យើង​អាច​យកប្រាក់​ទៅប្រើ​ប្រាស់​លើ​សកម្មភាព​បង្កើត​ប្រាក់ចំណូល ជាជាង​ការចំណាយ​លើ​ថ្លៃ​អាជ្ញាប័ណ្ណ​ម្ដងៗ​ដ៏​ច្រើន​។

​លោក Bharat Mirchandani នាយក​ផ្នែក​លក់ ប្រចាំ​ទីផ្សារ​ថ្មី ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន Microsoft ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា “​យើង​ជឿថា ការជំរុញ​កម្លាំង​ការងារ​ដោយ​ប្រើ​បច្ចេកវិទ្យា​អាចជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​បង្កើន​ផលិតភាព​ការងារ​ទាំងមូល អាច​សម្រេច​កិច្ចការ​បាន​ច្រើនជាង​មុន និង​អាចបង្កើត​និយាម​ការ​ថ្មី ក្នុងការ​អនុវត្ត​ការងារ​ថែមទៀត​ផង ។ វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុងតែ​រីកលូតលាស់ ដោយ​កំពុងផ្ដល់​ឱកាស​ការងា​រ​យ៉ាងច្រើន ហើយ​យើងខ្ញុំ​ប្តេជ្ញា​ពង្រីក​វត្តមាន​របស់​ក្រុមហ៊ុន និង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​” ៕

អេស៊ីលីដា ចុះ MOU ជាមួយ​ក្រុមហ៊ុន Microsoft សម្រាប់​ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ IT ដើម្បី​បង្កើន​ផលិតភាព​ការងារ​
តំណាង​ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន Microsoft ធ្វើ​សន្និសីទកាសែត​