ព្រំដែន​នៅ​ដាក់​ដាំ៖ «ត្រូវ​មើល​ទាំង​ផែនទី​ធៀប​នឹង​ផែនដី»

សម្រាប់អ្នកតាមដាន ព្រឹត្តិការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា បានធ្វើអត្ថាធិប្បាយថា ខ្មែរទាំងអស់ គួរ​បញ្ឈប់​ការ​ឈ្មោះ​គ្នា រឿង​«លើផែនទី» ហើយសុំឲ្យក្រឡេក​មកមើលផែនដីវិញ ថាតើអ្វីដែលសំខាន់ អ្វី​ជា​បញ្ហា​ប្រឈម និង​អ្វី​ដែល​ត្រូវ ឬ​បន្ត​ដោះស្រាយពិតប្រាកដនោះ ដោយធៀបទៅនឹងផែនទី​ជាផ្លូវការ។
ព្រំដែន​នៅ​ដាក់​ដាំ៖ «ត្រូវ​មើល​ទាំង​ផែនទី​ធៀប​នឹង​ផែនដី»
នៅលើផ្លាកនេះ មានសរសេរអក្សរវៀតណាមធំៗ មុននឹងដាក់អក្សរខ្មែរ តូចជាង មានន័យថា៖ ខ្សែក្រវាត់ព្រំដែន។ (រូបថតឯកសារ)

តើផែនទីនោះ វាអាចត្រូវនឹងជាមួយផែនដី បានកម្រិតណា? ហើយអ្នកណាខ្លះដែលដឹងថា ផែនដីក្នុង​ផែនទី​នោះ ស្ថិតនៅកន្លែងណាមួយ ច្បាស់លាស់ឬទេ? នេះជាចម្ងល់ ដែលចោទសួរឡើង ដោយលោក យ៉ង់ គឹមអេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ទាក់ទងនឹងសំនុំរឿងផែនទីព្រំដែន នៃប្រទេស​កម្ពុជា​ដ៏ចម្រូងចម្រាស់។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មន្រ្តីសង្គមស៊ីវិលរូបនេះ បានថ្លែងឡើងថា បើផែនទី និង​ផែនដី​ត្រូវគ្នានោះ វាជាការប្រសើរមួយហើយ តែផ្ទុយមកវិញ បើមិនបានយកផែនទី ទៅផ្ទៀងផ្ទាត់​ជា​មួយ​ផែនដី​ទេ ហើយគិតតែឈ្លោះគ្នា ដោយសំអាងតែផែនទីនោះ ក៏វាគ្មានន័យអ្វីដែរ។ លោក គឹមអេង បាន​ថ្លែង​ឡើង​ថា៖ «កុំមើលក្រដាសហើយឈ្លោះគ្នា។ មើលក្រដាសហើយ ត្រូវធៀបទៅនឹងផែនដី ឲ្យច្បាស់លាស់ រឿង​ទឹកដី។»

លោកអះអាងថា នាំគ្នាសំឡឹងមើលតែលើផែនទី ឯធាតុពិតនៃផែនដីត្រូវបានបាត់បង់ ឬគេរំលោភយកតើអ្វី​ជា​ដំណោះ​ស្រាយ។ លោកថា ដំណោះស្រាយល្អ ត្រូវស្ថិតនៅត្រង់ថា តើប្រវត្តិដីទាំងពីដើមមក ជាដីរបស់​អ្នកណា? ជារបស់វៀតណាម ឬរបស់ខ្មែរ? បើជារបស់ខ្មែរ វៀតណាមគ្មានសិទ្ធិមកទាមទារ ថាជារបស់ខ្លួន​បាន​នោះ​ទេ។ លោកបានបន្ថែមទៀតថា៖ «យើងមានសំអាងច្រើន តាំងពីការរស់នៅ ពីរវប្បធម៌របស់ប្រជាពលរដ្ឋ តាំង​ពី​ស្លាក​ស្នាម​ប្រវត្តិសាស្រ្ត និងសកម្មភាពសង្គមនានា របស់ពលរដ្ឋពីយូរលង់មកនោះ។ ទាំងនេះ មិនអាច​ធ្វើ​ឲ្យ​វៀតណាម​នោះ មកធ្វើការទាមទារជារបស់ខ្លួនបានទេ។»

ការលើកឡើង របស់លោក យ៉ង់ គឹមអេង បានធ្វើឡើង បន្ទាប់ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះជាតិ ក្នុងបណ្តាញទំព័រសង្គមហ្វេសប៊ូក បានបង្ហាញថាផែនទីតម្កល់នៅ UN អាច​ការពារ​ដីខ្មែរ នៅ​តំបន់​«ដាក់ដាំ»បាន។ លោក សំអាន បានសរសេរថា៖ «ផែនទីកម្ពុជា តម្កល់នៅ​អង្គការ​សហ​ប្រជាជាតិ​ (UN) ដែលខ្ញុំបានទទួលគឺផ្ទាំង SRE KHTUM "East" បោះពុម្ភឆ្នាំ១៩៥២ (ស្របតាមមាត្រា២ នៃ​រដ្ឋធម្មនុញ្ញ) ខ្សែព្រំដែន ដើរតាមព្រែកដាក់ហ៊ូត មិនមែនខ្សែព្រំដែន ដើរតាមព្រែកដាក់ដាំ ដូចការអះអាង​របស់​វៀតណាម​នោះទេ។ រដ្ឋាភិបាលអាចប្រើផែនទីតម្កល់ នៅអង្គការសហប្រជាជាតិនេះ និងសេចក្តីសម្រេច របស់​អគ្គទេសា​ភិបាល​បារាំង ប្រចាំឥណ្ឌូចិនឆ្នាំ១៩១៤ ដើម្បីទាមទារដីខ្មែរ ៥១គីឡូម៉ែត្រការេ ពីយួនមកវិញ។»

សូមរំលឹកថា ថ្មីៗនេះ អ្នកនាំពាក្យប្រទេសវៀតណាម បានបង្ហាញថា ដីចំនួន៥១គីឡូម៉ែត្រនៃដំបន់ដាក់ដាំ ជាដី​របស់ប្រទេសវៀតណាម ព្រោះគេមានឯកសារច្បាស់លាស់ សម្រាប់បញ្ជាក់។ ប្រតិកម្មទៅនឹងការ​លើកឡើង​នេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា បានធ្វើការច្រានចោល ដោយ​ចាត់​ទុក​ថានេះជារឿងមិនពិត។ លោកថា ការអះអាងរបស់វៀតណាមនេះ កំពុងតេរំលោភលើសន្ធិសញ្ញា បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែលប្រទេសទាំងពីរ បានធ្វើជាមួយគ្នា។ លោក វ៉ា គឹមហុង បានថ្លែងឡើងថា៖ «យើងចរចា ធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ២០០៥ មានវាក្យខណ្ឌមួយ និយាយយ៉ាងច្បាស់ថា បើតំបន់នោះមិនទាន់​បាន​ឯកភាពគ្នា ភាគីទាំងពីរបន្តការចរចា ដើម្បីរកដំណោះស្រាយ នៅតំបន់ដែលនៅប្រទាញប្រទង់គ្នា ដាក់ដាំ ដាក់ហ៊ូត​ហ្នឹង។ (...) ឥឡូវអំណះអំណាងថា ជារបស់គាត់ (វៀតណាម) ពេញសិទ្ធិរបស់គាត់ វាអត់ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ។»

ចំពោះការអះអាងរបស់លោក វ៉ា គឹមហុងនេះ ត្រូវបាន លោក យ៉ាង គឹមអេង ទទួលស្គាល់ថា ពិតជាមានភាព​ម៉ឺងម៉ាត់ រឹងមាំមែន។ យ៉ាងណា លោកចោទជាសំនួថា តើភាពរឹងមាំ និងការប្រាដកប្រជានេះ មានកំរិតត្រឹម​ណា? លោក គឹមអេង បានបញ្ចាក់ថា៖ «ភាពស្ងាត់ស្ងៀមរបស់កម្ពុជា ដែលកំពុងបណ្តែតបណ្តោយ ឲ្យ​វៀតណាម​ធ្វើអ្វីស្រេចនឹងចិត្តនោះ នឹងធ្វើឲ្យគេលែងជឿ ហើយរដ្ឋាភិបាល(កម្ពុជា)នេះ អស់មានអ្នកជឿ ព្រោះ​តែ​បាន​ប្រកាសថាជាដីខ្មែរ តែវៀតពានជាអ្នកគ្រប់គ្រងនោះ។»

តំណាងរាស្រ្តមណ្ឌលសៀមរាម មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរបន្តថា ក្រៅពីការ​អះអាងតំបន់ដាក់ដាំ ដាក់ហ៊ូត ខេត្តមណ្ឌលគិរី ជាទឹកដីរបស់ខ្លួន វៀតណាមក៏បានធ្វើផ្លូវក្រាលកៅស៊ូ មក​ដល់​ច្រកដាក់ដាំ (ចូលទឹកដីខ្មែរ) ជាប់ព្រែកដាក់ដាំ សាងសង់សាលារៀន និងប្រឡាយទឹកនៅតំបន់នោះ ទោះបី​មាន​ការតវ៉ាពីភាគីកម្ពុជាក៏ដោយ ។

ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់ទទួលស្គាល់ថា តាមឯកសារ របស់​អគ្គទេសសាភិបាលបារំាង ដីនៅតំបន់នោះជាដីរបស់ខ្មែរ។ មន្ត្រីរដ្ឋាភិបាល ទទួលបន្ទុករឿងព្រំដែនរូបនេះ បាន​អះអាង​ថា៖ «យើងមានសេចក្តីសម្រេច របស់អគ្គទេសាភិបាលបារំាងឆ្នាំ១៩១៤។ (...) សេចក្តីសម្រេច របស់​ទេសាភិបាលបារំាង នៅជំនាន់នោះ ជំនាន់អាណានិគម វាជាច្បាប់។ ដល់មានច្បាប់ពីប្រទេសបារំាង យក​ទៅ​សម្រេច កាត់ដីតំបន់ដាក់ដំា ដាក់ហ៊ូត វាជារបស់កម្ពុជារួចទៅហើយ ដូច្នេះយកតែសេចក្តីសម្រេច​ឆ្នាំ​១៩១៤ យកមកជាអំណះអំណាងច្បាប់ រឹងមំារបស់យើង។»

តាមការបញ្ជាក់របស់លោក អ៊ុំ សំអាន ថាពីព្រែកដាក់ដាំ ទៅព្រែកដាក់ហ៊ូត មានផ្ទៃក្រឡាប្រហែល​៥១​គីឡូ​ម៉ែត្រ​ការ៉េ។ ប៉ុន្តែបច្ចុប្បន្ន ដី៥១គីឡូម៉ែត្រការ៉េនោះ គ្រប់គ្រងដោយវៀតណាមទៅហើយ។ ទោះជាយ៉ាងណា ក៏​ដោយ តំបន់នេះមិនទាន់ដោះស្រាយរួចរាល់ និងបោះបង្គោលនៅឡើយទេ។ សព្វថ្ងៃ ព្រំដែនកម្ពុជា​-វៀតណាម​​បណ្តោះអាសន្ន នៅត្រឹមព្រែកដាក់ដាំ។ លោកតំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានឲ្យ​ដឹង​ទៀត​ថា៖ «ជាទម្លាប់ កាលណាយួនកាន់កាប់ដីខ្មែរ តំបន់នោះហើយ យួនមិនដែលប្រគល់ឲ្យខ្មែរវិញទេ ទោះ​ចរចា​ទ្វេភាគី​យ៉ាងណាក៏ដោយ។ ដូច្នេះបើចង់បានដីនោះមកវិញ ជម្រើសមានតែម្យ៉ាងគត់ គឺប្តឹង​ទៅ​តុលាការ​យុត្តិធម៌ អន្តរជាតិ (ICJ)។»

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា​នេះ​ពាក់ព័ន្ធជាមួយនឹងបញ្ហារឿងផែនទី ស្តីពីព្រំដែនត្រូវបានបញ្ចប់ហើយ។ ជាមួយនឹងការព្រមាន លោក​បាន​បន្តែមថា៖ «សម្តេចតេជោ លោកមានប្រសាសន៍ហើយ ខ្ញុំមិនចង់និយាយទៀតទេ។ អ្នកណាថា​រដ្ឋាភិបាល​ប្រើ​ផែនទី​ខុស និងត្រូវជាប់ទោសជាធរមាន។»៕