ទៅ​បន្ទោរបង់​ប្រទះ​គ្រាប់​ចាស់ យក​ដៃ​ទាញ​គន្លឹះ​ផ្ទុះ​របួស​សុះ​ខ្លួន

បុរសម្នាក់រងរបួស ខ្វាក់ភ្នែកម្ខាង និងមានដាច់រលាត់ ស្ទើរសុះខ្លួនទៀត ដោយសាររពឹសដៃ ទៅកេះ​គន្លឺះ​កៃ​គ្រាប់​ចាស់​មួយ បន្ទាប់ពីបានឃើញគ្រាប់នោះ លៀនចេញផុតដី នៅក្នុងដីឡូតិ៍មួយយកន្លែង នាខេត្ត​បន្ទាយមានជ័យ។
ទៅ​បន្ទោរបង់​ប្រទះ​គ្រាប់​ចាស់ យក​ដៃ​ទាញ​គន្លឹះ​ផ្ទុះ​របួស​សុះ​ខ្លួន
បុរសរងគ្រោះ នៅដេកលើវាលស្មៅ និងស្នាមដី ដែលគ្រាប់មិនទាន់ផ្ទុះ បានសងំលាក់ខ្លួន ជាច្រើនឆ្នាំ។ (រូបថត monoROOM.info/ H. Vuthy)

គួរផ្សព្វផ្សាយបន្តៗ ដើម្បីឲ្យបានជ្រួតជ្រាបថា បើប្រទះឃើញគ្រាប់កាំភ្លើង គ្រាប់បែប គ្រាប់មីន ឬអាវុធជាតិផ្ទុះ អ្វី​ក៏​ដោយ ទោះចាស់ឬថ្មី ដាច់ខាតមិនត្រូវយកដៃ ឬរបស់អ្វីផ្សេង ទៅប៉ះឡើយ៖ ខ្លាដែលវានៅដេកស្ងៀម មិន​មែន​ជា​ខ្លាងាប់នោះទេ។

មេរៀនដូចជាករណី របស់បុរសម្នាក់នេះ ឈ្មោះ ចិត្ត អាយុ២៥ឆ្នាំ ដែលលូកដៃចូលទៅឆ្កឹះគន្លឹះគ្រាប់​ចាស់​មួយ​គ្រាប់ រហូតផ្ទុះឡើងសឹងផ្ដាប់យកជីវិត។ បុរសខាងលើនេះ ជាកម្មករសំណង់ ធ្វើការនៅក្នុងបូរី KTH ក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានស្រុកកំណើតនៅ​ភូមិ​ស្រះ​កែវ ឃុំព្រះស្រែ ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាន ដែលនៅផ្ទាល់កន្លែង បានឲ្យដឹងថា នៅថ្ងៃកើតហេតុ បុរសរងគ្រោះចេញពីការរដ្ឋាន​សាង​សង់ តាំងពីព្រលឹម ហើយដើរចូលក្នុងព្រៃ (ខាងជើង បូរី KTH ក្បែរកន្លែងស្នាក់នៅ របស់ក្រុមកម្មករ) ដើម្បី​បត់​ជើង។ នៅម៉ោង ប្រមាណ៦ និង៣០ នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិការនេះ ស្រាប់តែសម្លេងផ្ទុះមួយដ៏ខ្លាំង បាន​ចូល​មក​កន្ត្រាក់អារម្មណ៍ របស់អ្នកស្រុកអ្នកភូមិ នៅទីនោះតែម្ដង។

ក្រោយមក ទើបអ្នកភូមិដឹងថា បុរសរងគ្រោះ បានប្រទះឃើញ គ្រាប់«បែក»មួយគ្រាប់ ដែលសល់ពីសម័យ​សង្គ្រាម លៀនផុតពីដី ហើយបានយកដៃ ទៅកេះគន្លឹះគ្រាប់ ដោយអាការៈសង្ស័យ។ ភ្លាមៗនោះ គ្រាប់ដែល​កប់ អស់រយៈពេលជាច្រើនឆ្នាំ បានផ្ទុះឡើង បណ្តាលឲ្យបុរស រងរបួសធ្ងន់ធ្ងរស្ទើរសុះខ្លូន។

ក្រោយពីកើតហេតុភ្លាមៗ មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងគ្រាប់ផ្ទុះ រួចទូរស័ព្ទហៅឡានពេទ្យ របស់​អង្គការមួយ មកបញ្ជូនអ្នករបួសទៅមន្ទីពេទ្យ បង្អែកក្រុងប៉ោយប៉ែតជាបន្ទាន់។ តែអ្នករបួស ត្រូវបានគ្រូពេទ្យ​បញ្ជូន​បន្ត ទៅកាន់មន្ទីពេទ្យកម្ពុជាជប៉ុន នៅស្រុកមង្គលមូរី ដោយសារស្ថានភាពធ្ងន់ធ្ងរ។

មន្ត្រីអាជ្ញាធរមួយរូប បានសំណូមពរ​ដល់ប្រជាពលរដ្ឋទាំងអស់ មិនថានៅទីនេះ ឬនៅទីណាទេ បើជួបប្រទះ គ្រាប់ ឬអាវុធជាតិផ្ទុះ ត្រូវផ្តល់ដំណឹងទៅមន្រ្តីមូលដ្ឋានជាបន្ទាន់ ដើម្បីដោះស្រាយ កុំឲ្យមានគ្រោះថ្នាក់ ដូច​ករណី​ខាង​លើនេះកើតឡើង៕