បណ្ដឹង​សាទុក្ខ​សំណុំ​រឿង ០០២/០១ ត្រូវផ្អាក​ដោយសារ​កូនក្ដី និង​មេធាវី​ដើរចេញ​ពី​សវនាការ

ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ បានបើកសវនាការលើបណ្តឹងសារទុក្ខក្នុងសំណុំរឿង០០២/០១ តែសវនាការនេះត្រូវបានផ្អាកទៅវិញ ដោយសារតែមេធាវីការពារក្តីជនជាប់ចោទ នួន ជា មិនចូលរួមក្នុងដំណើរការសវនាការ។

យោងតាមសេក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ឬជាផ្លូវការហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានឲ្យដឹងថា ជនជាប់ចោទ នួន ជា ត្រូវបានអនុញ្ញាតឲ្យធ្វើសេចក្តីថ្លែងការណ៍ នៅអំឡុងសវនាការបានលើកឡើងថា លោកមិនពេញចិត្តនឹងចំណាត់ការនីតិវិធី និងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល ដែលមិនកោះហៅសាក្សីបន្ថែម និងបានចោទប្រកាន់ក្រុមចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូលថា មានភាពលម្អៀងដូចចៅក្រមនៃ អង្គជំនុំជម្រះសាលាដំបូងដែរ ដោយមិនបានកោះហៅសាក្សីថ្មីៗបន្ថែមទៀត មកសាកសួរតាមសំណើរបស់គាត់ និងបានបញ្ជាឲ្យមេធាវី កុំឆ្លើយទៅនឹងរាល់សំណួររបស់ភាគីពាក់ពន្ធនានា និងបញ្ជាមិនឱ្យចូលរួមនៅក្នុងដំណើរការសវនាការលើបណ្តឹងសាទុក្ខ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា "ក្រោយពីបានពិភាក្សាគ្នាមួយរយៈរួចមកក្នុងចំណោមចៅក្រមជាតិ និងអន្តរជាតិទាំង៧ រូបរបស់អង្គជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូល បានចេញនូវសេចក្តីសម្រេចផ្ទាល់មាត់មួយ ដោយផ្អាកដំណើរការសវនាការលើបណ្តឹងសាទុក្ខ ដែលគ្រោងធ្វើរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ និងរង់ចាំការសម្រេចលើកាលបរិច្ឆេទថ្មី នៃថ្ងៃសវនាការនាពេលសមស្រប និងបានបញ្ជាឱ្យអង្គភាពគាំពារការពារក្តី ត្រូវធ្វើការស្វែងរកមេធាវីបម្រុងសម្រាប់ការពារក្តីឱ្យលោក នួន ជា"។

ចំពោះការផ្អាកដំណើរការ សវនាការលើបណ្តឹងសាទុក្ខនៅពេលនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា វានឹងមិនធ្វើឲ្យប៉ះពាល់ដល់កាលបរិច្ឆេទ នៃការរំពឹងទុករបស់អង្គជំនុំជម្រះតុលាការកំពូល ក្នុងការប្រកាសសាលដីកាស្ថាពរលើសំណុំរឿង ០០២/០១ នេះ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងត្រីមាសទី២ឆ្នាំ ២០១៦ នោះទេ។

គួរបញ្ជាក់ថា អ.វ.ត.ក កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥បាន ប្រកាសឲ្យដឹងថាខ្លួននឹងបើកសវនាការ លើសំណុំរឿង ០០២/០១ ចាប់ពី ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ៕