ញត្តិ​សហជីព​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​សហជីព​និង​​ព្រមានថានឹង​​តវ៉ា

សហជីព​មួយ​ចំនួន​ដែល​តំណាង​កម្មករ​វិស័យ​កាត់ដេរ​ប្រហែល​៧០០.០០០​នាក់​បាន​ដាក់​ញត្តិ​ទៅ​តំណាង​រាស្ត្រ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ដ៏​សំខាន់​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស មុន​ពេល​អនុម័ត​ច្បាប់​នេះ និង​បាន​ព្រមាន​ថា នឹង​មាន​ការ​តវ៉ា​ដ៏​ធំ ប្រសិនបើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ។

ច្បាប់​គ្មាន​ប្រជាប្រិយ ដែល​ត្រូវ​បាន​សម្រេច​យល់ព្រម​ដោយ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃសុក្រ នឹង​កំណត់​វិធាន​ថ្មី​សម្រាប់​ការ​បង្កើត និង​ការ​រំលាយ​សហជីព ហើយ​ទាំង​សហជីព ទាំង​ម្ចាស់​រោង​ចក្រ​កាត់ដេរ​បាន​បាន​រិះគន់​ច្បាប់​នេះ។

ញត្តិ​នៅ​ថ្ងៃ​ច័ន្ទ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​មេដឹកនាំ​សហជីព​១៨​នាក់ និង​បាន​ប្រគល់​ទៅ​គណៈ​កម្មការ​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​នៃ​សភា​ជាតិ។

លោក អាត់ ធន់ ដែល​ជា​ប្រធាន​សហជីព​ឯករាជ្យ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា និង​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​នោះ បាន​មាន​ប្រសាសន៍​ថា ជម្រើស​ដំបូង​របស់​ពួកគេ​​គឺមិន​ត្រូវ​មាន​ច្បាប់​សហជីព​ទេ។

លោក​បាន​បន្ថែម​ថា “ប៉ុន្តែ ដោយ​ហេតុ​ថា​រដ្ឋាភិបាល​ចង់​មាន​វា យើង​ចង់​មាន​ច្បាប់​ល្អ​មួយ​សម្រាប់​សហជីព​និង​កម្មករ”។

តាំង​ពី​ខែ​កក្កដា ជា​ពេលវេលា​ចុងក្រោយ​ដែល​ក្រសួង​ការងារ​បាន​ផ្តល់​ព័ត៌មាន​សង្ខេប​ដល់​សហជីព​និង​និយោជក​អំពី​ច្បាប់​នេះគឺថា សេចក្តី​ព្រាងច្បាប់​ចែង​ថា សហជីព​មួយ​អាច​បង្កើត​ឡើង​ដោយ​មនុស្ស​យ៉ាងតិច​១០​នាក់ ហើយ​សហជីព​មួយ​អាច​ត្រូវ​រំលាយ​ដោយ​សមាជិក​២៥​ភាគរយ​របស់​ខ្លួន ហើយ​ថា ត្រូវ​ការ​សំឡេង​៥០​ភាគរយ​បូក​មួយ​ជា​ចាំបាច់​ដើម្បី​សម្រេច​ឲ្យ​មាន​កូដកម្ម។

លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា សហជីព​ដែល​គាំទ្រ​ញត្តិ​នេះ​មិន​ចង់​ឃើញ​ការ​ដាក់​កម្រិតទាប​​លើ​ចំនួន​មនុស្ស​ដែល​អាច​បង្កើត​សាខា​សហជីព​មួយ​នៅ​រោងចក្រ​ណា​មួយទេ​ ហើយក៏​ចង់​បាន​ច្បាប់​កាន់តែ​ពិបាក​ក្នុងការ​រំលាយ​សហជីព និង​ងាយស្រួល​ធ្វើ​កូដកម្ម។

ទោះជា​ដូចនេះ​ក្តី សហជីព​មិន​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​បច្ចុប្បន្ន​មាន​លក្ខណៈ​បែប​ណា​ទេ ពីព្រោះ​រដ្ឋាភិបាល​មិនទាន់​បាន​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​ពេញលេញ ចាប់​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​មក។

លោក អាត់ ធន់ បាននិយាយ​ថា “ថ្មីៗនេះ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​យើង​នូវ​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ ដូច្នេះ យើង​មិន​ដឹង​ថា មាត្រា​ណា​ខ្លះ​ដែល​គេ​បាន​កែប្រែ និង​មាត្រា​ណា​ខ្លះ​ដែល​ពួកគេ​រក្សា​ទុក​ដដែលនោះទេ​។ ប្រសិនបើ​សភាជាតិ​អនុម័ត​​ដោយ​គ្មាន​ការ​កែប្រែ​ណា​មួយ ហើយ​ធ្វើ​ឲ្យ​ពិបាក​ដល់​សហជីព​និង​កម្មករ យើង​នឹង​តវ៉ា​ប្រឆាំង​វា”។

លោក ឈាង វុន អ្នកនាំពាក្យ​សភា និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាងច្បាប់​នោះ​មិន​ទាន់​បាន​មកដល់​សភា​នៅ​ឡើយ​ទេ។

ម្ចាស់​​រោងចក្រ​ចង់បាន​ការ​ចាប់​ផ្តើម​សម្រាប់​ការ​បង្កើត​សហជីព​មួយ​ដូចមាន​កន្លង​មកហើយ​ គឺ​២០ភាគរយ​នៃ​និយោជិត​នៅកន្លែង​ធ្វើការ៕និត

 

The post ញត្តិ​សហជីព​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​សហជីព​និង​​ព្រមានថានឹង​​តវ៉ា appeared first on ខេមបូឌា ដេលី.