រយៈពេល​១០​ខែ ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ផ្តល់​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជា​តិ​ខ្មែរ​គំរូ​ថ្មី បាន​ចំនួន​ជិត​៣​លាន​សន្លឹក​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​សាលប្រជុំ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម  មាន​រៀបចំ​កិច្ចប្រជុំ «​បូកសរុប​លទ្ធផល​ការងារ​ផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ រយៈពេល​១០​ខែ ឆ្នាំ​២០១៥» ក្រោម​អធិបតីភាពលោក នាយ​ឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋានអត្តសញ្ញាណ​កម្ម​។​

 ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អគ្គនាយករង លោក​ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ក្រោម​ចំណុះ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ព្រមទាំង លោក អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​លោកអគ្គស្នងការ​នគរ​បាល​ជាតិ លោកស្នងការ​រង​ទទួល​ផែនការ​ងារ​អត្តសញ្ញាណកម្ម​ផងដែរ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឃៀង សុគន្ធា ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ បាន​ឲ្យ​ដឹងថា ចំពោះ​លទ្ធផល ១០​ខែ ចុងក្រោយ​គិតពីខែមករា ដល់​ខែតុលា ឆ្នាំ​២០១៥ ផ្តល់​បាន​ចំនួន ២.៨២៨.៥៣២​សន្លឹក​។ តាម​សន្ទ​ស្សន៍​ប្រមូល​ទិន្នន័យ​រយៈពេល ៣​ខែ​ចុងក្រោយ​ឃើញថា មានការ​កើនឡើង​គិតជា​មធ្យម​ចាប់ពី​២៣៣.៦៥៨​នាក់ ក្នុង​១​ខែ (៧​ខែ​មុន​) កើន​ដល់​ទៅ​៣៩៧.៦៤០នាក់ ក្នុង​១​ខែ (៣​ខែ​ចុងក្រោយ​) បន្ទាប់ពី​បន្ថែម​ថវិកា​ឧបត្ថម្ភ​ដល់​ប្រតិបត្តិការ​។​

​លោក​ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​ឲ្យ​ដឹង​ទៀតថា ការផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ត្រូវបាន​ដំណើរការ​ជា​៣​ជំហាន​៖ ជំហានទី​១.​ផែនការ​ផ្តល់ ២.២​លាន​សន្លឹក ចាប់​អនុវត្ត​ពី​ខែមិថុនា ឆ្នាំ​២០១២ ដល់ខែមីនា ឆ្នាំ​២០១៤ ផ្តល់​បាន​ចំនួន ២.២​លាន​សន្លឹក​តាម​ផែនការ​, ជំហាន​ទី​២.ផែនការ​ផ្តល់ ៥​លាន​សន្លឹក ចាប់​អនុវត្ត​ពី​ខែមេសា ឆ្នាំ​២០១៤ ដល់​ខែធ្នូ ឆ្នាំ​២០១៦លើ​ផែនការ​ចំនួន ៥​លាន​សន្លឹក ជា​លទ្ធផល​បានគិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៥បាន​ចំនួន ២.៩៧០.១៩៩​សន្លឹក​, ជំហាន​ទី​៣.​ផ្តល់​បាន​ចំនួន ៥.៧៧៣.៩០២សន្លឹក ដែល​ក្នុងនោះ​មួយចំនួន​នៅ​សេសសល់​ពី​ផែនការ​ជំហាន​ទិ​២​។ជា​លទ្ធផល​ផ្តល់​បាន​ក្នុង​ផែនការ​ជំហាន​ទី​៣ គិត​ត្រឹម​ខែសីហា ដល់​ខែតុលា ឆ្នាំ២០១៥ បាន​ចំនួន ១.១៩២.៩២២​សន្លឹក​។​

 ដូច្នេះ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ទាំង​៣​ជំហាន បាន​ចំនួន៦.៣៦៣.១២១​សន្លឹក លើ​ចំនួន​ប៉ាន់ស្មាន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ត្រូវ​ផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​រហូតដល់​ឆ្នាំ​២០១៧ ចំនួន​ប្រមាណ១០.៩៤៤.១០១​នាក់ ៕​