ទារិកា​ចម្លែក​ដក​ដង្ហើម​តាម​ច្រមុះ​ទាំង​ពីរ ព្រោះ​កើត​មក​មាន​ក្បាល​ដល់​ទៅពីរ

បរទេស៖ មនុស្សរាប់ពាន់នាក់ បាននាំគ្នាផ្អើលឈូឆភ្លូកទឹកភ្លូកដីទៅកាន់មន្ទីរពេទ្យមួយ ក្នុងប្រទេសបង់ក្លាដេស ដើម្បីទៅមើលទារិកាម្នាក់ ដែលទើបនឹងចាប់កំណើតថ្មោងថ្មី ប៉ុន្តែអភ័ព្វអ្វីគឺនាងតូចមានក្បាលដល់ទៅពីរ ។

បុគ្គលិកពេទ្យនៅតំបន់ Dhaka បាននិយាយថា ទារិកាដ៏តូចនេះចាប់ប្រសូត្រពីផ្ទៃម្តាយកាលពីថ្ងៃពុធសប្តាហ៍មុន ហើយ ពេលនេះក្មេងនៅមានសុខភាពទន់ខ្សោយ ដោយត្រូវដាក់ឲ្យស្ថិតក្រោមការមើលថែរបស់គ្រូពេទ្យ ព្រោះតែគេកើតមក មានក្បាលដល់ទៅពីរ ខុសពីទារកទូទៅ ។

ទារិកាដ៏ចម្លែកនេះអាចបរិភោគអាហារដោយប្រើមាត់ទាំងពីរ ហើយក៏ដកដង្ហើមតាមច្រមុះទាំងពីរដែរ ប៉ុន្តែ Mia ដែលជាឪពុកក្មេងបានប្រាប់ថា កូនគាត់ និងប្រពន្ធមានសុខភាពធម្មតាទេ ហើយទារិកាជាកូនគាត់ក៏មានអវយវៈភេទតែ មួយដូចក្មេងទូទៅដែរ ដោយគ្រាន់តែចម្លែកមានក្បាលពីរប៉ុណ្ណោះ ។

មនុស្សជាច្រើនដែលចង់ឃើញទារិកាចម្លែកនេះបាននាំគ្នាពពាក់ពពូនមកមើលនាងតូចដោយម្នាក់ៗបានកាន់បាច់ផ្កាមកជាមួយផង ហើយក៏មានអ្នកឧបត្ថម្ភថវិកាខ្លះដែរ ព្រោះឪពុកទារិកានិយាយថា គាត់ និងប្រពន្ធគឺក្រីក្រណាស់មិនដឹងថា អាចមានលទ្ធភាព ចំណាយលើថ្លៃពេទ្យបាន ឬអត់ទេ ៕

ទារិកា​ចម្លែក​ដក​ដង្ហើម​តាម​ច្រមុះ​ទាំង​ពីរ ព្រោះ​កើត​មក​មាន​ក្បាល​ដល់​ទៅពីរ