អាជ្ញាធរ​អប្សរា​បារម្ភ​ពី​បញ្ហា​ខ្វះ​ទឹក​ដើម្បី​ជួយ​ការពារ​គ្រឹះ​ប្រាសាទ​បុរាណ​នៅ​សៀមរាប

ទឹក​ភ្លៀង​មាន​កម្រិត​តិចតួច​ក្នុង​ឆ្នាំ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្រូវ និង​ផលដំណាំ​របស់​កសិករ​តាម​បណ្ដា​ខេត្ត​ខ្លះ បាន​ផល​តិចតួច​ប៉ុណ្ណោះ​ទេ កម្រិត​ទឹកភ្លៀង​ដែល​ធ្លាក់​តិច​ជាង​កាល​ពី​ឆ្នាំ​មុន​នេះ បាន​ធ្វើ​ឱ្យ​នៅ​តាម​តំបន់​រមណីយដ្ឋាន និង​ប្រាសាទ​បុរាណ​ខ្លះ ក្នុង​ខេត្ត​សៀមរាប ក៏​ខ្វះ​ទឹក​សម្រាប់​ទ្រទ្រង់​សំណង់​បុរាណ​ផង​ដែរ។

មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ជួយ​ដល់​គ្រឹះ​ប្រាសាទ​បុរាណ​នានា ឱ្យ​រឹងមាំ​សម្រាប់​រដូវ​ប្រាំង​នៃ​ចុង​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦។ ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់ពី​គេ​មើល​ឃើញ​ថា ពេល​បច្ចុប្បន្ន ទឹក​ដែល​គេ​បាន​ស្តុក​ទុក​ដើម្បី​ការពារ​គ្រឹះ​ប្រាសាទ​បុរាណ គឺ​នៅ​សល់​កម្រិត​តិច​ជាង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

​មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១៧ ខែ​វិច្ឆិកា ថា កាល​ពី​រដូវវស្សា​ដើម​ឆ្នាំ​២០១៥ កន្លង​ទៅ គឺ​ទឹក​ភ្លៀង​បាន​ធ្លាក់​កម្រិត​តិចតួច បណ្ដាល​ឱ្យ​នៅ​តាម​រមណីយដ្ឋាន និង​ប្រាសាទ​បុរាណ មាន​ទឹក​នៅ​សេសសល់​តិចតួច​ដែរ។ ការ​ខ្វះ​ទឹក​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​មាន​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​គំរាមកំហែង​ទៅ​លើ​ប្រាសាទ​បុរាណ។

លោក ឡុង កុសល បញ្ជាក់​ថា ទឹក​មាន​សារសំខាន់​មួយ​ផ្នែក​ក្នុង​ការ​ជួយ​ដល់​ប្រាសាទ​បុរាណ ពីព្រោះ​គ្រឹះ​នៃ​ប្រាសាទ​បុរាណ​ទាំង​អស់ គឺ​ជា​ដី​ខ្សាច់ ហើយ​ប្រសិនបើ​ដី​ខ្សាច់​ស្ងួត វា​នឹង​ធ្វើ​ឱ្យ​ផុស អាច​ប្រេះ ឬ​ស្រុត​គ្រឹះ​ប្រាសាទ​បាន៖ «បើសិនជា​ខ្សាច់​ហ្នឹង​មាន​ទឹក​ពេញ ហើយ​សើម​ជាប់​រហូត គឺ​អត់​ស្រុត​អត់​អី​ទៅ​ណា​ទេ។ អ៊ីចឹង​ទឹក​ហ្នឹង​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ប្រាសាទ​បុរាណ»។​

ទំនប់​ទឹក បារាយណ៍ សៀមរាប ៦២០
ទំនប់​ទឹក​នៅ​ក្នុង​តំបន់​បារាយណ៍​ខាង​លិច ដែល​បង្ហូរ​ទៅ​ចូល​បារាយណ៍​ទឹក​ថ្លា។ រូបថត​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Hang Savyouth

មន្ត្រី​អាជ្ញាធរ​អប្សរា​ឱ្យ​ដឹង​ថា ប្រាសាទ​បុរាណ​ខ្លះ ដែល​បុព្វបុរស​ខ្មែរ​សាងសង់​ឡើង គឺ​មាន​កសិណ​ទឹក ដូចជា​ប្រាសាទ​នាគព័ន្ធ ប្រាសាទ​អង្គរវត្ត និង​ស្រះស្រង់​ជាដើម ក៏ប៉ុន្តែ​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ គេ​មាន​ការ​ព្រួយបារម្ភ​ដោយសារ​តែ​កម្រិត​ទឹក​នៅ​តាម​ប្រាសាទ​ទាំង​នេះ​មាន​តិចតួច​ណាស់។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជំនាញ​ផ្នែក​ទឹក និង​ព្រៃឈើ របស់​អាជ្ញាធរ​អប្សរា គឺ​លោក ហង្ស ពៅ ដើម្បី​សុំ​ការ​អធិប្បាយ​បាន​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

ចំណែក​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​តែង​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​ប្រាសាទ​បុរាណ លោក រ៉េត សាមុត ឱ្យ​ដឹង​ថា ទឹក​ដែល​នៅ​តាម​ប្រាសាទ​បុរាណ​មិន​ត្រឹមតែ​អាច​ជួយ​ទាក់ទាញ​អារម្មណ៍​អ្នក​ទេសចរណ៍ ឱ្យ​សប្បាយ​រីករាយ និង​ក្បង់​លុបមុខ​ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​មាន​អត្ថន័យ​យ៉ាង​ធំធេង​ទាក់ទង​នឹង​លទ្ធិ​សាសនា​ដែរ។

លោក រ៉េត សាមុត បញ្ជាក់​ថា ជា​ការ​ពិត​ណាស់ នៅ​តាម​ប្រាសាទ​បុរាណ គឺ​មិន​អាច​ខ្វះ​ទឹក​បាន​ទេ៖ «បើ​សិន​ជា​មាន​ទឹក​រួម​ផ្សំ​ជាមួយ គឺ​វា​ធ្វើ​ឱ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់ វា​មាន​ប្រាសាទ​វា​មាន​ទឹក ពីព្រោះ​ទឹក គឺ​ជា​និមិត្ត​រូប​តំណាង​ឱ្យ​ម្ដាយ រី​ឯ​តួ​ប្រាសាទ គឺ​តំណាង​ឱ្យ​ឪពុក»

​មន្ត្រី​អាជ្ញាធរ​អប្សរា​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​ទាញ​យក​ទឹក​មក​ពី​ប្រភព ៣​កន្លែង ដូចជា​ពី​ស្ទឹង​សៀមរាប ស្ទឹង​រលួស និង​ស្ទឹងពួក ដែល​មាន​ប្រភព​ពី​ភ្នំ​គូលែន ដើម្បី​បញ្ចូល​មក​តាម​តំបន់​ប្រាសាទ​បុរាណ​នានា ព្រម​ទាំង​បញ្ជូន​ទៅ​ស្តុក​នៅ​តំបន់​បារាយណ៍​ខាង​លិច​ផង។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា នៅ​ក្នុង​រដូវ​ប្រាំង​ចាប់​ពី​ចុង​ឆ្នាំ​២០១៥ រហូត​ទៅ​ដល់​ជិត​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ខាង​មុខ គេ​មើល​ឃើញ​ថា កម្រិត​ទឹក​សម្រាប់​បញ្ចូល​ដើម្បី​ជួយ​ទ្រទ្រង់​រមណីយដ្ឋាន និង​ប្រាសាទ​បុរាណ គឺ​មាន​កម្រិត​តិច​ជាង​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។