អា​ជ្ញា​ធរ​អាវុធ​គីមី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការ​ហាមឃាត់​អាវុធ​គីមី​

ខេត្តកោះកុង​ ៖​ អាជ្ញា​ធរ​អាវុធ​គីមី​បាន​ធ្វើ​ការ​​ផ្សា​ព្វ​ផ្សាយ​ច្បាប់​ ស្តី​ពី​ការ​ហាម​​ឃាត់​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ​អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​ដល់​មន្ត្រី​ពាក់ព័ន្ធ​​នានា​ក្នុង​​ខេត្តកោះកុង​ នា​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​សាលាខេត្ត​កោះកុង​ ។

ថ្លែង​ចំពោះ​មុខ​សិក្ខាកាម​ប្រមាណ​ជិត​២០០​នាក់ លោក​ឧត្តមសេនីយ៍ឯក  ហេង វុ​ទ្ធី​ អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ ​ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍​ពាក់ព័ន្ធ​​​បញ្ហា​នានា ស្តី​ពី​ការ​ទប់ស្កាត់​អាវុធ​មហា​ប្រល័យ ដើម្បី​បាន​យល់​ដឹង​កាត់​តែ​ស៊ីជម្រៅ មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់​ក្នុង​កា​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។​ ជាង​នេះ​ទៀត ​​ដើម្បី​ផ្សព្វផ្សាយ​ពី​ក្រប​ខ័ណ្ឌ​ច្បាប់​សម្រាប់​ហាមឃាត់​​អាវុធ​គីមី អា​វុន​យ​ក្លេ​អ៊ែ​រ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម ព្រោះថា​ អាវុធ​ទាំងនោះ​បាន​និងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​នឹង​​ក្តី​បារម្ភ​យ៉ាង​ខ្លាំងរបស់​មនុស្សជាតិ ​ទាំង​នៅ​ក្នុងតំបន់​​និង​ពិភពលោក​ទាំងមូល ។

លោក ហេង វុ​ទ្ធី​ ​បាន​បន្ត​ថា ​ការ​ផ្សព្វផ្សាយ​នេះ​​​ដើម្បី​បង្កើន​សន្តិសុខសុវត្ថិភាព​សម្រាប់​ការ​រស់នៅ​ជូន​ប្រជាជន​ពលរដ្ឋ ​ក៏​ដូច​ជា​កា​អនុវត្ត​ណែនាំ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ​។ ​​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ប្រទេស​នានា​ក្នុង​តំបន់ ​និងលើពិភពលោក សុទ្ធតែ​មាន​បំណង​ដូច​ៗ​គ្នា គឺ​ប្រឆាំង​ទប់ស្កាត់​ការ​ប្រើប្រាស់​សារធាតុ​គីមី​ពុល អាវុធ​គីមី  អាវុធ​នុយ​ក្លេ​អ៊ែ​រ អាវុធ​ជីវសាស្ត្រ អាវុធ​វិទ្យុសកម្ម និង​បង្ក្រាប​រាល់​​អំពើ​ភេ​រវ​កម្ម​ដើម្បី​រក្សា​ស្ថិរ​ភា​ព​​សង្គម​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ពោល​គឺ​ចង់បាន​សង្គម​មួយ តំបន់​មួយ​ ប្រទេស​មួយ ​ចាក់​ផុត​ពី​សង្គ្រាម និង​អំពើ​វិនាសកម្ម​ផ្សេង​ៗ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ពុល ។

ជាមួយ​គ្នា​នេះ​​ដែរ លោក​ឧត្តមសេនីយ៍ឯក ហេង វុ​ទ្ធី​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ទិន្នន័យពី​ប្រភេទ​ជំងឺរបស់​ក្រសួងសុខាភិបាល និង​អង្គកា​រសុខភាព​ពិ​ភ​លោក​ថ្មី​ៗ​ថា សន្ទុះ នៃ​ជំងឺមិនឆ្លង​បាន​លេចឡើង​ទន្ទឹម​នឹង​និន្នាកា​រនៃ​ការ​ថយ​ចុះ​ជំងឺ ដូច​ជា ជំងឺរបេង ជំងឺគ្រុនចាញ់... ​។

ទាក់ទិន​នឹង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ​ លោកឧត្តមសេនីយ៍ឯក​​បាន​បន្ត​​ថា ​រាជរដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើអនុសញ្ញា​ហាមឃាត់​អាវុធ​គីមី និង​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញាអន្តរជាតិ​ រួមមាន​​ ​អនុសញ្ញា​ប្រឆាំង​អាវុធ​នុយក្លេអ៉ែរ អនុសញ្ញា​ប្រឆាំង​ការ​ផលិត​ និង​ការ​ប្រើប្រាស់​អាវុធ​ធុន​ស្រាល  អនុ​ញ្ញា​ប្រឆាំង​អំពើ​ភារវ​កម្ម ​អនុសញ្ញា​អាវុធ​ជីវសាស្ត្រ និង​អនុសញ្ញា​ជា​ច្រើន​ទៀត​ ។

លោក​ឧត្តមសេនីយ៍ឯក ​​បាន​បញ្ជាក់​ថា ​ខ្ញុំ​សង្ឃឹមថា ពិ​ធី​ផ្សព្វផ្សាយ​ច្បាប់​នេះ​​នឹង​នាំ​មក​នូវ​ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍​ល្អ​ៗ រវាង​គ្នា​នឹង​គ្នា​ដើម្បី​រួម​​សហការ​ផ្សា​ព្វ​ផ្សាយ​ដល់​មូលដ្ឋាន​ បង ប្អូន កូន ចៅ ក្រុមហ៊ុន​អាជីវករ រោងចក្រ សហគ្រាស ដែលស្ថិត​ក្នុង​មូលដ្ឋាន មានការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន​ដើម្បី​​បញ្ចៀសឲ្យ​បាននូវ​រាល់​បញ្ហា​ដែល​អាច​កើត​មាន​ឡើង ពី​ផល​ប៉ះពាល់​ពី​អាវុធ​ទាំងនេះ​ ពិសេស ពីសារធាតុ​គីមី​ផ្សេង​ៗ​ ៕