Aston Villa គ្រោង​ចំណាយ​8​លាន​ផោន ទិញ​ខ្សែប្រយុទ្ធ​ក្លិប QPR ដើម្បី​ជួយ​សង្គ្រោះ​ក្លិប

ក្លិប Aston Villa ត្រៀម​ដាក់​សំណើ​៨​លាន​ផោន​ទិញ​កីឡាករ​ឆា​លី អូ​ស្ទី​ន ខ្សែប្រយុទ្ធ ក្លិប​QPR  ក្នុងអំឡុងពេល​បើក​ទីផ្សារ​ជុំ​ទី​២​នៅ​ឆ្នាំ​ក្រោយ ។

១២​ប្រកួត​នៅ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​រ៉េ​មី ហ្គា​ដ គ្រូបង្វឹក​ជនជាតិ​បារាំង ក្លិប​Aston Villa មាន​៥​ពិន្ទុ​ដែល​ពេល​នេះ​មាន​លេចឮ​ដំណឹង​ថា ចាប់អារម្មណ៍​លើ​កីឡាករ​ឆា​លី អូ​ស្ទី​ន ខ្សែប្រយុទ្ធ​ក្លិប​QPR ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​ឆេ​ម​ពាន​ស៊ី​ប​អង់គ្លេស ។ កីឡាករ​ឆា​លី អូ​ស្ទី​ន នឹង​ចប់​កុងត្រា​ក្នុង​ដំណាច់​រដូវ​កាល​នេះ ហេតុ​ដូច្នេះ​ទើប​មានឱកាស​ខ្ពស់​ទៅ​លេង​ឱ្យ​ក្លិប​Aston Villa  ខណៈ​កាលពី​ឆ្នាំ​មុន​ខ្សែប្រយុទ្ធ​អាយុ​២៦​ឆ្នាំ​រូប​នេះ លេង​បាន​ល្អ​ឱ្យ​ក្លិប​QPR នៅ​ប្រឺ​មី​ញេ​លី​ក អាច​ស៊ុត​បញ្ចូល​ទី​បាន​១៨​គ្រាប់​ពី​ការ​ប្រកួត​ចំនួន​៣៥​លើក ។

ក្លិប​QPR ក៏​ត្រូវ​ត្រិះ​រិះ​ឱ្យ​បាន​ល្អ​ក្នុង​ការ​បណ្ដោយ​ឱ្យ​ឆា​លី អូ​ស្ទី​ន ចាកចេញ​ដែរ ព្រោះ​គេ​ជា​កម្លាំង​សំខាន់​ក្នុង​ការ​ជួយ​ក្លិប​ដែល​អាច​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៧​គ្រាប់​ពី​ការ​ប្រកួតចំនួន​១២​លើក ស្ថិត​នៅ​លំដាប់​ទី​១៣​នៃ​ឆេ​ម​ពាន​ស៊ី​ប​មាន​២០​ពិន្ទុ ។

រីឯ​ក្លិប Aston Villa កាលពី​រដូវ​កាល​មុន​ក៏​បាន​លក់​កីឡាករ​គ្រី​ស្ទៀ​ន បេន​តេ​ហ្គេ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ឱ្យ Liverpool ប៉ុន្តែ​ខ្សែប្រយុទ្ធ​ដែល​ទិញ​ចូល​វិញ​សុទ្ធ​សឹង​ជា​កីឡាករ​ស្ថិត​ក្នុង​ក្ដី​អស់សង្ឃឹម ៕