លោក សម រង្ស៊ី៖ លោក ហោ ណាំហុង ចាញ់​ក្ដី​លោក​នៅ​បារាំង​រឿង​បរិហារកេរ្តិ៍

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថា ក្ដី​ក្ដាំង​រវាង​លោក និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ហោ ណាំហុង ត្រូវ​បាន​តុលាការ​ប្រទេស​បារាំង​កាត់​ក្ដី​ឲ្យ​លោក​ឈ្នះ ប៉ុន្តែ​តុលាការ​កម្ពុជា​កាត់​ក្ដី​ឲ្យ​លោក​ចាញ់។

លោក សម រង្ស៊ី បញ្ជាក់​បែប​នេះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា កាល​ពី​ថ្ងៃ ២៧ ខែ​មេសា ឆ្នាំ​២០១១ តុលាការ​កំពូល​បារាំង បាន​កាត់​ក្ដី​ឲ្យ​លោក​ឈ្នះ​លោក ហោ ណាំហុង ជាចុងក្រោយ និង​ជា​ស្ថាពរ លើ​បណ្ដឹង​បទ​បរិហារកេរ្តិ៍។

ប៉ុន្តែ​លោក សម រង្ស៊ី ចាត់​ទុក​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ​ដែល​កាត់​ក្ដី​ឲ្យ​លោក ហោ ណាំហុង ឈ្នះ​លោក​ដូច្នេះ៖ «នៅ​ឆ្នាំ ២០១៣ នៅ​ចំពោះ​មុខ​តុលាការ​កម្ពុជា​សព្វ​ថ្ងៃ ដែល​មិន​ឯករាជ្យ លោក ហោ ណាំហុង បែរ​ជា​ឈ្នះ​ក្ដី​ទៅ​វិញ ក្នុង​រឿង​តែ​មួយ​នេះ ដែល​ខ្ញុំ​ចោទ​គាត់​ថា​បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរ​ក្រហម នៅ​ក្នុង​គុក​បឹង​ត្របែក នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​១៩៧០»

រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី មិន​ទាន់​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ឡើយ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​សើរើ​រឿង​ចាស់​នេះ ដើម្បី​ដាក់​បន្ទុក​ឲ្យ​លោក សម រង្ស៊ី អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ។ ចំណែក​សមាជិកភាព​រដ្ឋសភា​របស់​លោក ក៏​ត្រូវ​បាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ប្រកាស​ដក​ពី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ផង​ដែរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។