បើក​ឡាន​ជែង​លឿន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី ស្លាប់​ម្នាក់​រួច​រត់​គេច​ខ្លួន

រថយន្ដ ប៉ាហ្សេរ៉ូ មួយគ្រឿង ដែលបើកជែងក្នុងល្បឿនដ៏លឿន បានជ្រុលចង្គូត ទៅបុករ៉ឺម៉កកង់បី ដែល​កំពុង​បើក​បញ្ច្រាស​គ្នា ចំ​ពី​មុខ​ពេញ​ទំហឹង បណ្តាលឲ្យមនុស្សម្នាក់​ស្លាប់ភ្លាមៗ។ ចំណែកម្ចាស់ឡានបង្ក បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ដោយ​ទុក​ចោល​រថយន្ដ​ខ្លួន នៅនឹងកន្លែងកើតហេតុ។
បើក​ឡាន​ជែង​លឿន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី ស្លាប់​ម្នាក់​រួច​រត់​គេច​ខ្លួន
រថយន្ដទំនើប បើកវ៉ាមិនមើលខាងមុខ ទៅបុករ៉ឺមកកង់បី បណ្ដាលឲ្យម្ចាស់រ៉ឺមកស្លាប់ភ្លាមមួយរំភេច។ (រូបថត monoROOM.info/ H. Vuthy)

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះជាម្ចាស់កង់បីឈ្មោះ សេង សន អាយុ៣១ឆ្នាំ រស់​នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វារៀង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១០ និង​៣០ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវជាតិ លេខ០២ ចំណុចគីឡូមែត្រលេខ ២៨-២៩ ក្នុង​ភូមិ​ខ្លុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពបានបញ្ជាក់ ឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញឡានបង្កធុន ប៉ាហ្សេរ៉ូ មួយគ្រឿងពណ៍ស លាយ​ខៀវ ស្លាកលេខភ្នំពេញ ២F-១៦០២ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ពីអ្នកលឿង​មក​ភ្នំពេញ។ លុះមកដល់កន្លែងកើតហេតុ ឡានបង្ករបានបើកលឿន សំដៅជែងឡានមួយគ្រឿងទៀត ដែលបើក​ស្របគ្នា តែបានជ្រុលចង្គូត ទៅបុករ៉ឺម៉កកង់បីខាងលើ ដែលកំពុងបើក​នៅចំហៀងផ្លូវម្ខាង ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើករ៉ឺមកស្លាប់មួយរំពេច។

ភ្លាមៗក្រោយពីដឹងថា ម្ចាស់កង់បីរងរបួសធ្ងន់ រហូតដល់ស្លាប់ ម្ចាស់ឡានខាងលើ បានរត់គេចខ្លូនបាត់​ស្រមោល បន្សល់រថយន្ដរបស់ខ្លួន នៅជាមួយសាកសព នៅកន្លែងកើតហេតុ។ ក្រោយពីហេតុការណ៍នេះ ក្រុម​នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានចុះវាស់វែង​ធ្វើកំណត់ហេតុ រួចប្រគល់សាកសពបុរសរងគ្រោះ ជូន​ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំងអស់ សមត្ថកិច្ចបានប្រមូល ទៅរក្សារ​ទុក​នៅ​ការិយាល័យស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្ដបង្ក មកដោះស្រាយតាមច្បាប់៕