ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង​ប្រើ​ទូរស័ព្ទ​ឆែក​ព័ត៌មាន​តាម​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ

មន្ត្រី​រាជការ អ្នក​ជំនួញ និង​ប្រជាពលរដ្ឋ​សាមញ្ញ​ភាគ​ច្រើន តែង​តែ​ចំណាយ​ពេល​ខ្លី ឬ​វែង អង្គុយ​នៅ​តាម​តៀម​កាហ្វេ ឬ​ភោជនីយដ្ឋាន ដើម្បី​ទទួល​ទាន​អាហារ​ផង និង​ប្រើ​អ៊ីនធឺណិត (Internet) ឆែក​មើល​ព័ត៌មាន​ផង។ បច្ចុប្បន្ន ដោយ​បច្ចេកវិទ្យា​ទំនើប  និង​សេវាកម្ម​អ៊ីនធឺណិត​កាន់​តែ​ប្រសើរ​នោះ នៅ​តាម​ហាង​បាយ និង​កន្លែង​លាង​ឡាន​ម៉ូតូ​ខ្លះ​ក្នុង​ក្រុង​កំពង់ឆ្នាំង មាន​បំពាក់​ឧបករណ៍​វ៉ាយហ្វាយ (Wifi)។

ក្រុមហ៊ុន​ឯកជន និង​សហគ្រាស​របស់​រដ្ឋ​ដែល​ជា​ប្រតិបត្តិករ​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​នៅ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា សព្វថ្ងៃ​មាន​អតិថិជន​នៅ​ក្រុង និង​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ បាន​ជាវ​សេវាកម្ម​នេះ​ជិត ១​ពាន់​កញ្ចប់ ឬ ១​ពាន់​គ្រឿង (៨៣៧​គ្រឿង)។ នៅ​តាម​ហាង​ដែល​បំពាក់​ឧបករណ៍​វ៉ាយហ្វាយ មាន​មនុស្ស​អ៊ូអរ​អង្គុយ​ពិសា​អាហារ និង​កាន់​ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​ទំនើប​អាច​បើក​អាន​ព័ត៌មាន​បាន។

កំពុង​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​មិត្តភ័ក្ដិ​ពីរ​នាក់​ផ្សេង​ទៀត​នៅ​ហាង​តូច​មួយ ក្បែរ​សាលា​សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង គឺ​លោក ញឹម ប៊ុនថន មាន​ប្រសាសន៍​ថា ក្នុង​មួយ​ថ្ងៃ​លោក​ចំណាយ​ពេល​ចន្លោះ​ពី ១​ម៉ោង​ទៅ ៣​ម៉ោង ដើម្បី​អង្គុយ​ផឹក​កាហ្វេ​បណ្ដើរ និង​ឆែក​មើល​ព័ត៌មាន​បណ្ដើរ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​លោក។ លោក​បាន​ងាក​ពី​ការ​មើល​វីដេអូ​ដែល​គេ​ដាក់​បញ្ចាំង​តាម​តៀម​កាហ្វេ មក​ចាប់​អារម្មណ៍​ព័ត៌មាន​តាម​ទូរស័ព្ទ​វិញ​ម្ដង​រយៈពេល​ប្រមាណ ៤​ឆ្នាំ​ហើយ ដោយ​តាម​រយៈ​ទូរស័ព្ទ​មាន​ព័ត៌មាន​ចម្រុះ​ជាង៖ «ដល់​ពេល​ឥឡូវ​នេះ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត យើង​អាច​ស្ដាប់​ក៏​បាន មើល​ក៏​បាន។ ដល់​ពេល​ទៅ​ផ្ទះ​មើល​ទៀត (ឆែក​អ៊ីនធឺណិត​តាម​ទូរស័ព្ទ) មាន​ការងារ​អី​រក​រត់​ម៉ូតូ​ឌុប ខែ​ធ្វើ​ស្រែ​ទំនេរ​រក​ស្មៅ​ឲ្យ​គោ​ស៊ី​អ៊ីចឹង​ទៅ»

ចំណែក​បុរស​ម្នាក់​ទៀត​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ដៃ​ក្បែរ​នោះ គឺ​លោក ភិន សុវណ្ណ ប្រាប់​ថា លោក​ជា​ជាង​ថត​រូប ហើយ​តែង​តែ​ចំណាយ​ពេល​យ៉ាង​តិច ១​ម៉ោង​នៅ​តៀម​កាហ្វេ​ប្រើ​អ៊ីនធឺណិត ប៉ុន្តែ​លោក​អាច​ចំណាយ​ពេល​ច្រើន​ជាង​នេះ បើ​ថ្ងៃ​ណា​អ៊ីនធឺណិត​ដែល​ភ្ជាប់​តាម​ទូរស័ព្ទ​មាន​បញ្ហា ឬ​ល្បឿន​យឺត​ពេក។ លោក​ថា គ្រួសារ​របស់​លោក​ចូល​ហូប​អាហារ ឬ​កាហ្វេ ទាល់​តែ​ហាង​នោះ​មាន​អ៊ីនធឺណិត៖ «យើង​ចង់​រក​របរ​អ្វី​មួយ បើ​យើង​អត់​តាម​ដាន​មើល​សេដ្ឋកិច្ច​ទីផ្សារ​គេ​ទេ យើង​ក៏​អត់​រក​ស៊ី​កើត​ដែរ។ អ៊ីចឹង​នៅ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក (Facebook) ក៏​មាន​អ្នក​ធ្វើ​អាជីវកម្ម​តាម​ហ្នឹង​ដែរ ដល់​ចឹង​យើង​អាច​មើល​ដឹង​តាម​ហ្នឹង»

ដោយ​មិន​រាប់​ពី​ក្លឹប​កម្សាន្ត និង​សណ្ឋាគារ​ធំៗ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង មាន​ហាង​លក់​បាយ កាហ្វេ និង​កន្លែង​លាង​ឡាន​ម៉ូតូ​ភាគ​ច្រើន ក៏​បំពាក់​ឧបករណ៍​ភ្ជាប់​អ៊ីនធឺណិត​ប្រើប្រាស់​ដែរ។ ម្ចាស់​ហាង​បញ្ជាក់​ថា ការ​បំពាក់​វ៉ាយហ្វាយ ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​ពិសា​អាហារ ឬ​ផឹក​កាហ្វេ​ដែរ ក្រៅ​ពី​ការ​ទាក់ទាញ​ដោយ​រសជាតិ​អាហារ អនាម័យ តម្លៃ និង​កន្លែង​អង្គុយ​ពិសា ឬ​ទីធ្លា​ចត​យាន​ជំនិះ​ទូលាយ ជាដើម។

ម្ចាស់​ហាង​លក់​បាយ គុយទាវ និង​កាហ្វេ​មួយ​កន្លែង​នៅ​សង្កាត់​ប្អេរ គឺ​អ្នកស្រី ស្រ៊ន ចន្ធី ថ្លែង​ថា សព្វថ្ងៃ​ភ្ញៀវ​ស្ទើរ​គ្រប់​គ្នា​មាន​ទូរស័ព្ទ​ទំនើប ឬ​អាច​ប្រើ​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​បាន​ជក់​ចិត្ត​នឹង​ចុច​មើល​រឿង ឬ​ព័ត៌មាន​បណ្ដើរ និង​ពិសា​គុយទាវ​បណ្ដើរ។ អ្នកស្រី​ទទួល​ស្គាល់​ថា ការ​បំពាក់​ឧបករណ៍​វ៉ាយហ្វាយ​ដើម្បី​ភ្ជាប់​អ៊ីនធឺណិត អាច​ទាក់ទាញ​ភ្ញៀវ​ដែរ ប៉ុន្តែ​ប៉ុន្មាន​ខែ​មក​នេះ អ៊ីនធឺណិត​របស់​គាត់​ល្បឿន​យឺត​ពេក៖ «អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​មិត្ដហ្វូត (Metfone) ធ្វើ​ម៉េច​ឲ្យ​ដំណើរ​ការ​បាន​ល្អ កុំ​ឲ្យ​រអាក់រអួល ហើយ​ភ្ញៀវ​ដែល​មក​ញ៉ាំ​ភាគ​ច្រើន គឺ​គេ​ចង់​មើល​អ៊ីនធឺណិត​ដោយ​គេ​ញ៉ាំ​បណ្ដើរ និង​លេង​បណ្ដើរ»

អ្នកស្រី​បញ្ជាក់​ថា ក្នុង​មួយ​ខែ​គាត់​ចំណាយ​ប្រាក់​ជិត ១០០​ដុល្លារ ដើម្បី​បង់​សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​មិត្ដហ្វូន (Metfone) និង​ថ្លៃ​ភ្លើង​បញ្ចាំង​ទូរទស្សន៍​ឲ្យ​ភ្ញៀវ​ចូល​ពិសា​អាហារ​មើល​រឿង ឬ​ព័ត៌មាន។

ប្រតិបត្តិករ​ក្រុមហ៊ុន​មិត្ដហ្វូន (Metfone) និង​ទូរគមនាគមន៍​កម្ពុជា ខេត្ត​កំពង់ឆ្នាំង អះអាង​ស្រដៀង​គ្នា​ថា អតិថិជន​ចាប់​ផ្ដើម​ជាវ​កញ្ចប់​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​នៅ​អំឡុង​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន ឬ​សហគ្រាស​កំពុង​ពង្រីក​វិសាលភាព​សេវាកម្ម​អ៊ីនធឺណិត​ឲ្យ​ដល់​អតិថិជន​កាន់​តែ​ប្រសើរ។ តំណាង​ក្រុមហ៊ុន​មិត្ដហ្វូន ឲ្យ​ដឹង​ថា សព្វថ្ងៃ​ខ្លួន​មាន​អតិថិជន​ជាវ​អ៊ីនធឺណិត​ចំនួន ៥៨៦​នាក់ ឬ​កញ្ចប់ នៅ​គ្រា​ដែល​សហគ្រាស​ផ្គត់ផ្គង់​អ៊ីនធឺណិត​របស់​រដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ មាន​អតិថិជន​ចំនួន ២៥១​នាក់ ឬ​កញ្ចប់។

ប្រធាន​សាខា​ទូរគមនាគមន៍​កម្ពុជា ខេត្ត​កំពង់ឆ្នាំង លោក ព្រំ គឹមសួរ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ខាង​លោក​បាន​ភ្ជាប់​សេវាកម្ម​អ៊ីនធឺណិត​នៅ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​កំពង់ត្រឡាច ហើយ​ត្រៀម​ត​ភ្ជាប់​បណ្ដាញ​នេះ​ទៅ​ស្រុក​បរិបូរណ៍ មួយ​ទៀត។ លោក​ថា អតិថិជន​បាន​ជាវ​សេវាកម្ម​នេះ​កាន់​តែ​ច្រើន ដោយ​ចំនួន​អ្នក​ប្រើប្រាស់​កើន​ដែរ ជាក់ស្ដែង​សិស្ស​សាលា​បាន​ប្រើ​អ៊ីនធឺណិត​យ៉ាង​ច្រើន៖ «ខាង​តេឡេខម (Telecom) ឯកឧត្ដម​អគ្គនាយក​បាន​ពង្រីក​ពី​ប្រព័ន្ធ​ដែល​ប្រើ​បច្ចុប្បន្ន អេស.ធី.អិម (STM) ១៦ ទៅ អេស.ធី.អិម ៦៤ មាន​ន័យ​ថា យើង​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត អ៊ីចឹង​នៅ​ខាង​មុខ​ទៀត​មាន​ការ​សហការ​ជាមួយ​អន្តរជាតិ​ច្រើន នឹង​ពង្រីក​ឲ្យ​វិស័យ​អ៊ីនធឺណិត​កាន់​តែ​ធំ និង​ប្រើ​ល្អ​ជាង​ហ្នឹង»

ទិន្នន័យ​មូលដ្ឋាន​ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញ​ថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន​២៩ កំពុង​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​អចល័ត។ ចំណែក​ក្រុមហ៊ុន​ចំនួន​៨ ផ្សេង​ទៀត កំពុង​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ចល័ត​នៅ​កម្ពុជា។ នៅ​ក្នុង​ទិន្នន័យ​របស់​ក្រសួង​ដដែល ឲ្យ​ដឹង​ថា អតិថិជន​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​ទាំង​ចល័ត និង​អចល័ត មាន​សរុប​ជាង ៦​លាន​នាក់ (៦.២៥៦.៣៨៨​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។