បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាក់​សម្លាប់​យក​សព​ទៅ​ផ្លុ​ង​ចោល​ក្នុងព្រៃ​កៅស៊ូ​

​ខេត្ត​ត្បូងឃ្មុំ​៖ សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ និង​ចាក់​សម្លាប់​រួច​ដឹក​យកទៅ​ផ្លុ​ង​ចោល​នៅក្នុង​រណ្តៅ​ដីព្រៃ​ចំការកៅស៊ូ​មួយកន្លែង​ក្បែរផ្លូវ​ជាតិ​លេខ​៧​បង្គោល​លេខ​១៨២​។ ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥ នាទី ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង ភូមិ​ប្រ​សិត​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​បុរស​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហើយ​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ឃើញថា​សព​ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ទេ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម​ចាក់​នឹង​វត្ថុ​មុត​ស្រួច បណ្តាល​ឲ្យ​ធ្លាយ​ដើមទ្រូង​ខាងឆ្វេង និង​មាន​ស្នាម​ជាំ​ជាច្រើន កន្លែង​ទៀត​ដោយ​សន្និដ្ឋានថា​ជា​ករណី​ប្លន់​ឬ​ជា​រឿង​គំនុំ​អ្វីមួយ​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ​សព​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​សមត្ថ កិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​បាត់​សមាជិក​ក្នុង​គ្រួសារ​ដូច​មាន​ភិនភាគ​ខាងលើ​សូម​មក​ទំនាក់ទំនង​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​៕ ​

KA-17-11-2015-04 KA-17-11-2015-05 KA-17-11-2015-06