បាល់ទាត់៖ ក្រុមជម្រើសជាតិ​បារាំង​ទៅប្រកួត​ជាមួយ​អង់គ្លេស​៤ថ្ងៃ​ក្រោយ​ភេរវកម្ម​ក្រៅការ​ប្រកួត​នៅ​ប៉ារីស

នៅ​ប៊ែលហ្ស៊ិក ការប្រកួតបាល់ទាត់​មិត្ត​ភាព​រវាង​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ិក និង​អេស្ប៉ាញ​ត្រូវ​បាន​គេ​លុបចោល​វិញ ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ក៏ប៉ុន្តែ ការប្រកួត​​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង និង​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍ នៅយប់ថ្ងៃ​អង្គារ​នេះ​ត្រូវ​បាន​គេ​​រក្សា​ទុក​ដដែល។ ទោះជាយ៉ាងណា ការប្រកួតនេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​បរិយាកាស​ពិសេស ដោយសារ​តែ​គេ​នៅមិនទាន់​ភ្លេចទេ​ថា ការប្រកួត​រវាង​បារាំង និង​អាល្លឺម៉ង់ នៅ​ប៉ារីស កាល​ពីយប់ថ្ងៃ​សុក្រ គឺ​ជា​ចំណុច​ស៊ីប​មួយ​របស់​ភេរវជន។ គឺ​នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​នោះហើយ​ដែល​ ភេរវជន​អត្តឃាត​ ៣នាក់ បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រៅ​ពហុកីឡាដ្ឋាន ហើយ​កីឡាករ​ជម្រើស​ជាតិ​បារាំង​ខ្លះ មាន​សាច់ញាតិ​ត្រូវ​រងគ្រោះ​ដោយ​ភេរវកម្មនៅ​ប៉ារីសនេះ។